កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​

កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​

​​​កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ​ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផ្គុំ​ ​និង​ដំឡើង​រថយន្តក្នុង​ស្រុក​ ​និង​មាន​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់ ​ជំនួស​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ ​និង​ផ្គុំ​រថយន្ត​ពេញលេញ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​។

​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​កំពុង​ពិចារណា​ថា​តើ​គួរ​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​បន្ថែម​អ្វី​ខ្លះ​ដល់​គម្រោង​វិនិយោគ​រោងចក្រ​ផ្គុំ​ ​និង​ដំឡើង​រថយន្ត​ទាំង ​១៥ ​ដែល​មាន​នៅ​កម្ពុជា ​ដើម្បីឱ្យ​គម្រោង​ទាំងនេះ​អាច​រស់រាន​ ​បន្ត​ដំណើរការ ​និង​ផ្តល់​ផលប្រយោជន៍​ត្រឡប់​មក​កម្ពុជា​វិញ​។

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​បែបនេះ​ ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ផ្គុំ ​និង​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន​ ធី​អេច ​អូ​តូ​ម៉ូធីវ ​មេ​នូហ្វេក​ឆឺរីង ​ឯ​.​ក ​និង​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​ម៉ាក​ ​GA​C ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​នេះ​។​

​សម្តេច​ធិបតី​បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​អាច​ស្វែងរក​វិធានការ​បន្ថែម​ដើម្បី​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ទាំង​ ​១៥​ ​ដោយ​ផ្តោត​លើ​ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​ចាំបាច់​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ពី​ក្នុង​ស្រុក​ ​តាមរយៈ​ការ​បង្កើត​ក្រុមហ៊ុន​ ​និង​សិប្បកម្ម​តូច​ៗ​នៅ​កម្ពុជា​។​

​សម្តេច​ធិបតី​បាន​ថ្លែង​ថា​៖​ ​«​នៅពេល​ដែល​យើង​មាន​សមត្ថភាព​ខ្ពស់​ ​ថ្ងៃ​ក្រោយ​យើង​មិន​អាច​ត្រឹមតែ​ផ្គត់ផ្គង់​ទៅ​ដល់​ក្រុមហ៊ុន​ដំឡើង​ដែល​នៅក្នុង​ស្រុក​នោះ​ទេ​ ​យើង​ក៏​អាច​យក​កម្ពុជា​ធ្វើជា​មូលដ្ឋាន​ផលិត​គ្រឿង​បង្គុំ​ ​និង​សម្រាប់​ចែកចាយ​ក្នុង​តំបន់​»​។

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​កម្ពុជា​អាច​ពិបាក​ក្នុង​ការ​ក្លាយជា​ទីតាំង​ផលិត ​និង​ផ្គត់ផ្គង់​រថយន្ត​សម្រាប់​តំបន់​ទាំងមូល ​ដោយសារ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​មាន​មូលដ្ឋាន​ឧស្សាហកម្ម​ខ្ពស់​ជាង​។ ​ប៉ុន្តែ​ ​សម្រាប់​ការ​ផលិត​គ្រឿង​បង្គុំ​ ​កម្ពុជា​មាន​លទ្ធភាព​ខ្ពស់​ជាង​។

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ថា​៖​ ​«​គ្រឿង​បង្គុំ​មាន​តម្លៃ​ខ្ពស់​ណាស់​ ​មិន​ប្រាកដ​ថា​ខ្ចៅ​ខ្ចង​រថយន្ត​គ្មាន​តម្លៃ​នោះ​ទេ​។ ​របស់​ទាំងអស់​នេះ​ ​គឺ​កំពុង​ត្រូវការ​ឱ្យ​មាន​ការ​ផលិត ​នៃ​ក្រុម​សិប្បកម្ម​មួយចំនួន​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ ​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា​ទាំងអស់​នៅតែ​នាំចូល​គ្រឿង​បង្គុំ​ ​១០០​ ​ភាគរយ​ពី​ក្រៅ​ប្រទេស​»។

​សម្តេច​ធិបតី​បាន​បន្ថែម​ថា​ ​ថ្មី​ៗ​នេះ​ ​កម្ពុជា​បាន​ទទួល​ដំណឹង​អំពី​ការ​យក​កម្ពុជា​ជា​ទីតាំង​ផលិត​គ្រឿង​បង្គុំ​សម្រាប់​ចែកចាយ​នៅក្នុង​តំបន់​រួចហើយ​។ ​ដូច្នេះ​ ​កម្ពុជា​នឹង​បង្កើត​ការ​លើកទឹកចិត្ត​ថ្មី​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ដែល​មាន​ទំនោរ​ទៅ​រក​ផលប្រយោជន៍ ​និង​អាច​រួមចំណែក​ជួយ​ដល់​កម្ពុជា​ត្រឡប់​មកវិញ​។

​សម្តេច​ធិបតី​បាន​ថ្លែង​ថា​ ​ជា​រួមមក​ ​កម្ពុជា​មិន​បាច់​ចាំ​តែ​ផលិត​រថយន្ត​សម្រាប់​នាំចេញ​នោះ​ទេ ​ផលិត​តែ​គ្រឿង​បន្លាស់ កង់ ​ឬ​ចង្កូត​ឡាន​មួយ​ឆ្នាំ​ ​១០​ លាន ​សម្រាប់​នាំចេញ​ ​អាច​បង្កើត​ការងារ​ បង្កើត​ជំនាញ​ដល់​ប្រជាជន​បាន​ហើយ​។

​គិត​មក​ដល់​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០២៦ ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​រោងចក្រ​ផ្គុំ ​និង​ដំឡើង​រថយន្ត​សរុប​ ​១៥​ ​គម្រោង​ ក្នុង​នោះ​ ​១០ ​រោងចក្រ​កំពុង​ដំណើរការ​ ២ ​រោងចក្រ​មិន​ទាន់​ដំណើរការ ​និង​ ៣​ ​គម្រោង​ទៀត​បាន​ស្នើសុំ​ចុះ​បញ្ជី​វិនិយោគ​ ​និង​កំពុង​សាងសង់​រោងចក្រ​។

​សេដ្ឋកិច្ច​វិទូ ​លោក​ ឌុច ​ដារិន ​បាន​ថ្លែង​ប្រាប់​ AMS ថា​៖​ ​«​ខ្ញុំ​យល់​ថា​ ​នេះ​គឺជា​ទិសដៅ​វិជ្ជមាន​ ព្រោះ​ការ​ផលិត​គ្រឿង​បន្លាស់​ក្នុង​ស្រុក​អាច​បង្កើន​តម្លៃ​បន្ថែម​ ​និង​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​»​។

​លោក​បាន​បន្ថែម​ថា​ ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​គួរ​ពិចារណា​លទ្ធភាព​លើកទឹកចិត្ត​ពន្ធដារ ​សម្រាប់​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​ដែល​មាន​តម្លៃ​បន្ថែម​ក្នុង​ស្រុក​ ​ព្រមទាំង​បន្ត​ពង្រឹង​ជំនាញ​កម្លាំង​ពលកម្ម ​និង​ហេដ្ឋារចនាសម្ព័ន្ធ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា