វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

Advertisement

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា មានប្រសាសន៍ប្រាប់បណ្តាញសារពត៌មាន AMS កាលពីម្សិលមិញថា វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជារក្សាបានភាពធន់ ជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាសសរគ្រឹះដ៏រឹងមាំក្នុងការរកចំណូលជូនជាតិបានជាង ៥០-៦០ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។

អ្នកឧកញ៉ាបានបន្តថា ភាពធន់នៃវិស័យវាយនភណ្ឌកាត់ដេរ ដោយកម្ពុជាមានកម្លាំងពលកម្មជាស្រ្តីមានចំនួនច្រើនជាង ៧០-៨០ ភាគរយ សម្រាប់ធ្វើការក្នុងរោងចក្រ ដែលកម្លាំងពលកម្មទាំងនេះមានវ័យក្មេងធ្វើការរហ័សរហួន និងមានប្រាក់ខែសមរម្យ បើធៀបជាមួយប្រទេសជិតខាង។

អ្នកឧកញ៉ាបន្ថែមដូច្នេះថា៖

ទីផ្សារសម្រាប់នាំចេញផលិតផលវាយនភណ្ឌ មានចំនួនកាន់តែច្រើនឡើងៗ ក្នុងនោះមានទីផ្សារធំៗ ដូចជា អាម៉េរិក អឺរ៉ុប កាណាដា អាស៊ាន និងទីផ្សារប្រទេសចិនជាដើម ខណៈដែលរដ្ឋាភិបាលមានគោលនយោបាយលើក​ទឹកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគ ចូលមកបណ្តាក់ទុនមានចំនួនកាន់តែច្រើនឡើងៗ។

ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា ភាពធន់នៃវិស័យឧស្សាហកម្មនៅកម្ពុជានៅមានកម្រិត ដោយសារការអនុវត្តច្បាប់ការងារមានភាពមិនស្មើគ្នារវាងសហជីព កម្មករនិយោជិត និងនិយោជក់។ លោកថា ទោះជាការបញ្ជាទិញនៅដើមឆ្នាំ២០២៦ មានការកើនឡើងខ្ពស់ ធៀបនឹងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ ២០២៥ ក៍ដោយ ក៍ប៉ុន្តែរោងចក្រមួយចំនួនបានផ្អាកការងារកម្មករជាបន្តបន្ទាប់ រោងចក្រខ្លះបន្តបិទទ្វារលែងដំណើរការ និងនិងខ្លះទៀតប្រកាសក្ស័យធនតែម្តង។ 

​ទោះជាយ៉ាងនេះក្តី​កំណើន​ទុន​វិនិ​យោគ​ ​កំណើន​រោងចក្រ​ និងកំណើន​ការងារ បាន​ឆ្លុះ​បញ្ចាំង​​​ពី​ភាព​រឹង​មាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​កើត​ចេញ​ពី​គោល​នយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី ៧​ ​ដែល​បាន​ធ្វើ​កំណែ​ទម្រង់​វិនិយោគ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​​។

បើតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈបង្ហាញថា កម្ពុជាទទួលបានរោងចក្រថ្មីនៅក្នុងវិស័យកាត់ដេរចំនួន ៣០១ នៅក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យចំនួនរោងចក្រកើនដល់ ១៨៦៧ សហគ្រាស។ រោងចក្រមិនមែនកាត់ដេរបានកើនឡើងដល់ចំនួន ៤៤ ៧៨២ សហគ្រាស ចំណែកនិយោជិតក្នុងវិស័យកាត់ដេរកើនឡើង​ដល់ចំនួន ១ ១៣៤ ០៩១ នាក់។

យោង​តាម​ក្រសួងពាណិជ្ជកម្ម​ក្នុងត្រីមាសទី ១ គិត​ចាប់​ពី​ខែមករា​ ​ដល់​ខែមីនា​ ២០២៦ ​ការនាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ចំនួន ២,៥៧ ពាន់លានដុល្លារ កើនឡើង ៦ ភាគរយ ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះការនាំចេញស្បែកជើងមានតម្លៃ ៥១៦ លានដុល្លារ កើនឡើង ១១,៨២ ភាគរយ និងសម្ភារធ្វើដំណើរ និងកាបូបមានតម្លៃ ៥១២ លានដុល្លារកើនឡើង ៤,២៥ ភាគរយ ដែលឆ្លុះបញ្ចាំង​ពី​ស្ថិរ​ភាព​នៃ​បរិយាកាសវិនិយោគ ការរក្សាបានភាពធន់​ និង​លក្ខខណ្ឌនៃការ​ប្រកួតប្រជែងក្នុងតំបន់៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា