កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

(តូក្យូ, ជប៉ុន)៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា នៅប្រទេសជប៉ុន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre: AJC) ទីក្រុងតូក្យូ ប្រទេសជប៉ុ និងមានការអញ្ជើញចូលរួម ថ្លែងសុន្ទរកថាគាំទ្រពី ឯកឧត្តម HIRABAYASHI Kunihiko អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association: JCA)។

Advertisement


កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ នៃគម្រោង «ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com» ក្រោមការគាំទ្រពី CBRD Fund និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងសមាគមជប៉ុន-កម្ពុជា (JCA)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពី CambodiaTrade.com ដែលជាថ្នាលពាណិជ្ជកម្មឌីជីថលជាតិរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសហគ្រាសកម្ពុជា ជាពិសេសផលិតផល #MadeInCambodia និង #MadeByHer ឱ្យអាចឈានចូលទីផ្សារអន្តរជាតិបានកាន់តែងាយស្រួល។ អ្នកទិញជប៉ុនជាច្រើនបានទទួលការណែនាំអំពីការប្រើប្រាស់ថ្នាល CambodiaTrade.com ចាប់ពីការចុះឈ្មោះ បង្កើតគណនី រហូតដល់ការបញ្ជាទិញផលិតផលដោយផ្ទាល់តាមប្រព័ន្ធអនឡាញ។ ដោយឡែក តាមរយយៈ​កម្មវិធី Business Matching បានផ្តល់ឱកាសឱ្យសហគ្រាសកម្ពុជា និងអ្នកទិញជប៉ុនជួបពិភាក្សាដោយផ្ទាល់ ដើម្បីស្វែងរកដៃគូអាជីវកម្មថ្មី ពង្រីកបណ្តាញពាណិជ្ជកម្ម និងពិភាក្សាអំពីលទ្ធភាពនាំចេញផលិតផលកម្ពុជាចូលទីផ្សារជប៉ុន។


លោកជំទាវ ជា រដ្ឋា បានឱុំ្យដឹងថា ជាលទ្ធផលជាក់ស្តែង បន្ទាប់ពីបញ្ចប់កម្មវិធីសហគ្រាសកម្ពុជាមួយចំនួនបានទទួលការទំនាក់ទំនងបន្តពីអ្នកទិញជប៉ុន។ ជាក់ស្តែង ក្រុមហ៊ុន ANON Cambodia បានទទួលអ៊ីមែលពីអ្នកទិញជប៉ុនដែលបានបង្ហាញចំណាប់អារម្មណ៍លើប្រេងក្រអូប (Aroma Oils) និងបានចាប់ផ្តើមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្មនៅប្រទេសជប៉ុន។ លើសពីនេះ អ្នកទិញជប៉ុនក៏បានបង្ហាញការចាប់អារម្មណ៍លើផលិតផលកម្ពុជាផ្សេងៗទៀត រួមមាន កាហ្វេមណ្ឌលគិរី ទឹកឃ្មុំព្រៃមណ្ឌលគិរី និងសូត្រខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់ផលិតផលកម្ពុជាក្នុងទីផ្សារជប៉ុន។


ក្នុងអំឡុងបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សានៅតាមផ្សារទំនើប ហាងលក់រាយ និងបណ្តាញចែកចាយផលិតផលនៅប្រទេសជប៉ុន ដើម្បីសិក្សាអំពីការរៀបចំតាំងបង្ហាញផលិតផល ការរចនាវេចខ្ចប់ យុទ្ធសាស្ត្រទីផ្សារ និងនិន្នាការអ្នកប្រើប្រាស់ជប៉ុន ដែលជាចំណេះដឹងដ៏មានតម្លៃសម្រាប់ការលើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។


នៅក្នុងដំណើរបេសកកម្មខាងលើនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងថ្នាល CambodiaTrade.com ជាឧបករណ៍សំខាន់សម្រាប់ជំរុញការនាំចេញ ពង្រីកទីផ្សារអន្តរជាតិ និងភ្ជាប់សហគ្រាសកម្ពុជាទៅកាន់អ្នកទិញជុំវិញពិភពលោក ស្របតាមទិសដៅអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា និងគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។

យោងរបាយការណ៍អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ​ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ កន្លងទៅនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន សម្រេចបានទឹកប្រាក់ជាង ១,២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧,២% ដោយក្នុងនោះ ទំនិញកម្ពុជានាំចេញទៅជប៉ុនមានតម្លៃ  ​៧៦៦ ​លានដុល្លារ ​កើនឡើង ២០,៦% ​ចំណែកឯជប៉ុននាំចូលមកកម្ពុជាវិញ​ មានតម្លៃ​ ៤៣៤ ​លានដុល្លារ​ កើន ១១,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា