កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េពិចារណាវិនិយោគលើការកែច្នៃកសិផល និងកសិ-ឧស្សាហកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េពិចារណាវិនិយោគលើការកែច្នៃកសិផល និងកសិ-ឧស្សាហកម្ម

កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េពិចារណាវិនិយោគលើការកែច្នៃកសិផល និងកសិ-ឧស្សាហកម្ម

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាស ដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

Advertisement

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន ការធានាបាននូវស្ថិរភាពស្បៀង គឺជាកត្តាចាំបាច់បំផុត ហើយវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅកម្ពុជា។ មួយវិញទៀត វិនិយោគិនកូរ៉េ អាចពិចារណាវិនិយោគក្នុងការកែច្នៃកសិផលកម្ពុជា ធ្វើជាម្ហូបអាហារបែបកូរ៉េ និងវត្ថុអនុស្សាវរីយ៍បែបកូរ៉េ ដែលការណ៍នេះក៏នឹងជួយទាក់ទាញទេសចរកូរ៉េមកកម្ពុជាផងដែរ។

ឯកឧត្តមអគ្គលេខាធិការក៏បានលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ពិចារណាបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-កូរ៉េ សម្រាប់ទាក់ទាញកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ។

ឯកឧត្តមបានថ្លែងប្រាប់គណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon នៅក្នុងជំនួប កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយវិនិយោគដែលមានភាពអនុគ្រោះខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការពង្រឹងសុវត្ថិភាពសាធារណៈ។

ដោយឡែកពាក់ព័ន្ធនឹងការគាំទ្រដល់វិនិយោគិន ឯកឧត្តមបានលើកឡើងពីប្រសិទ្ធភាព​នៃយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។

លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ នឹងជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងព័ត៌មានមិនច្បាស់លាស់នានាដែលបានកើតឡើងកន្លងមក។

លើសពីនេះលោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួល​ដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនេះ សមាជិកគណៈប្រតិភូក៏បានលើកឡើងពីការកត់សម្គាល់ឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពជូនដល់វិនិយោគិន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាគឺជាគោលដៅដ៏ប្រសើរសម្រាប់​វិនិយោគិនបរទេស ពិសេស កូរ៉េ​ខាងត្បូង ដែលមានបំណងស្វែងរកទីផ្សារទូលំទូលាយ គោលនយោបាយអំណោយផល និងកំណើនសក្តានុពល។ រដ្ឋាភិបាលកម្ពុជាលើកកម្ពស់ ការពារ ថែទាំ និងលើកទឹកចិត្ត វិនិយោគិន។

អ្នកឧកញ៉ា បានលើកឡើងថា៖

“កម្ពុជា និងកូរ៉េ មានទំនាក់ទំនងល្អ និងជាដៃគូពាណិជ្ជកម្មមួយដ៏សំខាន់របស់កម្ពុជា ហើយគោលបំណងចង់មកវិនិយោគទុនរបស់វិនិយោគិនកូរ៉េនេះ ជាឱកាសដ៏ល្អក្នុងការពង្រឹងវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ។”

គួររំលឹកផងដែរថា ប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea Free Trade Agreement – CKFTA) ដែលជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រចូលជាធរមានកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបានជាង ៨៣ លានដុល្លារ នៅក្នុង​ខែ​មករា ឆ្នាំ ២០២៦ កើនឡើង ១៧,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅកូរ៉េមានតម្លៃជាង ៣៤ លានដុល្លារ កើនឡើង ២៣,៥ ភាគរយ ចំណែក​កូរ៉េនាំ​ចូល​​មកវិញមានតម្លៃ ៤៩ លានដុល្លារ កើនឡើង ១៣,៨ ភាគរយ។ នេះបើយោង​តាម​របាយ​ការណ៍​របស់​​​​​អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ​(GDCE)។

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា