កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ភ្នំពេញ៖ សម្រាប់តែក្នុងដំណាក់កាលដំបូងក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនជំនាញកសិកម្មក្នុងស្រុក Men Sarun MDR Co., Ltd. បានសហការជាមួយក្រុមហ៊ុនដៃគូដ៏ធំរបស់ចិន ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង ហើយនឹងគ្រោងពង្រីកសក្ដានុពលនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត ក្រោមកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា»។

Advertisement

តាមរយៈកិច្ចព្រមព្រៀងរួមគ្នាដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ តាមរយៈក្រុមហ៊ុនដៃគូទាំង២ខាងលើនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ហើយតាមផែនការភាគីទាំងពីរមានចក្ខុវិស័យ និងយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់ទឹកប្រាក់សរុបប្រមាណ៤០០លានដុល្លារសហរដ្ឋអាម៉េរិកនាពេលខាងមុខនេះ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ(EPTF) ដែលធ្វើជាសាក្សីនៃកិច្ចចុះហត្ថលេខា បានមានប្រសាសន៍ថា៖ សមិទ្ធផលនេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ AMS Economy ថា ៖

«កិច្ចព្រមព្រៀងនាំចេញគ្រាប់ស្វាយចន្ទីក្នុងដំណាក់កាលដំបូងទំហំប្រមាណ ៣៥លានដុល្លារអាម៉េរិកនេះ ធ្វើឡើងសម្រាប់ឆ្នាំ២០២៦នេះប៉ុណ្ណោះ ប៉ុន្តែក្នុងករណីដែលប្រមូលមិនគ្រប់តាមផែនការ ក្រុមហ៊ុននឹងបន្តធ្វើឱ្យគ្រប់តាមចំនួនដែលបានបញ្ជារទិញ ហើយប្រសិនបើជោគជ័យនៅដំណាក់កាលនេះ ជាដំណាក់កាលបន្ទាប់នឹងអនុវត្តរហូតដល់គោលដៅដែលបានកំណត់»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន ១ ០២០ ៧៥៧ តោន ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណ ១ ០០០ ៧៥៧ តោន គិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លា(កើន ២៧%បើធៀបឆ្នាំ២០២៤) ហើយគិតត្រឹមដើមឆ្នាំ២០២៥ដដែល កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះមាន ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗប៉ុណ្ណោះ ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា