កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

​ភ្នំពេញ​៖​ ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​។

​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​គិត​ត្រឹម​ខែ​សីហា ​ឆ្នាំ​២០២៦ ​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​ទាំងនេះ​នៅ​កម្ពុជា​ ​ទទួល​បាន​ប្រាក់ខែ​អប្បបរមា​ស​រុប​ចំនួន​ ​២២៩​.​៥ ​ដុល្លារ ​ក្នុង​មួយ​ខែ ​រួម​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ ​២១០ ​ដុល្លារ ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ចំនួន​ ១៩​.​៥ ​ដុល្លារ ​ដែល​កម្មករ​និយោជិត​ត្រូវ​ទទួល​បាន​។

​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កម្រិត​ប្រាក់​ឈ្នួល​ទាប​ជាង​កម្ពុជា​ ​ស្រី​លង្កា​មាន​កម្រិត​ទាប​ជាង​គេ ​ដោយ​មាន​ត្រឹម​ ​៩​៣ ​ដុល្លារ​ ​ខណៈ​មីយ៉ាន់ម៉ា​មាន​ ៩​៧ ​ដុល្លារ​ បង់​ក្លាដេស​ ​១០២ ​ដុល្លារ ឡាវ​ ​១១៤ ​ដុល្លារ​ ប៉ាគីស្ថាន ​១៤៣ ​ដុល្លារ ​និង​ឥណ្ឌា​ ​១៩២ ​ដុល្លារ​។

​ចំណែក​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​វៀតណាម ​មាន​ចន្លោះ​ពី​ ​១៤៧ ​ដុល្លារ ​ដល់​ ​២​១១ ​ដុល្លារ​។

​ទោះជា​យ៉ាងណា​ ​បណ្ដា​ប្រទេស​មួយចំនួន​នៅ​តំបន់​មាន​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​កម្ពុជា​។ ​ម៉ាឡេស៊ី​មាន​កម្រិត​ខ្ពស់​ជាង​គេ ​ដល់​ ៤២៤ ​ដុល្លារ​ ​សម្រាប់​កម្មករ​នៅក្នុង​វិស័យ​ទាំងនេះ​។

​បន្ទាប់មក​ ​គឺ​ប្រទេស​ចិន ​ដែល​មាន​ចន្លោះ​ពី​ ​២៥៥ ​ដុល្លារ ​ដល់​ ​៣៩​៩ ​ដុល្លារ ​ឥណ្ឌូនេស៊ី​មាន​ចន្លោះ​ពី​ ​១៣៣ ​ដុល្លារ ​ដល់​ ៣៣០ ​ដុល្លារ ​និង​ហ្វីលីពីន​មាន​ចន្លោះ​ពី​ ​១៧៧ ​ដុល្លារ ​ដល់​ ​៣​២៥ ​ដុល្លារ​។

ពាក់ព័ន្ធ​នឹង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧​ ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា​ ​ក្រសួង​យកចិត្តទុកដាក់​ស្តាប់​កង្វល់ ​និង​សំណើ​របស់​កម្មករ​និយោជិត ​សហជីព ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ខណៈ​ការ​ចរចា​នឹង​ផ្អែក​លើ​ទិន្នន័យ​ ​និង​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧ តាមរយៈ​យន្តការ​ត្រី​ភាគី​។

​លោក​ ស៊ុន​ មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​ថា​ ​ការ​កំណត់​ប្រាក់​ឈ្នួល​ត្រូវ​មាន​មូលដ្ឋាន​លើ​ទិន្នន័យ​ច្បាស់លាស់​ ​ដោយ​គិត​គូរ​ទាំង​តម្រូវការ​របស់​កម្មករ ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​លទ្ធភាព​អនុវត្ត​ជាក់ស្តែង​។

​លោក​បាន​លើកឡើង​ថា​៖ ​«​ក្រសួង​យល់ពី​កង្វល់​របស់​បងប្អូន​កម្មករ​។ រាល់​សំណើ​របស់​បង​ប្អូន​ ​សហជីព ​និង​គ្រប់​ភាគី​ ​សុទ្ធតែ​គួរ​ទទួល​បាន​ការ​ស្តាប់​ និង​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ ព្រោះ​គោលដៅ​ចម្បង​របស់​រាជ​រដ្ឋាភិបាល​ ​គឺ​ជួយ​ឱ្យ​បងប្អូន​កម្មករ​មាន​ជីវភាព​ប្រសើរឡើង​ ​មាន​ការងារ​ស្ថិតស្ថេរ ​និង​ជំរុញ​ការ​ពង្រីក​រោងចក្រ​ ​សហគ្រាស ​ដើម្បី​បង្កើន​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​»​។

​អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ការ​ចរចា​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ ​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​កម្មករ​និយោជិត ​និយោជក ​និង​រាជ​រដ្ឋាភិបាល​។ ​ការ​ពិនិត្យ​កត្តា​សង្គម ​និង​សេដ្ឋកិច្ច​រួមគ្នា ​នឹង​ជួយ​ឱ្យ​ការ​សម្រេចចិត្ត​មាន​មូលដ្ឋាន​ច្បាស់លាស់​ ​សំដៅ​ធានា​ប្រាក់​ឈ្នួល​សមរម្យ​ ​ទន្ទឹម​នឹង​ការ​រក្សា​ស្ថិរ​ភាព​ការងារ​ ​និង​ការ​រីកចម្រើន​របស់​សហគ្រាស​ប្រកបដោយ​ចីរភាព​។

​លោក​ ស៊ុន​ មេសា ​បាន​បន្ថែម​ថា​ ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ប្រចាំ​ឆ្នាំ​ ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​ជីវភាព​កម្មករ ​និង​ស្ថានភាព​វិស័យ​វាយន​ភណ្ឌ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​។

​ដំណើរការ​នេះ​ផ្តល់​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​លើកឡើង​ពី​កង្វល់​ ​សំណូមពរ ​និង​បញ្ហា​ប្រឈម ​ព្រមទាំង​ពិនិត្យ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

​ទន្ទឹម​នឹង​ការ​គិតគូរ​អំពី​ប្រាក់​ឈ្នួល​ ​រាជ​រដ្ឋាភិបាល​ក៏​បន្ត​គាំទ្រ​ដល់​កម្មករ ​និង​គ្រួសារ​ ​តាមរយៈ​ការ​គាំពារ​សង្គម​របស់​ ប.​ស.ស. ​ការ​បណ្តុះបណ្តាល​ជំនាញ ​និង​វិធានការ​សម្រាល​បន្ទុក​ចំណាយ ​ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​ ​និង​សុខុមាលភាព​របស់​កម្មករ​និយោជិត​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា