កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ភ្នំពេញ​៖​ ​កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា​។​

ក្នុង​ជំនួប​ជាមួយ​លោក​ ​ឆាយ ​បូរ៉ា ​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្តម​ ​ហួត​ ​ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ការ​ទាក់ទាញ​ផលិតកម្មភាពយន្ត​ធំ​ៗ​ ​និង​ល្បី​ៗ​អន្តរជាតិ​ ​ឱ្យ​មក​ថត​ខ្សែភាពយន្ត​នៅ​កម្ពុជា​ ​គឺជា​ការ​ធ្វើ​ទីផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​ទេសចរណ៍​ ​និង​អាច​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​កម្ពុជា​កាន់តែ​ច្រើន​។

​ឯកឧត្តម ​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ ​នៅពេល​ផលិតកម្ម​ធំ​ៗ​មក​ថត​ខ្សែភាពយន្ត​នៅ​តំបន់​ទេសចរណ៍​ល្បី​ៗ​របស់​កម្ពុជា​ ​ហើយ​ខ្សែភាពយន្ត​ទាំងនោះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ជុំវិញ​ពិភពលោក​ ​អ្នក​ទស្សនា​នឹង​បាន​ឃើញ​តំបន់​ ​និង​ទស្សនីយភាព​ល្បី​ៗ​របស់​កម្ពុជា​។ ​ការ​មើលឃើញ​ទេសភាព​ទាំងនោះ​អាច​ជំរុញ​ឱ្យ​អ្នក​ទស្សនា​មួយចំនួន​មាន​ចំណាប់អារម្មណ៍​ចង់​មក​ស្គាល់​ ​និង​ទស្សនា​ដោយ​ផ្ទាល់​។

​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​ឱ្យ​ដឹង​ថា​ ​ដើម្បី​ទាក់ទាញ​ផលិតកម្ម​លំដាប់​អន្តរជាតិ​ឱ្យ​មក​ផ្ដិត​យក​ទេសភាព​តំបន់​ទេសចរណ៍​ល្បី​ៗ​ ​ដូចជា​តំបន់​អង្គរ​ ​និង​តំបន់​មួយចំនួន​ទៀត​ ​ក្រសួង​ទេសចរណ៍​បាន​សម្របសម្រួល​ផ្ដល់​ការ​ស្នាក់​នៅ​ និង​ហូបចុក​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្រុមការងារ​របស់​ផលិតកម្ម​ហូលីវូដ ​ព្រមទាំង​ជួយ​ស្វែងរក​ទីតាំង​សម្រាប់​ការ​ថត​ភាពយន្ត​ផងដែរ​។

​ឯកឧត្តម ​បាន​បន្ថែម​ថា​ ​កម្ពុជា​នៅ​មាន​កញ្ចប់​ថវិកា​តិចតួច​សម្រាប់​ការ​ផ្សព្វផ្សាយ​ ​និង​ធ្វើ​ទីផ្សារ​ពី​សក្ដានុពល​ទេសចរណ៍​ ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​ដែល​មាន​កញ្ចប់​ថវិកា​ធំ​ជាង​។ ​ដូច្នេះ​ កម្ពុជា​តែង​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ ​និង​ស្វាគមន៍​អ្នក​ផលិត​មាតិកា​ល្បី​ៗ​លំដាប់​ពិភពលោក​ តារា​ហូលីវូដ ​តារា​បាល់ទាត់​ពិភពលោក​ ​និង​ជាពិសេស​ផលិតកម្ម​ហូលីវូដ​ដែល​មាន​បំណង​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ លោក​ ​ឆាយ ​បូរ៉ា ​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ សមាគម​បាន​ចូលរួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ តាមរយៈ​ការ​ផលិត​វីដេអូ​ឯកសារ​អំពី​តំបន់​ទេសចរណ៍​ល្បី​ៗ​នៅក្នុង​ប្រទេស​។ ​ទោះជា​យ៉ាងណា​ ​លោក​បាន​បញ្ជាក់​ថា​ ​សមាគម​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ផលិត​វីដេអូ​ឱ្យ​បាន​ច្រើន​នោះ​ទេ​ ​ហើយ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍​ ​និង​រាជ​រដ្ឋាភិបាល​ ​ដើម្បី​គាំទ្រ​ដំណើរការ​ផលិត​វីដេអូ​ផ្សេង​ៗ​។

​លោក​ ​ឆាយ ​បូរ៉ា ​ក៏​បាន​លើកឡើង​ពី​គំនិត​បង្កើត​ «​មហោស្រព​ភាពយន្ត​អន្តរជាតិ​អង្គរ​» ​ជា​មធ្យោបាយ​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ និង​ផលិតកម្មភាពយន្ត​អន្តរជាតិ​មក​កម្ពុជា​។

​លោក​បាន​ពន្យល់​ថា​ ​តាមរយៈ​មហោស្រព​នេះ​ កម្ពុជា​អាច​អញ្ជើញ​ផលិតកម្ម​ហូលីវូដ​ធំ​ៗ​មក​ចូលរួម​ ​ហើយ​ការ​មក​ចូលរួម​របស់​ពួកគេ​មិន​ត្រឹមតែ​មាន​ផលិត​ករ ​ឬ​អ្នក​ដឹកនាំ​រឿង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អាច​នាំមក​ជាមួយ​នូវ​តារា​ហូលីវូដ​ល្បី​ៗ​ផងដែរ​។

​លោក​បាន​លើកឡើង​ថា​ ​នៅពេល​តារា​ហូលីវូដ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ កម្ពុជា​អាច​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​រមណីយដ្ឋាន​ល្បី​ៗ​ក្នុង​ស្រុក​ ​ដើម្បីឱ្យ​ពួកគេ​បាន​ឃើញ​ដោយ​ផ្ទាល់​ ​និង​ផ្ដិត​រូបភាព​យក​ទៅ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​ពួកគេ​។

​លោក​បាន​បញ្ជាក់​ថា​ ​តារា​ហូលីវូដ​នីមួយ​ៗ​មាន​អ្នក​គាំទ្រ​រាប់​សិប​ និង​រាប់​រយ​លាន​នាក់​ ​ដូច្នេះ​នៅពេល​ពួកគេ​បង្ហោះ​រូបភាព​ ​ឬ​មាតិកា​អំពី​កម្ពុជា​ ​នោះ​នឹង​អាច​ធ្វើឱ្យ​ទស្សនិកជន​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​ឃើញ​ និង​ស្គាល់​ពី​តំបន់​ទេសចរណ៍​របស់​កម្ពុជា​កាន់តែ​ទូលំទូលាយ​។

​ការ​ជំរុញ​កិច្ច​សហការ​រវាង​វិស័យ​ភាពយន្ត​ ​និង​វិស័យ​ទេសចរណ៍​ ​ត្រូវ​បាន​មើលឃើញ​ថា​ ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ជួយ​បង្កើន​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ ​ខណៈ​កម្ពុជា​ក៏​កំពុង​ផ្ដោត​លើ​ការ​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ឱ្យ​មក​ប្រើប្រាស់​ទីតាំង​ទេសចរណ៍​របស់​ខ្លួន​សម្រាប់​ការ​ថត​ភាពយន្ត​ផងដែរ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា