កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​។

​សំណើ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​ ​លឹម វិសាល ​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​និង​គណៈប្រតិភូ​ធុរកិច្ច​រូម៉ានី ​ដែល​ដឹកនាំ​ដោយ​លោក​ ​Mihai ​Andritoiu ​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ប្រទេស​រូម៉ានី ​និង​ជា​ប្រធាន​សមាគម​ជំរុញ​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។

​ជំនួប​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​ធុរកិច្ច​រូម៉ានី ​អញ្ជើញ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០​ ​នៅ​កម្ពុជា​ ​ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្តម​ ​ជា​ ច័ន្ទ​បរិបូរណ៍​ ​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​រូម៉ានី ​ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​សូហ្វីយ៉ា​ ​ប្រទេស​ប៊ុលហ្គារី​ផងដែរ​។

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​ ​លឹម ​វិសាល ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ ​និង​បាន​គូសបញ្ជាក់​ពី​ចំណង​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​រូម៉ានី ​ដែល​មាន​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​មក​ម្ល៉េះ ​ដោយ​មាន​រយៈពេល​ប្រមាណ​ ​៦៣​ឆ្នាំ​មកហើយ​។ ​ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ​ព្រមទាំង​ក្រប​ខណ្ឌ​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ផងដែរ​។

ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ ​ឯកឧត្តម​ ​លឹម ​វិសាល ​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​រូម៉ានី ​ក្នុង​នាម​ជា​សមាជិក​សហ​ភាព​អឺរ៉ុប ​ចំពោះ​ការ​គាំទ្រ​ដល់​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ​«​អ្វី​ៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ​(​EBA​) ​ដល់​កម្ពុជា​។ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ រូម៉ានី​នឹង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​GSP+​ ​បន្ទាប់ពី​កម្ពុជា​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

ការ​ស្វែងរក​ការ​គាំទ្រ​នេះ​ ​ក៏​ស្រប​ពេល​ដែល​សហ​ភាព​អឺរ៉ុប​បាន​បង្ហាញ​ក្តី​រំពឹងទុក​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ​ក្នុង​ការ​រៀបចំ​ឆ្ពោះទៅ​រក​ក្របខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​GSP+​ ​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​។ ​កាលពី​ដើម​ខែ​វិច្ឆិកា​ ​ឯកឧត្តម​ ​Igor ​Driesmans ​ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​បាន​លើកឡើង​ថា​ ​GSP+​ ​នឹង​ក្លាយជា​កាតាលីករ​យុទ្ធសាស្ត្រ​បន្ថែម​ ​ក្នុង​ការ​លើកកម្ពស់​សក្តានុពល​សមាហរណកម្ម​សេដ្ឋកិច្ច​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​អឺរ៉ុប​មក​កម្ពុជា​។​

​ឯកឧត្តម​ក៏​បាន​រំលេច​ពី​ខួប​លើក​ទី​២៥ ​នៃ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ ​EBA ​របស់​សហ​ភាព​អឺរ៉ុប ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ការ​កាត់បន្ថយ​ភាព​ក្រីក្រ ​និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​កន្លងមក​។

​គួរ​បញ្ជាក់​ថា​ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​GSP ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ព្រមទាំង​អាច​ជួយ​បំពេញ​បន្ថែម​លើ​ការ​បាត់បង់​អត្ថប្រយោជន៍​មួយចំនួន​ពី​ប្រព័ន្ធ​ ​EBA ​នៅ​ទីផ្សារ​អឺរ៉ុប​។ ​

លើស​ពី​នេះ​ ​ប្រព័ន្ធ​នេះ​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា​ ​សម្រាប់​ការ​ផលិត​ ការ​កែច្នៃ ​និង​ការ​វេចខ្ចប់​ផលិតផល ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ចក្រភព​អង់គ្លេស​ផងដែរ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា