កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ ៖ ទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ។ នេះបើយោងតាមលទ្ធផលនៃកិច្ចជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា។

Advertisement

ក្នុងជំនួបពិភាក្សានេះបានកត់សម្គាល់នូវសសរស្តម្ភគន្លឹះចំនួន ៣ ដែលនឹងកំណត់វាសនានៃរំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមមាន ភស្តុភារកម្មឆ្លងដែន របៀង ពាណិ​ជ្ជកម្ម និងសន្តិសុខថាមពលតំបន់។ សម្រាប់តែវិស័យភស្តុភារកម្ម (Logistics) ភាគីទាំងពីរបានឯកភាពគ្នាលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្របសម្រួល (Multimodal Connectivity) ការជំរុញទន្ទឹមគ្នានូវប្រព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក រួមជាមួយការកាត់បន្ថយរបាំងមិនមែនពន្ធគយ ការធ្វើសាមញ្ញកម្ម (Simplification) នៃនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

កន្លងមក ថ្លៃដើមភស្តុភារកម្មខ្ពស់ និងភាពយឺតយ៉ាវនៃនីតិវិធីគយនៅតាមព្រំដែន គឺជាឧបសគ្គចម្បងក្នុងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាដំណោះស្រាយ ភាគីទាំង២ បានព្រមព្រៀងរៀបចំយុទ្ធសាស្ត្រថ្មីដើម្បីអាចកាត់បន្ថយទាំងពេលវេ​លា​ និងថ្លៃដើមភស្តុភារកម្ម (Logistics Costs) ដែលធ្វើឱ្យទំនិញដោះដូររវាងកម្ពុជា-ឡាវ មានភាពប្រកួតប្រជែងខ្ពស់ជាងមុន និងបង្កើនរំហូរទេសចរណ៍បើកបរដោយផ្ទាល់ខ្លួន (Self-drive tourism) ។

យ៉ាងណាក៏ដោយ បើទោះបីជាមានព្រំដែនជាប់គ្នាក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវ នាពេលកន្លងមកនៅមានកម្រិតទាបនៅឡើយបើធៀបនឹងសក្តានុពលពិតប្រាកដ។ យុទ្ធសាស្ត្រ​ថ្មីផ្តោតលើការបង្កើតដៃគូយុទ្ធសាស្ត្រ (Strategic Partnerships) ជំរុញឱ្យសហគ្រាស និងវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នា ជាជាងការប្រកួតប្រជែង។ ការបង្កលក្ខណៈងាយស្រួល (Business Facilita​tion)ដោយបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែងរកកាលានុវត្តភាពថ្មីៗ។​ដោយឡែក សមាហរណកម្មវិស័យថាមពលឆ្ពោះទៅរកបណ្តាញអគ្គិសនីអាស៊ាន(ASEAN Power Grid)​​​ឡាវ ត្រូវបានគេស្គាល់ថាជា អាគុយនៃអាស៊ីអាគ្នេយ៍ ដោយសារមានសក្តានុពលវារីអគ្គិសនីដ៏មហាសាល ខណៈកម្ពុជាមានតម្រូវការថាមពលខ្ពស់សម្រាប់គាំទ្រដល់ភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងកម្មន្តសាល។ កិច្ចពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) នឹងជួយធានាសន្តិសុខថាមពលរបស់កម្ពុជា។ ការបែងចែកប្រភពថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទាក់ទាញវិនិយោគិនអន្តរជាតិ ដែលគិតទៅដល់ពីបរិស្ថាន (ESG Investors)។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ប្រធានលេខាធិការដ្ឋានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានប្រាប់បណ្តាញព័ត៌មាន AMS ថា អ្វីជាសំខាន់ការ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការការដឹកជញ្ជូនទំនិញកម្ពុជាឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសចិន ដែលកិច្ចការនេះមិនទាន់ជោគជ័យនៅឡើយទេ​ ដោយ​សារការដឹកជញ្ជូនកុងតឺន័រតាមផ្លូវដែកនៅមានតម្លៃថ្លៃ ខណៈការដឹកជញ្ជូនតាមផ្លូវទឹកនៅមានដំណើរការជាធម្មតា ប៉ុន្តែត្រូវចំណាយពេលវេលាច្រើន។

ឧកញ៉ាបណ្ឌិតបានបន្តថា ៖

«យើងគិតផ្ដោតលើផ្លូវគោកជាសំខាន់ ដើម្បីអាចឱ្យការដឹកជញ្ជូនតាមផ្លូវគោក ដែលមានទំនិញខ្លះមកពីតំបន់ផ្សេងៗ មានភាពងាយស្រួលក្នុងការដឹកជញ្ជូន ហើយចំណាយពេលវេលាខ្លីទៀតផង។ ការធ្វើពាណិជ្ជកម្មដោយដឹកជញ្ជូនតាមផ្លូវរថភ្លើង និងផ្លូវគោកមានរយៈពេលខ្លីចំណេញពេលវេលា ពោល គឺការធ្វើពាណិជ្ជកម្មនេះសំខាន់ណា​ស់​ ។ បើចំណេញពេលវេលា ដូចយើងចំណេញទឹកប្រាក់ដូច្នេះដែរ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីការពន្លឿនហេដ្ឋារចនាសម្ព័ន្ធរួមគ្នារវាងកម្ពុជា និងឡាវ គឺជាគម្រោងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ  (IFC) ដែលជាច្រកមួយសម្រាប់ដឹកជញ្ជូនឆ្លងកាត់ក្នុងតំបន់ទៅកាន់ប្រទេសចិន និងតភ្ជាប់អាស៊ានផងដែរ។ វាជាគោលដៅការអនុវត្តការតភ្ជាប់មួយដ៏ល្អដែលអាចឲ្យឡាវមានរំហូរទំនិញមកកំពង់ផែកំពង់សោមផងដែរ។

អ្នកឧកញ៉ាបញ្ជាក់ថា ៖

«នេះជាសញ្ញាល្អជាបណ្ដើរៗ ចំពោះភាពរីកចម្រើនទៅមុខទៀត ការតភ្ជាប់នេះ នឹងមានផលចំណេញច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹកទៅចិន ឬទៅបណ្ដាប្រទេសផ្សេងៗទៀត»។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង ក៏បានបញ្ចេញទស្សនទានផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គួរសិក្សាលទ្ធភាពតភ្ជាប់បណ្ដាញផ្លូវរថភ្លើងទៅកាន់មជ្ឈមណ្ឌលភស្តុភាកម្មដែលមានគម្រោងបង្កើតរហូតទៅដល់១១ទីតាំង ដើម្បីតភ្ជាប់ទៅតាមមជ្ឈមណ្ឌលទាំងអស់ និងតាមបណ្ដាខេត្តដែលមានសក្តានុពល ព្រោះការដឹកជញ្ជូនតាមផ្លូវដែកអាចមានតម្លៃថ្លៃដើមទាបអាចប្រកួតប្រជែងបាន ។ ដូច្នេះ ផ្លូវរថភ្លើងជាលក្ខណៈស្តង់ដារល្អ ផ្លូវរត់អាចតភ្ជាប់ក្នុងតំបន់អាស៊ានពីអាស៊ីអាគ្នេយ៍ទៅបណ្ដាប្រទេសអាស៊ីបាន និងអាចចេញទរហូតទៅដល់រ៉ុបខាងកើតផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា