ភ្នំពេញ៖ កម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌអន្តរជាតិសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) រួចរាល់ហើយ ខណៈរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយករយៈពេល ៥ ឆ្នាំ ដើម្បីត្រៀមខ្លួនចាកចេញនៅឆ្នាំ ២០២៩ ក្នុងគោលដៅពង្រឹងសមត្ថភាពប្រកួតប្រជែង និងត្រៀមទទួលយកបរិយាកាសសេដ្ឋកិច្ចថ្មី។
ថ្លែងក្នុងវេទិកា «ធុរកិច្ចនិងវិនិយោគអន្តរជាតិកម្ពុជា ២០២៦» នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាត្រូវបានចាត់ចូលជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩១។ ក្រោយមក នៅឆ្នាំ ២០២១ កម្ពុជាបានបំពេញលក្ខខណ្ឌវិនិច្ឆ័យជាលើកដំបូង ហើយក្នុងការវាយតម្លៃលើកទី ២ នៅឆ្នាំ ២០២៤ ក៏ត្រូវបានអនុម័តឱ្យចាកចេញពីចំណាត់ថ្នាក់នេះផងដែរ។
សម្ដេចធិបតីបានឱ្យដឹងថា បន្ទាប់ពីការវាយតម្លៃនៅឆ្នាំ ២០២៤ កម្ពុជាមានជម្រើសពីរសម្រាប់កំណត់ពេលវេលាចាកចេញ គឺការប្រើរយៈពេល ៣ឆ្នាំ ដើម្បីចាកចេញនៅចុងឆ្នាំ ២០២៧ ឬប្រើរយៈពេល ៥ ឆ្នាំ ដើម្បីចាកចេញនៅឆ្នាំ ២០២៩។
ក្រោយពីការសិក្សាវិភាគយ៉ាងម៉ត់ចត់ និងពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកជម្រើសទី ២ ដើម្បីទុកពេលវេលាបន្ថែមសម្រាប់រៀបចំខ្លួន មុនពេលចូលទៅក្នុងបរិយាកាសប្រកួតប្រជែងថ្មី។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ការពន្យារពេល ២ ឆ្នាំបន្ថែមនេះ មិនមែនដើម្បីបន្តទទួលបានភាពអនុគ្រោះ ឬភាពស្រណុកស្រួលនោះទេ ប៉ុន្តែជាការប្រើប្រាស់ពេលវេលាដើម្បីពង្រឹងសមត្ថភាពជាតិ និងធានាថា កម្ពុជាអាចប្រកួតប្រជែងបាននៅពេលបាត់បង់អត្ថប្រយោជន៍មួយចំនួនដែលទទួលបានក្នុងនាមជាប្រទេស LDC ជាពិសេសការអនុគ្រោះពាក់ព័ន្ធនឹងការនាំចេញ។
សម្ដេចធិបតីបានលើកឡើងថា កម្ពុជាមិនអាចបន្តរស់នៅក្រោមចំណាត់ថ្នាក់ជាប្រទេសក្រីក្រ ដើម្បីទទួលបានការអាណិតអាសូរ និងភាពអនុគ្រោះជារៀងរហូតនោះទេ ប៉ុន្តែត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីឈានទៅប្រកួតប្រជែងដោយមានភាពរឹងមាំ។ ការចាកចេញពី LDC ទោះបីនឹងនាំមកនូវការប្រកួតប្រជែងកាន់តែតឹងរឹងក៏ដោយ ក៏អាចជំរុញឱ្យកម្ពុជាបង្កើតឱកាសថ្មីៗ និងពង្រឹងការវិនិយោគទាំងក្នុងស្រុក និងពីបរទេសផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាបានបំពេញលក្ខខណ្ឌទាំងបីដែលអង្គការសហប្រជាជាតិប្រើប្រាស់សម្រាប់វាយតម្លៃការចាកចេញពីចំណាត់ថ្នាក់ LDC រួចរាល់ហើយ។
លក្ខខណ្ឌទី១ គឺចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income per Capita) ដែលតម្រូវឱ្យមានយ៉ាងតិច ១,២២២ ដុល្លារអាម៉េរិក ប៉ុន្តែកម្ពុជាសម្រេចបាន ២,៧៥០ ដុល្លារអាម៉េរិកនៅឆ្នាំ ២០២៦។
លក្ខខណ្ឌទី២ គឺសន្ទស្សន៍ទ្រព្យមនុស្ស (Human Asset Index) ដែលតម្រូវឱ្យមានយ៉ាងតិច ៦៦ ពិន្ទុ ខណៈកម្ពុជាទទួលបាន ៧៧,៨ ពិន្ទុ។ រីឯលក្ខខណ្ឌទី៣ គឺសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន (Economic and Environmental Vulnerability Index) ដែលតម្រូវឱ្យមានពិន្ទុក្រោម ៣២ ខណៈកម្ពុជាមានត្រឹម ២២,១៥ពិន្ទុ។
សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា ការកំណត់ឆ្នាំ ២០២៩ ជាពេលវេលាចាកចេញពី LDC គឺជាការទុកពេលឱ្យកម្ពុជារៀបចំមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីធានាថា កម្ពុជាអាចឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ និងការប្រកួតប្រជែងអន្តរជាតិដោយមានការត្រៀមលក្ខណៈគ្រប់គ្រាន់៕























