កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។

ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល ៩ខែ នាឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលជីកសិកម្មសរុបចំនួន ៩៥ម៉ឺនតោនពីប្រទេសចំនួន៣៤ ទូទាំងពិភពលោក តាមរយៈក្រុមហ៊ុននាំចូលចំនួន ១៦៣ ក្រុមហ៊ុន។

ផ្អែកតាមរបាយការណ៍ដែលបង្ហាញដោយ លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កាលពីមុន ប្រទេសថៃ គឺជាអ្នកផ្គត់ផ្គង់ជីកសិកម្មដ៏សំខាន់ដល់កម្ពុជា ប៉ុន្តែចាប់តាំងពីមានបញ្ហាបិទព្រំដែនមក ការនាំចូលជីពីប្រទេសថៃបានធ្លាក់ចុះមកត្រឹមតែ ៣% ប៉ុណ្ណោះ ខណៈដែលការនាំចូលពីប្រទេសវៀតណាមបានកើនឡើងរហូតដល់៦៧%។

ផ្អែកលើការផ្លាស់ប្តូរនេះ បច្ចុប្បន្នទីផ្សារកម្ពុជាបានពង្រីកការនាំចូលជីភាគច្រើនពីបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដូចជា វៀតណាម ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងប្រ៊ុយណេ ព្រមទាំងទីផ្សារឆ្ងាយៗ ដូចជា សហរដ្ឋអាមេរិក អាហ្វ្រិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលចែកចាយបន្តតាមរយៈដេប៉ូក្នុងស្រុកប្រមាណ ៤ ៥០០កន្លែង។

ទាក់ទិននឹងសមត្ថភាពផលិតក្នុងស្រុក ឯកឧត្ដម គង់ ច័ន្ទវាសនា បានឱ្យដឹងថា កម្ពុជា មានក្រុមហ៊ុន និងសហគ្រាសចំនួន៣១ដែលមានសមត្ថភាពផលិតជីកសិកម្មធម្មជាតិ និងសរីរាង្គមានគុណភាពបានប្រមាណ ៨ម៉ឺនតោនក្នុងមួយឆ្នាំ ភាគច្រើនជាជីធម្មជាតិផលិតពីកាកសំណល់កសិកម្ម។ 

ទោះជាយ៉ាងណា តម្រូវការនៃការនាំចូលជីសរុបនៅកម្ពុជាមានរហូតដល់ប្រមាណ ១លានតោនក្នុងមួយឆ្នាំ ដែលតម្រូវឱ្យកម្ពុជានៅតែបន្តពឹងផ្អែកលើការនាំចូលពីបរទេស ស្របពេលដែលរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើជីសរីរាង្គដែលមានគុណភាព។

សម្រាប់គម្រោងវិនិយោគរោងចក្រផលិតជីគីមីទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា កម្ពុជាមិនទាន់មានគម្រោងវិនិយោគណាមួយនៅឡើយទេ ដោយសារការផលិតជីគីមីទ្រង់ទ្រាយធំ តម្រូវទាមទារឱ្យមានការនាំចូលវត្ថុធាតុដើមច្រើន ព្រោះកម្ពុជាមិនទាន់មានផលិតផលរ៉ែ ឬកាកសំណល់ពីការចម្រាញ់ប្រេងកាតសម្រាប់ផ្គត់ផ្គង់រោងចក្រនៅឡើយ។

ឯកឧត្ដម គង់ ច័ន្ទវាសនា បានសង្កត់ធ្ងន់ថា៖ ដើម្បីធានាបាននូវការគាំទ្រផលិតកម្មក្នុងស្រុក ទាំងជីធម្មជាតិ និងជីកសិកម្ម ការផ្គត់ផ្គង់ជីគឺសំខាន់ណាស់ ដោយសារកម្ពុជានាពេលបច្ចុប្បន្នមិនមែនដាំដុះសម្រាប់តែបរិភោគនោះទេ ក៏ប៉ុន្តែជានាំចេញផងដែរ។ ដូចនេះហើយ កម្ពុជាទាមទារឱ្យមានជីគ្រប់គ្រាន់ មានជីប្រើប្រាស់គ្រប់ពេលវេលា និងជាជីដែលមានគុណភាព៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា