កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត

កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត

កម្ពុជា-សិង្ហបូរី បានប្តេជ្ញាពង្រឹងវិស័យពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ខណៈដែលស្ថិតិពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវសញ្ញាកើនឡើងគួរកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការប្តេជ្ញាពង្រឹងពាណិជ្ជកម្មខាងលើត្រូវបានធ្វើឡើងក្នុងជំនួបរវាងសម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង​ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់ឱ្យឃើញនូវការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេរភាគី ជាពិសេស វិស័យពាណិជ្ជកកម្មឱ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបនៅក្រៅកិច្ចប្រជុំកំពូលនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អំពីវឌ្ឍនភាពនៃទំនាក់ទំនងជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការចូលជាធរមាននៃការធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងបង្ការសកម្មភាពកិបកេងបន្លំពន្ធ ពាក់ព័ន្ធពន្ធលើប្រាក់ចំណូល ដែលនឹងរួមចំណែកក្នុងការទាក់ទាញវិនយោគិនសិង្ហបុរី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

គួររំលឹកថា ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី​ សម្រេច​បាន​ទំហំទឹកប្រាក់ចំនួន ៥៥៥ លានដុល្លារ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦ កើនឡើងប្រមាណជា ១៩១% ​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​ដែលឆ្លុះបញ្ចាំងពីតម្រូវ​ការទំនិញ​កើន​ឡើងនៅលើទីផ្សារប្រទេសទាំងពីរ។​

អ្នកសេដ្ឋកិច្ចលើកឡើងថា​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវភាពធន់ និងរក្សាបាននូវកំណើនស្ថេរភាពយូរអង្វែង ខណៈដែលប្រទេសសិង្ហបុរីជាច្រកទ្វារពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា សម្រាប់នាំទំនិញចេញទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា សិង្ហបុរីមានទីផ្សារតូច និងមានប្រជាជនតិច ប៉ុន្តែសិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា ក្នុងការនាំទំនិញកសិផល និងផលិតផលវាយណភណ្ឌ នាំចេញទៅលក់នៅទីផ្សារសិង្ហបុរីផង និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង។ ទន្ទឹមនឹងនេះ ទំនិញជាច្រើននៅលើទីផ្សារអន្តរជាតិ ក៏ត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសសិង្ហបុរីមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ។  

ការកើនឡើងនូវពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរខាងលើ ត្រូវបានគេមើលឃើញថា បណ្តាលមកពីកម្ពុជា​បិទច្រកព្រំដែនសេដ្ឋកិច្ចជាមួយប្រទេសថៃ និងបានសម្រេចឈប់នាំចូលប្រេង ព្រមទាំងទំនិញមួយចំនួនពីប្រទេសថៃ ហើយបានងាកទៅរកការនាំចូលប្រេងពីសឹង្ហបុរីវិញក្រោយពីមានជម្លោះព្រំដែនគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតមក ។   

សូមរំលឹកថា ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-សិង្ហបុរី នៅក្នុងឆ្នាំ២០២៥ សម្រេចបាន ២,៣៤ ពាន់លានដុល្លារ កើនឡើង ៨៩% ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារប្រទេសសឹង្ហបុរីមានតម្លៃ ៩២០លានដុល្លារ កើនឡើង២០០% និងការនាំចូលទំនិញពីសិង្ហបុរីមកកាន់ទីផ្សារកម្ពុជាមានតម្លៃសរុប ១,៤២ ពាន់លានដុល្លារ កើនឡើង ៥០,៥០%៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា