កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

​​ភ្នំពេញ​៖ ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ​។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​ A ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​តុលា​ ​សម្តេ​ច​ធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ណែនាំឱ្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ពង្រីក​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ ​និង​ការ​បង្រៀន​ឌីជីថល​ទៅ​ដល់​សាលា​បឋមសិក្សា​ទូទាំង​ប្រទេស​ ​ដោយ​អនុវត្ត​ជា​ជំហាន​ៗ​។​

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​ក្រសួង​អប់រំ​បាន​បង្កើត ​និង​ដំណើរការ​ថ្នាក់​រៀន​គំរូ ​ឬ​ថ្នាល​សិក្សា​ឌីជីថល​សាកល្បង​នៅ​តាម​សាលា​បឋមសិក្សា​មួយចំនួន​តាំងពី​ឆ្នាំ​២០២៤​។​ ​ទោះជា​យ៉ាងណា ​ការ​ពង្រីក​កម្មវិធី​នេះ​ទៅកាន់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស​ ​តម្រូវ​ឱ្យ​មាន​ការ​រៀបចំ​ធនធាន​ ​និង​សម្ភារៈ​បច្ចេកទេស​ឱ្យ​បាន​សមស្រប​។

​សម្តេច​ធិបតី​បាន​លើកឡើង​ថា​ ​កន្លង​មក​មាន​ការ​ផ្តល់​យោបល់​ឱ្យ​ផ្តោត​លើ​សិស្ស​មធ្យម​សិក្សា​ ​ឬ​មត្តេយ្យសិក្សា​ ​ដែល​មាន​ចំនួន​សាលា​តិច​ជាង ​និង​អាច​កាត់បន្ថយ​ការ​ចំណាយ​លើ​សម្ភារៈ​សិក្សា​ ​ដូចជា​ថេប្លេត​ជាដើម​។ ​ប៉ុន្តែ​សម្តេច​បាន​សម្រេច​កំណត់​យក​កម្រិត​បឋមសិក្សា​ជា​គោលដៅ​អាទិភាព​ ​ដើម្បី​ពង្រឹង​មូលដ្ឋានគ្រឹះ​ឌីជីថល​របស់​សិស្ស​តាំងពី​ដំបូង​ ​ទោះបី​ត្រូវ​ការ​ចំណាយ​ខ្ពស់​ជាង​ក៏​ដោយ​។

​សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​អប់រំ​ ​និង​ដៃគូ​អភិវឌ្ឍន៍​ សហការ​គ្នា​ពង្រីក​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​សាលា​ជា​រៀងរាល់​ឆ្នាំ​ ​តាមរយៈ​ការ​ទិញ​កុំព្យូទ័រ​យួរ​ដៃ​ ថេប្លេត ​និង​កម្មវិធី​សិក្សា​ទំនើប​ៗ​ដែល​មាន​គុណភាព​ ​និង​តម្លៃ​សមរម្យ​។ ​ម្តេច​បាន​បង្ហើប​ថា​ ​កម្ពុជា​នឹង​មាន​ក្រុមហ៊ុន​ដំឡើង​ថេប្លេត​ក្នុង​ស្រុក​ក្នុងពេល​ឆាប់​ៗ​នេះ​ ​ដោយ​ឧបករណ៍​មួយ​គ្រឿង​មាន​តម្លៃ​ត្រឹមតែ​ជាង​ ​១០០ ​ដុល្លារ ​ដែល​អាច​ជួយ​ឱ្យ​ការ​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​មាន​លទ្ធភាព​កាន់តែ​ច្រើន​។

ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​ឧបករណ៍​ឌីជីថល​ក្នុង​ស្រុក​ ​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន ​ម្ចាស់​ក្រុមហ៊ុន​ខ្មែរ​អន្តរជាតិ​ ​និង​ជា​ម្ចាស់​រោងចក្រ​ KH Haitech​-​Haier ​Global Business ​បាន​ប្រាប់​សារព័ត៌មាន​ AMS ថា​ ថេប្លេត​ស៊េរី​ថ្មី​ដែល​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android ​16 ​នឹង​ចាប់ផ្តើម​ដាក់​លក់​រាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៧​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៧​។​

​អ្នក​ឧកញ៉ា​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​បញ្ជាទិញ​ថេប្លេត​ចំនួន​ ១ ​ម៉ឺន​គ្រឿង​ ​សម្រាប់​បុគ្គលិក​ប្រើប្រាស់​ក្នុង​ការ​បំពេញ​ការងារ​ ​ខណៈ​ថេ​ប្លេត​ជាង​ ​១​,​០០០ ​គ្រឿង​ទៀត​ ​ត្រូវ​បាន​ផ្តល់​ជូន​ស្ថាប័ន​រដ្ឋ​ដើម្បី​សាកល្បង ​និង​វាយតម្លៃ​គុណភាព​។

​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន ​បាន​បញ្ជាក់​ថា​ ​អក្សរ ​«​KH​» ​នៅ​ពីមុខ​ពាក្យ​ ​«​Haitech​»​ ​តំណាង​ឱ្យ​ខ្មែរ​។ ​ក្រុមហ៊ុន​នេះ​មាន​បុត្រ​សម្ព័ន្ធ​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន​ ១៦០ ​នៅ​ទូទាំង​ពិភពលោក​។ ​សម្រាប់​ប្រតិបត្តិការ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​មាន​គោលដៅ​ពង្រីក​ទីផ្សារ​ ​រួមចំណែក​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​ផ្តល់​លទ្ធភាព​ឱ្យ​បុគ្គលិក​ ​មន្ត្រី​រាជការ ​និង​ជា​ពិសេស​សិស្សា​នុសិស្ស​ ​អាច​ទិញ​ឧបករណ៍​ឌីជីថល​ទំនើប​ៗ​ក្នុង​តម្លៃ​សមរម្យ​។

​ចំពោះ​លក្ខណៈ​ពិសេស​របស់​ថេប្លេត​ ​KH ​Haitech ​Android ​16 ​អ្នក​ឧកញ៉ា​បាន​លើកឡើង​ថា​ ​ឧបករណ៍​នេះ​អាច​ដំឡើង​កម្មវិធី​សិក្សា​ ​និង​អនុញ្ញាតឱ្យ​អ្នក​ប្រើប្រាស់​សរសេរ​ដោយ​ផ្ទាល់​លើ​ថេប្លេត ​ដូចជា​ការ​សរសេរ​ក្នុង​សៀវភៅ​កិច្ច​តែង​ការ​បង្រៀន ​ឬ​កត់ត្រា​មេរៀន​ប្រចាំ​ថ្ងៃ​។​ ​ថេប្លេត​នេះ​ក៏​អាច​ភ្ជាប់​ស៊ីមកាត ​ប្រើប្រាស់​អ៊ីនធឺណិត ​និង​គាំទ្រ​ការ​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​ដែល​ក្រុមហ៊ុន​បង្កើតឡើង​សម្រាប់​វិស័យ​អប់រំ ​ព្រមទាំង​ការ​ប្រើប្រាស់​ឧបទ្ទេស​សិក្សា​ទំនើប​ ​និង​ឌីជីថល​។

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ KH Haitech ​កំពុងត្រៀម​នាំចូល​ ​និង​ចែកចាយ​កុំព្យូទ័រ​យួរ​ដៃ ​និង​ថេប្លេត​ពី​ក្រុមហ៊ុន​ដៃគូ​នៅ​ប្រទេស​ចិន ​ស្រប​ពេល​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​ដោយ​ខ្លួនឯង​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ ​រាជធានី​ភ្នំពេញ​ ​លើ​ផ្ទៃដី​ ៥​ ​ហិកតា ​ដែល​គ្រោង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ ​២០២៨​។

​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន​ ​អគ្គ​នាយក​ក្រុមហ៊ុន​ KH ​Haitech ​បាន​ឱ្យ​ដឹង​ថា​ ​រោង​ចក្រ​នេះ​មាន​ទុន​វិនិយោគ​សរុប​ ១០០​ ​លាន​ដុល្លារ ​ហើយ​នៅពេល​ដំណើរការ​ផលិតកម្ម​ពេញលេញ ​នឹង​មាន​សមត្ថភាព​ដំឡើង​ថេប្លេត​ចំនួន​ ៤៥​ ​គ្រឿង​ក្នុង​មួយ​ម៉ោង​ ​ឬ​ ៥៤០ ​គ្រឿង​ក្នុង​មួយ​ថ្ងៃ​។

ការ​ជំរុញ​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ ​និង​ផែនការ​ដំឡើង​ថេប្លេត​ក្នុង​ស្រុក​នេះ​ ​សុទ្ធតែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​មូលដ្ឋានគ្រឹះ​ឌីជីថល​របស់​សិស្ស​ ​និង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ឧបករណ៍​សិក្សា​ទំនើប​ៗ​ក្នុង​តម្លៃ​សមរម្យ​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា