កម្ពុជានឹងសម្រេចបានការនាំអង្ករចេញ ១ លានតោន ក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងសម្រេចបានការនាំអង្ករចេញ ១ លានតោន ក្នុងឆ្នាំនេះ

កម្ពុជានឹងសម្រេចបានការនាំអង្ករចេញ ១ លានតោន ក្នុងឆ្នាំនេះ

កម្ពុជារំពឹងថានឹងសម្រចបានការនាំអង្ករចេញចំនួន ១ លានតោន ទៅកាន់ទីផ្សារគោលដៅនៅលើពិភពលោក ដោយអាចរកចំណូលបានចន្លោះពី ៦០០ ទៅ ៨០០ លានដុល្លារ នៅដំណាច់ឆ្នាំ ២០២៦ នេះ។

Advertisement

យោងតាមទិន្នន័យ​របស់សហព័ន្ធស្រូវ​អង្ករ​កម្ពុជា ​(CRF) កម្ពុជា​បាននាំចេញ​អង្ករ​ចំនួន​ជិត ​៤៧ ម៉ឺនតោន ក្នុងរយៈពេល ០៤ ខែ ឆ្នាំ២០២៦ ទៅកាន់គោលដៅ ៦០ ប្រទេស សរុបជាទឹកប្រាក់ប្រមាណជា ២៦៦ លានដុល្លារ ខណៈ ៤ ខែ ដើមឆ្នាំ២០២៥ ការនាំចេញអង្ករមានចំនួនជាង ២៨ ម៉ឺនតោនប៉ុណ្ណោះ។

លោក លន់ យ៉េង ​អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញសារពត៌មាន AMS នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ដោយយោងទៅលើលទ្ឋផលនៃការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក នៅដើមឆ្នាំ កម្ពុជានឹងសម្រេចបានការនាំចេញចំនួន ១ លានតោន នៅក្នុងឆ្នាំ ២០២៦។

លោកបានថ្លែងថា៖

តាមនិន្នាការនេះ យើងអាចសម្រេចបានការនាំចេញ ១ លានតោននេះ ដោយសារមានការនាំអង្ករចេញទៅវៀតណាមខ្លះ ខណៈឆ្នាំមុន យើងនាំតែស្រូវចេញទៅ ហើយនឹងនាំចេញទៅទីផ្សារហ្វីលីពីនមានកើនឡើងខ្លាំង។” 

ទិន្នន័យរបស់សហព័ន្ឋស្រូវអង្ករកម្ពុជា(CRF) បង្ហាញថា ក្នុងរយៈពេល ០៤ ខែដំបូង ឆ្នាំ២០២៦ កម្ពុជាបាននាំអង្ករចេញសរុបចំនួន ៤៦៩ ៩០៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ទៅកាន់ទៅផ្សារគោលដៅចំនួន ៦០ ប្រទេស ក្នុងនោះនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុបចំនួន ៣១ ប្រទេស មានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥,៤៤ លានដុល្លារ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៥  មានចំនួន ១៧៧​ ៧៦១ តោន គិតជាទឹកប្រាក់ចំនួន ៧២ លានដុល្លារ ទៅកាន់ទីផ្សារប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ ៧៥,៨៨ លានដុល្លារ និងគោលដៅ ២២ ប្រទេសផ្សេងទៀត ក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់មានចំនួន ៣៣ លានដុល្លារ។

ប្រភេទអង្ករដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន ៥៨.៦៦ ភាគរយ ប្រភេទអង្ករសគ្រាប់វែង ២១.៣៨ ភាគរយ អង្ករចំហ៊ុយ ១.៦៩ ភាគរយ អង្ករសរីរាង្គចំនួន ០.៨៩ ភាគរយ អង្ករបាក់គ្រប់ប្រភេទចំនួន ១៧.១៨ ភាគរយ និងអង្ករផ្សេងៗចំនួន ០.២ ភាគរយ។ ទន្ទឹមនឹងនោះ កម្ពុជាក៍បាននាំចេញស្រូវចំនួន ២,៦៨ លានតោន មានទឹកប្រាក់ជាង ៥៧៦ លានដុល្លារ។  

​​លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ អេមរុ រាយស៍ (Amru Rice) មានប្រសាសន៍ថា ការកើនឡើងនៃការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ ២០២៦ នេះ ដោយសារមានការតម្រូវការខ្ពស់ពីប្រទេស នៅក្នុងតំបន់អាស៊ាន មានដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសឹង្ហបូរី។ លោកឧកញ៉ាបន្តថា បើសិនជាទីផ្សារអាស៊ានមានតម្រូវការខ្ពស់ ការនាំចេញអង្ករ ១លានតោនពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនឹងសម្រេចបាននៅដំណាច់ឆ្នាំ ២០២៦ ខាងមុខមិនខាន។

​​លោកឧកញ៉ា សុង សារ៉ន បានថ្លែងថា ៖

យើងមើលទៅមានការចាប់អារម្មណ៍ ដោយសារមើលទៅរបាយការណ៍ ដូចជា ទីផ្សារអាស៊ាន(ASEAN Market) ការនាំចេញកើនឡើងជាង ៣០ ភាគរយ ទៅ ៤០ ភាគរយ ហើយបើតាមតួលេខនេះ យើងនឹងអាចឡើងដល់ ១ លានតោន ប៉ុន្តែការងារនេះមានការប្រែប្រួលទៀត យើងចាំមើលទៀត បើអាស៊ាននៅឈរជើងប៉ុណ្ណឹងវាទៅហើយ ១ លានតោននឹង តែបើមានការប្រែប្រួល យើងចាំមើលបន្តទៀត។”

​នៅក្នុងអណត្តិទី ៥ នៃសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលដៅរបស់ខ្លួន ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទៅ​ផ្សារពិភពលោក ​ធ្វើ​យ៉ាង​ណា​ឱ្យ​បានចំនួន ១ លាន​តោន​ នៅចន្លោះឆ្នាំ​ ២០២៥-២០២៨ ដែលនឹងរកចំណូលបានចន្លោះពី ៦០០-៨០០ លានដុល្លារអាម៉េរិក។    

​គួររំលឹកថា នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៩៤ ម៉ឺន​តោន​ (៩៤០ ៣២១) គិត​ជា​ទឹក​ប្រាក់​ជាង ៦០០ លាន​ដុល្លារ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា