កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់

កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។ 

ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា វាជារឿងសំខាន់នៅពេលដែលវិនិយោគិនពិចារណាមកបណ្តាក់ទុននៅកម្ពុជា គឺរាជរដ្ឋាភិបាលខ្លួនឯងផ្ទាល់ ជារដ្ឋាភិបាលដែលគាំទ្រធុរកិច្ច និងចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល កម្ពុជាមានប្រជាជនវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ដោយប្រជាជនប្រមាណជា ៦៥% មានអាយុក្រោម ៣៥ឆ្នាំ ហើយពួកគេជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការ និងអាចបណ្តុះបណ្តាលបាន ដែលមានន័យថា ពួកគេមានឆន្ទៈក្នុងការទទួលយកការបណ្តុះបណ្តាល។

លើសពីនេះទៅទៀត ច្បាប់ធុរកិច្ចរបស់កម្ពុជា គឺជាច្បាប់ធុរកិច្ចដែលបើកចំហ (សេរី) បំផុតនៅក្នុងតំបន់អាស៊ាន។ ដោយដកស្រង់ចេញពីធនាគារពិភពលោក ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា «កម្ពុជាមានរបបវិនិយោគដែលបើកចំហ (សេរី) បំផុតនៅក្នុងតំបន់អាស៊ាន»។

ឯកឧត្តមបានពន្យល់ថា នេះគឺដោយសារតែព្រះរាជាណាចក្រកម្ពុជា មិនមានការរឹតត្បិតលើវិស័យសេដ្ឋកិច្ចណាមួយឡើយ ដោយរាជរដ្ឋាភិបាលបានបើកឱកាសឱ្យវិនិយោគិនបរទេសអាចវិនិយោគបានរហូតដល់ ១០០% ដែលនេះបង្ហាញឱ្យឃើញថា មិនមានប្រទេសច្រើននៅក្នុងអាស៊ានច្រើននោះទេ ដែលអនុញ្ញាតឱ្យអនុវត្តការវិនិយោគបែបនេះ។

ការពន្យល់របស់ឯកឧត្តមក៏មានគោលបំណងបង្ហាញទៅកាន់វិនិយោគិនដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយដើម្បីជួបជុំ និងស្វែងរកទីផ្សារសក្តានុពលបន្ថែមទៀត។ ក្នុងន័យនេះ កម្ពុជាខ្លួនឯងផ្ទាល់ក៏មានគោលបំណងទាក់ទាញវិនិយោគិនបន្ថែមទៀតពីបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ផងដែរ។

នោះគឺជាឱកាសដ៏វិសេសវិសាលមួយក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយវិនិយោគិនថ្មីៗ ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពដែលត្រូវបានផ្តល់ទំនុកចិត្ត និងឱកាសក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៦–២០២៨។

ថ្លែងក្នុងពិធីបើកជាផ្លូវការនៃ «ភូមិហ្វ្រង់កូហ្វូនី» កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា បើនិយាយពីពាក្យថា​ ហ្វ្រង់កូហ្វូនី វាមិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែជាវប្បធម៌ដ៏រស់រវើក និងជាលំហនៃការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្ម និងនវានុវត្តន៍ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគឺ សន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។

យោងតាមក្រសួងព័ត៌មាន សម្តេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ភាសាបារាំងបានក្លាយជាកម្លាំងចលករផ្នែកសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែជិតស្និទ្ធ បង្កើនការយល់ចិត្តគ្នា កសាងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការរវាងទ្វីបមួយទៅទ្វីបមួយទៀត។

ទន្ទឹមនឹងនេះ សម្តេចបានបន្ថែមថា ការពង្រីកទំហំទីផ្សារជាមួយប្រទេសដែលនិយាយភាសាបារាំង គឺជាឱកាសមាសសម្រាប់សហគ្រិន និងអ្នកវិនិយោគ ហើយកម្ពុជាបានខិតខំរៀបចំ និងអភិវឌ្ឍប្រទេសដោយផ្សារភ្ជាប់ពីមរតកប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់អង្គរ ទៅកាន់ការរីកចម្រើននាពេលបច្ចុប្បន្ន ជាពិសេសការសម្រួលដល់វិស័យទេសចរណ៍ និងការទូទាត់ប្រាក់ឱ្យកាន់តែងាយស្រួល។

យោងតាមការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សហគមន៍ហ្វ្រង់កូហ្វូនមានប្រជាជនចំនួន ១.២ ពាន់លាននាក់ គ្របដណ្តប់លើរដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង ៩០ ដែលស្មើនឹង ១៦.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សកល និង ២០% នៃទំហំពាណិជ្ជកម្មទំនិញពិភពលោក ក៏ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មភាគច្រើននៅតែមានលក្ខណៈទ្វេភាគី និង ដាច់ដោយឡែក។

ហេតុអ្វីត្រូវជ្រើសរើសប្រទេសកម្ពុជា?

យោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រែកជីកហ្វូណនតេជោ និងខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗផ្សេងទៀត ក៏ត្រូវបានសាងសង់យ៉ាងច្រើនផងដែរ ទាំងបណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានថ្មីៗ កំពង់ផែទឹកជ្រៅ និងផ្លូវល្បឿនលឿន ជាដើម។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «អ្នកមិនមែនមកវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ត្រឹមតែ ១៧ លាននាក់នោះទេ ប៉ុន្តែអ្នកគួរតែវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់តំបន់ទន្លេមេគង្គ ដែលរួមមាន កម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងភាគខាងត្បូងនៃប្រទេសចិន ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ ២៥០ លាននាក់»។

ក្នុងពេលជាមួយគ្នានេះ កម្ពុជាមានការតភ្ជាប់យ៉ាងល្អប្រសើរនៅក្នុងតំបន់អាស៊ាន ដូច្នេះ វិនិយោគិនទាំងអស់អាចផ្គត់ផ្គង់ទៅកាន់អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់នៅក្នុងទីផ្សារអាស៊ាន ដែលជាសេដ្ឋកិច្ចធំជាងគេទី ៤ នៅលើពិភពលោក។ បន្ថែមពីនេះ ក៏មានទីផ្សារសក្តានុពលធំៗផ្សេងទៀតដែលតភ្ជាប់ជាមួយអាស៊ាន បូករួមទាំងសមាជិក ដូចជា ចិន កូរ៉េ ជប៉ុន ជាដើម។

ភ្ជាប់ទៅនឹងភាពងាយស្រួលក្នុងការតភ្ជាប់វិនិយោគិនពីកម្ពុជាទៅកាន់ពិភពលោក ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញផងដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ ខណៈដែលមកទល់ពេលនេះ ប្រព័ន្ធបាគងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការទូទាត់ឆ្លងដែន។

បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥៩ ដែលជាសមាជិកនៃប្រព័ន្ធបាគង និងផ្តល់សេវាទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន ៩ រួមមាន ប្រទេសវៀតណាម តាមរយៈ VietQR Global, ឡាវ តាមរយៈ Lao QR, ចិន តាមរយៈ UnionPay, Alipay+ និង WeChat Pay ព្រមទាំង ឥណ្ឌា តាមរយៈ Unified Payments Interface (UPI), ជប៉ុន តាមរយៈ JPQR, ម៉ាឡេស៊ី តាមរយៈ DuitNow QR, សិង្ហបុរី តាមរយៈ SGQR/RoamQR, កូរ៉េខាងត្បូង តាមរយៈកម្មវិធីទូរស័ព្ទ JBB Mobile App របស់ធនាគារ Jeonbuk Bank និងថៃ តាមរយៈ PromptPay។

ថ្លែងក្នុងកិច្ចប្រជុំកំពូល Black Swan (Black Swan Summit) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបាគងមានប្រតិបត្តិការចំនួន ១,៤ ពាន់លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុប ២៤២ ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ការដំណើរការប្រព័ន្ធអេកូឡូស៊ីទូទាត់តាម QR របស់កម្ពុជា ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតមួយនៅក្នុងតំបន់អាស៊ី។

អ្វីដែលសំខាន់ជាងនេះទៅទៀត វិនិយោគិនទាំងអស់នៅកម្ពុជា ក៏ត្រូវបានធានាក្នុងការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបផងដែរ ដោយរាល់ផលិតផលដែលផលិតនៅកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយមិនជាប់កូតា និងរួចពន្ធ។

គួរកត់សម្គាល់ផងដែរថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាបានជំរុញឱ្យវិនិយោគិនផ្លាស់ប្តូរពីវិស័យកាត់ដេរដែលមានតម្លៃបន្ថែមទាបទៅកាន់ឧស្សាហកម្មផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាគ្រឿងអេឡិចត្រូនិក ឧស្សាហកម្មយានយន្ត ថាមពលស្អាត បញ្ញាសិប្បនិម្មិត (AI) និងសេដ្ឋកិច្ចឌីជីថល។ ដូច្នេះ នេះគឺជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការស្វែងរកសកម្មភាពវិនិយោគនៅកម្ពុជា។

ក្នុងពេលជាមួយគ្នានេះដែរ ដោយសារវិនិយោគិនមួយចំនួន អាចមានក្ដីព្រួយបារម្ភអំពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ឯកឧត្តម ស៊ុន ចាន់ថុល បានពន្យល់យ៉ាងច្បាស់ថា កម្ពុជាកំពុងចាត់វិធានការបង្ក្រាបការឆបោកតាមអនឡាញ និងលើកកម្ពស់មុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ យ៉ាងណាក៏ដោយ បើទោះបីជាមានបញ្ហាប្រឈមពីខាងក្រៅក៏ដោយ កម្ពុជានៅតែជាច្រកទ្វារវិនិយោគដ៏សំខាន់ទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក ព្រមទាំងប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

ជាចុងក្រោយ ចំណុចសំខាន់មួយទៀតសម្រាប់ការពិចារណាយកកម្ពុជាជាគោលដៅវិនិយោគនោះគឺ ដោយសារតែ សំណើបង្កើតការិយាល័យសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ស្របពេលដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទើបតែបានប្រកាសថា ទោះបីជាមិនទាន់មានកាលបរិច្ឆេទជាក់លាក់សម្រាប់ការបង្កើតក៏ដោយ ប៉ុន្តែកម្ពុជាបានមើលឃើញសញ្ញាភ្លើងខៀវរួចទៅហើយ។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា