ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥ ទទួលបានចំនួនទេសចរច្រើនជាងគេ។

យោងតាមរបាយការណ៍ផ្លូវការដែលចេញផ្សាយដោយក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៣ ខែតុលា នេះ បានបង្ហាញថា ក្នុងរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦)នៃពិធីបុណ្យភ្ជុំបិណ្ឌ ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២ ១៦១ ២១១ ដងនាក់​ ដែលមានកើន  ០,៨ភាគរយ បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៥។

របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងរយៈពេលដូចគ្នានេះ ទេសចរជាតិស្នាក់នៅមានប្រមាណជា ៣៨២ ៥៤៩ ដងនាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ១ ៧៥៤ ៣១៩ ដងនាក់ ខណៈដែលទេសចរអន្តរជាតិ សរុបប្រមាណជា ២៤ ៣៤៣ ដងនាក់។

ក្នុងចំណោមរាជធានី-ខេត្តទូទាំងប្រទេស ខេត្តចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមាន ខេត្តសៀមរាប ឈរនៅកំពូលតារាងដោយមាន ២៥៦ ៧១៥ ដងនាក់ បន្ទាប់មកគឺខេត្តកំពត (២២៤ ៨៦០ ដងនាក់) ខេត្តព្រះសីហនុ (១៩៥ ៩៩៤ ដងនាក់) ខេត្តកំពង់ឆ្នាំង (១៦៨ ០១៦ ដងនាក់) និងខេត្តកំពង់ចាម (១៦៥ ២៧២ ដងនាក់)។ 

កំណត់សម្គាល់៖ ឯកតា៖ ដងនាក់។ ការរាប់ស្ថិតិទេសចរក្នុងអំឡុងពេលព្រឹត្តិការណ៍ពិធីបុណ្យ ឬកម្មវិធីកម្សាន្តនានា រាប់ចំនួនដងលើកនៃដំណើរជុំវិញរបស់ភ្ញៀវទេសចរ មិនមែនរាប់ចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើររៀបចំ ឬចូលកម្សាន្តនៅទីកន្លែងនីមួយៗ លើសពីមួយដង ឬមួយលើក។ ឧទាហរណ៍៖ ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅកម្សាន្តច្រើនទីតាំង ឬច្រើនថ្ងៃ។

ទន្ទឹមនឹងការធ្វើដំណើរកម្សាន្តនេះ ក្រសួងមហាផ្ទៃ ក៏បានរាយការណ៍ដែរថា រយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦) ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដូចគ្នានេះ មានគ្រោះថ្នាក់ចរាចរណ៍ សរុប ៣៤ករណី បណ្ដាលឱ្យស្លាប់ ២៦នាក់ និងរបួស ១០១នាក់។ ធៀបនឹងឆ្នាំ២០២៥ កន្លងទៅ កើនឡើង ១៤ករណី ស្លាប់កើន ១៦នាក់ របួសកើន ៧១នាក់៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា