កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ភ្នំពេញ​៖​ ​ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​។

​ក្នុង​ស្ថានភាព​នេះ ​កម្ពុជា​កំពុង​បង្កើន​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​និង​ជំនួយ​បច្ចេកទេស​ពី​សហគមន៍​អន្តរជាតិ ​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ​ឯកឧត្តម​ ​ខ្វៃ​ អាទិត្យា ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ថា​ ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណុច​ប្រឈមមួយ​ ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​សកល​មិន​ប្រាកដប្រជា ​ដែល​ធ្វើឱ្យ​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ដោយ​ផ្ទាល់​ឱ្យ​បាន​ឆាប់រហ័ស ​និង​ចំ​គោលដៅ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។

​ឯកឧត្តម​បន្ត​ថា​ ​តំណាង​កម្ពុជា​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អង្គការ​សហ​ប្រជា​ជាតិ​ ​និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ​ដើម្បី​កៀរ​គរ​ហិរញ្ញប្បទាន​អាកាសធាតុ​ ​និង​ជំនួយ​បច្ចេកទេស​ពី​សហគមន៍​អន្តរជាតិ​ ​សម្រាប់​គាំទ្រ​កម្មវិធី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​សំខាន់​ៗ រួម​មាន​ ​ថាមពល​ ​កសិ​កម្ម​ ​ព្រៃឈើ​ ​ការ​ប្រើប្រាស់​ដីធ្លី ​និង​ការ​គ្រប់គ្រង​សំណល់​។

​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​បរិស្ថាន ​កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​រួមចំណែក​របស់​ជាតិ​ដំណាក់កាល​ទី​៣ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​(​ND​C 3​.0​) ​ដែល​មាន​តម្រូវការ​វិនិយោគ​សរុប​ចំនួន​ ៣២​,​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ​ក្នុង​នោះ​ ​ជាង​ ​២២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​កំណត់​សម្រាប់​វិធានការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ ​និង​ជាង​ ៩ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

​ផែនការ​នេះ​មាន​គោលដៅ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ចំនួន​ ៥៥​%​ ​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ​និង​ឈាន​ទៅ​សម្រេច​ភាព​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ ​ដែល​ជា​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ជាមួយ​សហគមន៍​អន្តរជាតិ​។

​ទោះជា​យ៉ាងណា​ ​ទឹក​ប្រាក់​ ​៣២​,​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​ ​មិន​មែន​ជា​ថវិកា​ដែល​កម្ពុជា​មាន​ស្រាប់​ទាំងអស់​នោះ​ទេ​។ ​ប្រមាណ​ ៣៣​%​ ​នៃ​តម្រូវការ​វិនិយោគ​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មកពី​ថវិកា​ជាតិ​ ​ខណៈ​ ​៦៧​%​ ​ទៀត​ត្រូវការ​កៀរគរ​ពី​ប្រភព​ហិរញ្ញប្បទាន​ខាង​ក្រៅ តាមរយៈ​មូលនិធិ​អាកាសធាតុ ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ​ហិរញ្ញប្បទាន​នេះ​ ​ឯកឧត្តម​ ​ខ្វៃ​ អាទិត្យា ​បាន​លើកឡើង​ពី​តួនាទី​របស់​កម្ពុជា​នៅក្នុង​សន្និសីទ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​អាកាសធាតុ​ថ្មី​ៗ​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​ក្រសួង​បរិស្ថាន​បាន​ដើរ​តួ​ជា​សំឡេង​តំណាង​ឱ្យ​ប្រទេស​ដែល​ងាយ​រងគ្រោះ ​ដើម្បី​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​កែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​និង​អនុវត្ត​តាម​ការ​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ១​,៣​ ទ្រី​លាន​ដុល្លារ​អាម៉េរិក​ដល់​ប្រទេស​ងាយរងគ្រោះ​។

​កម្ពុជា​បាន​ជំរុញ​ឱ្យ​ហិរញ្ញប្បទាន​នេះ​ផ្តោត​លើ​ជំនួយ​ឥត​សំណង​ ​ឬ​កម្ចី​ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ​ដើម្បី​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​និង​ប្រទេស​ដែន​កោះ ​ដែល​រង​ផលប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។

​ជាមួយគ្នា​នេះ​ ​លោក​ ​សឿង​ សារឿន ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ​យល់​ថា​ ​ការ​កៀរគរ​ទុន​វិនិយោគ​ក្នុង​ទំហំ​ធំ​បែប​នេះ​អាច​សម្រេចបាន​តាម​ដំណាក់កាល​ ​ដោយ​កម្ពុជា​ត្រូវ​ពង្រឹង​ការ​អនុវត្ត​កម្មវិធី​ ​ND​C 3​.0 ​និង​បង្កើន​ការ​វិនិយោគ​លើ​ថាមពល​ស្អាត​ ​កសិកម្ម​បៃតង ​និង​ការ​ការពារ​ធនធាន​ធម្មជាតិ​។

​លោក​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ពង្រឹង​តម្លាភាព ​គណនេយ្យភាព​ ​និង​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ ​សង្គម​ស៊ីវិល​ ​និង​សហគមន៍​មូលដ្ឋាន ​ដើម្បី​ធានា​ថា​ ​ហិរញ្ញប្បទាន​ដែល​ទទួល​បាន​ត្រូវ​បាន​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង​ស្រប​តាម​គោលដៅ​ដែល​បាន​កំណត់​។

​បន្ថែម​ពី​នេះ ​លោក​ ​សឿង​ ​សារឿន ​បាន​លើកឡើង​ថា​ ​កម្ពុជា​មាន​សក្តានុពល​ក្នុង​ទីផ្សារ​កាបូន ​ជាពិសេស​តាមរយៈ​ការ​ការពារ​ព្រៃឈើ​ ​និង​គម្រោង​ REDD+​ ​ខណៈ​ទីផ្សារ​ពិភពលោក​កំពុង​មាន​តម្រូវការ​ឥណទាន​កាបូន​ដែល​មាន​គុណភាព​ខ្ពស់​ ​អាច​ទុកចិត្ត​បាន​ ​និង​គោរព​សិទ្ធិ​មនុស្ស​ ​ព្រមទាំង​បរិស្ថាន​។

​លោក​បាន​បញ្ជាក់​ថា ​ដើម្បី​ទទួល​បាន​ឱកាស​ពី​ទីផ្សារ​នេះ​ ​កម្ពុជា​ត្រូវ​ពង្រឹង​ស្តង់ដារ​វាស់​វែង រាយការណ៍​ ​និង​ផ្ទៀង​ផ្ទាត់ ​(​MRV​)​ ការ​អនុវត្ត​មាត្រា​៦ ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​ការ​ទប់ស្កាត់​ការ​រាប់បញ្ចូល​ការ​កាត់បន្ថយ​កាបូន​ស្ទួន​។ ​លោក​បន្ថែម​ថា​ ​កម្ពុជា​គួរ​ប្រកួតប្រជែង​ដោយ​ផ្អែក​លើ​គុណភាព​ឥណទាន​កាបូន ​ជា​ជាង​តម្លៃ​ទាប​ ​ឬ​បរិមាណ​ច្រើន​។

​តាមរយៈ​ក្រសួង​បរិស្ថាន ​កម្ពុជា​ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​ចូលរួម​យ៉ាង​សកម្ម​លើ​ឆាក​អន្តរជាតិ​ ​តាមរយៈ ​«​ផែនទី​បង្ហាញ​ផ្លូវ​ពី​បាគូ​ទៅ​បេឡេម​» ​ដែល​បាន​ដាក់​ចេញ​ក្នុង​កិច្ច​ប្រជុំ​ ​COP30​។ ​ផែនទី​បង្ហាញ​ផ្លូវ​នេះ​មាន​គោលដៅ​កៀរ​គរ​ហិរញ្ញប្បទាន​អាកាសធាតុ​សកល​ចំនួន​ ៣០០ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ​និង​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ​និង​ប្រទេស​អភិវឌ្ឍន៍​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន​សរុប​ចំនួន​ ១​,​៣​ ទ្រី​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​ជួយ​ដល់​ប្រទេស​ដែល​ងាយ​រងគ្រោះ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា