កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​។

ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល ​និង​ចែក​ពូជ​ស្រូវ​ ​ព្រមទាំង​ស្បៀង​ជូន​ប្រជា​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ ​ក្នុង​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​៥​ ​ខែ​វិច្ឆិកា​ ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត ​បាន​មានប្រសាសន៍​ថា​ ​គម្រោង​នេះ​នឹង​អនុវត្ត​ក្នុង​រយៈពេល​ ១៨​ខែ ​ដោយ​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ ​និង​ផ្តោត​លើ​ការ​អភិវឌ្ឍ​ផ្លូវថ្នល់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​។​

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា ​ជំនួស​ឱ្យ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ប្រើប្រាស់​គ្រឿង​ចក្រ​សម្រាប់​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​អ្នក​អនុវត្ត​គម្រោង​នឹង​ត្រូវ​ជំរុញ​ឱ្យ​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ចូលរួម​ធ្វើ​ការងារ​ ​និង​ទទួល​បាន​ប្រាក់​ចំណូល​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ថា​៖​ ​«​ម្សិលមិញ ​ខ្ញុំ​ទើបតែ​បាន​ឯកភាព​លើ​គម្រោង​ដែល​មាន​ទឹក​ប្រាក់​ជាង​ ​២០០​លាន​ដុល្លារ ​ដែល​នឹង​អនុវត្ត​ក្នុង​រយៈពេល​ ១៨​ខែ​។​ ​គម្រោង​នេះ​យើង​ធ្វើ​ជាមួយ​ធនាគារ​ពិភពលោក​ ​ដើម្បី​បង្វិល​ថវិកា​ក្នុង​គម្រោង​ដែល​យើង​ធ្វើ​ផ្លូវ​ និង​គម្រោង​អភិវឌ្ឍន៍​ដោយ​ក្រសួង​កសិកម្ម​ ​ធនធាន​ទឹក ​និង​អភិវឌ្ឍន៍​ជនបទ​»​។

​សម្តេច​ធិបតី​បាន​លើកឡើង​ថា​ ​តាមរយៈ​យន្តការ​នេះ​ ថវិកា​គម្រោង​នឹង​មិន​ត្រឹមតែ​ទៅ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​កិច្ចសន្យា​សាងសង់​ផ្លូវ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​នឹង​ចាក់​ចូល​ទៅក្នុង​សហគមន៍​តាមរយៈ​ការ​ផ្តល់​ការងារ​ ​និង​ប្រាក់​ឈ្នួល​ដល់​ប្រជា​ពលរដ្ឋ​ផ្ទាល់ ជាពិសេស​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ ​និង​ប្រជា​ពលរដ្ឋ​ដែល​ត្រូវការ​ឱកាស​រក​ប្រាក់​ចំណូល​។​

​សម្តេច​ធិបតី​បាន​ជំរុញ​ឱ្យ​គម្រោង​នេះ​ចាប់ផ្តើម​អនុវត្ត​ឱ្យ​បាន​ឆាប់ ​ចាប់​ពី​ដើម​ឆ្នាំ​២០២៧​ ត​ទៅ ​ដើម្បី​បង្កើត​ឱកាស​ការងារ​រយៈពេល​ខ្លី​ដល់​ប្រជា​ពលរដ្ឋ​ ​ក្នុងពេល​ដែល​កម្ពុជា​កំពុង​ទទួល​រង​ផលប៉ះពាល់​ពី​អតិផរណា​។

​ជុំវិញ​គម្រោង​នេះ​ ​លោក​បណ្ឌិត​ ជ័យ​ តិច ​អ្នក​វិភាគ​សេដ្ឋកិច្ច​ ​និង​សង្គម ​បាន​មើលឃើញ​ថា​ ​គោលនយោបាយ​ ​«​Cash​-​for​-​Work​»​ ​គឺជា​យន្តការ​មួយ​ដែល​អាច​ប្រើប្រាស់​ថវិកា​កម្ចី ​ឬ​ជំនួយ​ពី​ធនាគារ​ពិភពលោក​ ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​និង​បង្កើត​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ក្នុងពេល​តែ​មួយ​។

​លោក​បណ្ឌិត​បាន​ចាត់ទុក​ថា​ ​គម្រោង​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ផលប្រយោជន៍​ទាំង​សងខាង​ ​(​Win​-​win Strategy​)​ ​ដោយ​អាច​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ជនបទ​ឱ្យ​បាន​ឆាប់រហ័ស​ ​ខណៈពេល​ជាមួយគ្នា​ក៏​ផ្តល់​ការងារ​ ​និង​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ​ ​ជាពិសេស​អ្នក​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។

​លោក​បណ្ឌិត​ ​ជ័យ​ តិច ​បាន​បន្ថែម​ថា​ ​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក៏​ជួយ​បង្កើន​ភាព​ជា​ម្ចាស់​លើ​ស​មិទ្ធផល​នៅក្នុង​សហគមន៍​ផងដែរ​ ព្រោះ​ប្រជា​ពលរដ្ឋ​នឹង​មាន​ការ​ស្រឡាញ់​ និង​ចូលរួម​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពួកគេ​បាន​ចូលរួម​សាងសង់​។

​លោក​បាន​បន្ត​ថា​ ​នៅពេល​ប្រជា​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ ​និង​ទទួល​បាន​ប្រាក់​ចំណូល​ ការ​ចំណាយ​ក្នុង​សេដ្ឋកិច្ច​ក៏​អាច​កើនឡើង​ដែរ​។ ​ទោះបីជា​គម្រោង​នេះ​មាន​រយៈពេល​ខ្លី​ក៏​ដោយ​ ​ប៉ុន្តែ​វា​អាច​ក្លាយជា​គំរូ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​ ​ដែល​អាច​ជំរុញឱ្យ​មាន​ការ​អនុវត្ត​គម្រោង​ស្រដៀង​គ្នា​នេះ​នៅ​តាម​សហគមន៍​ផ្សេង​ៗ​បន្ថែម​ទៀត​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា