ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ភ្នំពេញ ៖ ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥ ដោយក្នុងនោះ កម្ពុជា​នាំទំនិញចេញ​ទៅ​សិង្ហបុរីជាង ២៣ ​លានដុល្លារ កើនឡើង ៣០% ចំណែកឯសិង្ហបុរីនាំចូលមកកម្ពុជាវិញមានតម្លៃ ៧៥១ លានដុល្លារ កើនឡើង ២៣៦,៥% ។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។

Advertisement

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS Economy នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាជាមួយសិង្ហបុរី គឺជាការតភ្ជាប់ត្រង់ពីកម្ពុជាទៅសិង្ហបុរី  ដែលមានកំណើនខ្ពស់ជាងមុនតាមរយៈការបិទព្រំដែនជាមួយកម្ពុជា-ថៃ។

លោកបណ្ឌិត បានលើកឡើងថា ៖ កន្លងមក ទំនិញមួយចំនួនពីសិង្ហបុរី គឺចូលទៅប្រទេសថៃសិន ទើបបានហូរចូលមកប្រទេសកម្ពុជា ដែលសាធារណៈជនភាគច្រើនមើលឃើញថា ជាការនាំទំនិញពីថៃចូលមកទីផ្សារកម្ពុជា ប៉ុន្តែ​ ទំនិញមួយចំនួននោះគឺមានប្រភពដើមចូលពីសឹង្ហបុរី។

លោកបានបញ្ជាក់ថា ៖

«នៅពេលដែលបិទព្រំដែនថៃនេះគឺហុចឱកាសឲ្យបណ្ដាប្រទេសអាស៊ានផ្សេងៗទៀតភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចំណុចទាំងនេះ ក៏អាចនិយាយបានថា ការបិទព្រំដែននេះ បើកឱកាសមួយចំនួនសម្រាប់កម្ពុជាផង ហើយក៏សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ានផង។ នេះគឺជាផលជះចេញពីការបិទព្រំដែននៃកម្ពុជា-ថៃ»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា មានប្រសាសន៍ថា ដោយ​សារ​មាន​តម្រូវ​ការ​កើនឡើងរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ​ទើបជំរុញ​ឱ្យ​​ការនាំចេញ​ និងនាំចូលមានការកើនឡើងដូចគ្នាដើម្បីបំពេញតម្រូវការជាក់ស្ដែង។

លោកបណ្ឌិត ហុង វណ្ណៈ​ យល់ឃើញថា៖

«​សិង្ហបុរី ​ជាទីផ្សារមួយសំខាន់ ​ជាប្រទេស​ដែលមាន​ស្ដង់ដារខ្ពស់ ​ទាំងមនុស្ស ​និងរបៀបរបបនៃការរស់នៅ​ បើគេមានតម្រូវការ​ផលិតផល​កម្ពុជា មាន​ន័យថា ​ផលិត​ផលកម្ពុជា ​ឆ្លើយ​តបទៅនឹងតម្រូវ​ការ​របស់សិង្ហបុរី ​ដែលជាគំរូមួយជំរុញឱ្យកម្ពុជា មាន​ឧត្តមភាពប្រកួតប្រជែង​ជាមួយបណ្ដា​ប្រទេសផ្សេងៗទៀត»។​

លោកបណ្ឌីត បានបន្តលើកឡើងថា៖ បើក្រលេកមើលទំហំពាណិជ្ជកម្មកម្ពុជា- សិង្ហបុរី ហាក់ដូចជានៅតូច តែវាមានកំណើន ហើយលេចធ្លោខ្លាំងនៅឆ្នាំ២០២៦នេះ ។ កម្ពុជានាំចេញទៅសិង្ហបុរីក៏កើនឡើង ចំណែកការនាំចូលពីសិង្ហបុរីមកកម្ពុជាក៏កើន នេះបង្ហាញថា​ សុខុមាលភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរមានសន្ទុះ ខណៈពាណិជ្ជកម្មកម្ពុជា- ថៃ ថយចុះយ៉ាងខ្លាំង​បន្ទាប់ពីជម្លោះ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖​ ទំហំ​ពាណិជ្ជកម្មកម្ពុជាមានកំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់​ខ្លួន។

ដោយឡែក​ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ បានលើកឡើងកាលពីពេលថ្មីៗនេះថា៖ ទំហំនៃការនាំចូលពីសិង្ហបុរីមកកម្ពុជា មានកំណើនយ៉ាងគំហុកនៅមួយរយៈពេលចុងក្រោយនេះ គឺត្រូវបានជំរុញដោយកំណើនខ្ពស់នៃការនាំចូលប្រេងឥន្ទនៈ និងវត្ថុធាតុដើមមួយចំនួន ដែលគាំទ្រដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងជាសញ្ញានៃការពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ចំពោះអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ អ្នកជំនាញរូបនេះជឿជាក់ថា នឹងបន្តមានកំណើនវិជ្ជមានបន្ថែមទៀត ដ្បិតប្រទេសទាំងពីរស្ថិតក្រោមកិច្ចព្រមព្រៀង RCEP រួមគ្នា ដែលផ្តល់ភាពអនុគ្រោះពាណិជ្ជរវាងគ្នាទៅវិញទៅមក ក្នុងនោះទំនិញកម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅកាន់សិង្ហបុរី មានដូចជា អង្ករ ផលិតផលកសិកម្មកែច្នៃ ផលិតផលកាត់ដេរ និងគ្រឿងបង្គុំអេឡិចត្រូនិក ជាដើម ខណៈការផ្គត់ផ្គង់ពីសិង្ហបុរី មកកម្ពុជាវិញ មានដូចជាវត្ថុធាតុដើម បច្ចេកវិទ្យា និងសេវាហិរញ្ញវត្ថុជាដើម។

គួរកត់សម្គាល់ថា ៖ ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយឈានដល់ការបិទព្រំដែនគោកជាឯកតោភាគីពីប្រទេសថៃ កម្ពុជាបានសម្រេចបង្វែរការនាំចូលទំនិញមកពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលធ្វើឱ្យកំណើននៃការនាំចូលទំនិញមកពីប្រទេសទាំងពីរនេះមានអត្រាកំណើនខ្ពស់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា