កម្ពុជា បើកដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសទី៧ នៅខេត្តកំពង់ធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បើកដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសទី៧ នៅខេត្តកំពង់ធំ

កម្ពុជា បើកដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសទី៧ នៅខេត្តកំពង់ធំ

កំពង់ធំ ៖ រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY និងជារោងចក្រចម្រាញ់រ៉ែមាសទី៧នៅកម្ពុជា បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ។

Advertisement

សូមជ្រាបថា ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងបានរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែមាសតែម្ដង។

យោងតាមសេក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក បានវិនិយោគជាមួយដើមទុនសរុបប្រមាណ ៤០លានដុល្លារអាមេរិក ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់។

ដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសមួយនេះ បាន និងកំពុងអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍មូលដ្ឋានផងដែរ។​ សមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា បង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ច-សង្គម ផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។

នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គ មហា-សេ នាបតីតេជោ ហ៊ុន សែន និងដឹកនាំបន្តដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការទាក់ទាញការវិនិយោគទ្រង់ទ្រាយធំ និងទ្រង់ទ្រាយមធ្យមជាបន្តបន្ទាប់នៅក្នុងវិស័យធនធានរ៉ែ។

ក្រុមហ៊ុន CAMBODIAN K88 INDUSTRY ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាសក្នុងតំបន់មាស ភ្នំជី ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ តំបន់ភ្នំជី ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ជាតំបន់ដែលមានសក្តានុពលរ៉ែមាសខ្ពស់បំផុតមួយនៅកម្ពុជា)។ ក្រុមហ៊ុនប្រើបច្ចេកវិទ្យាទំនើបដែលនាំចូលពីបរទេស ដើម្បីចម្រា​ញ់រ៉ែក្នុងទ្រង់ទ្រាយធំ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

យោងតាមផែនការផលិតកម្មដែលបានចុះបញ្ជី ក្រុមហ៊ុនមានគម្រោងផលិតមាសក្នុងបរិមាណផលិត ៣០០ គីឡូក្រាម ក្នុងមួយឆ្នាំ។ សម្រាប់ប្រភេទមាសដែលផលិតបានជាមាសដុំពាក់កណ្តាលសម្រេច (Gold DORE Bars) ដែលមានកម្រិតភាពសុទ្ធខ្ពស់។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា  មានក្រុមហ៊ុនចំនួន ៧ ដែលទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការចម្រាញ់មាសជាលក្ខណៈឧស្សាហកម្ម រួមមាន៖ ១.Renaissance Minerals (មណ្ឌលគិរី) – ជាក្រុមហ៊ុនធំជាងគេបង្អស់។ ២. Xinshan Industrial (ព្រះវិហារ) ៣. Delcom Cambodia (ព្រះវិហារ) ៤. Rong Cheng (មណ្ឌល​គិរី)។ ៥. Xing Yuan (ក្រចេះ) ៦. Late Cheng Mining (កំពង់ធំ) ៧. Cambodian K88 Industry (កំពង់ធំ)៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា