ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​​ វាយ​លុក​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​​ វាយ​លុក​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង​

ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​​ វាយ​លុក​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង​

​ភ្នំពេញ​៖​ ​ផលិតផល​កសិ​-​កែច្នៃ​របស់​កម្ពុជា រួមទាំង​គ្រាប់​ស្វាយ​ចន្ទី​ ​និង​ម្រេច​ ​បច្ចុប្បន្ន​មាន​វត្តមាន​ដាក់​លក់​នៅ​តាម​ផ្សារ​អន្តរជាតិ​សរុប​ជាង​ ២៣ ០០០​ទីតាំង​ ​ក្នុង​នោះ​មាន​បណ្តាញ​ផ្សារ​ធំ​ៗ​ដូចជា​ ​Costco​,​ ​E.​Leclerc​,​ ​Carrefour ​និង​ Tesco​។ ​វឌ្ឍនភាព​នេះ​បង្ហាញ​ពី​ការ​ពង្រីក​វត្តមាន​ផលិតផល​កម្ពុជា​នៅលើ​ទីផ្សារ​ពិភពលោក​ ​ស្រប​ពេលវេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី​ ​និង​ម្រេច​ឆ្នាំ​២០២៦ ​បាន​បង្កើត​ឱកាស​ភ្ជាប់​អ្នក​ផលិត​ក្នុង​ស្រុក​ជាមួយ​អ្នក​បញ្ជាទិញ​ ​និង​វិនិយោគិន​អន្តរជាតិ​។

វេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី​ ​និង​ម្រេច​ឆ្នាំ​២០២៦ ​បាន​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១០ ​ដល់​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​ក្រោម​ប្រធានបទ «​ពី​កម្ពុជា​ទៅកាន់​ពិភពលោក​ ​(​Cambodia ​to the ​World​)​» ​ដោយ​មាន​គោលបំណង​ជំរុញ​ការ​នាំចេញ​ផលិតផល​ស្វាយ​ចន្ទី​ ​និង​ម្រេច​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ​និង​ពង្រីក​ទីផ្សារ​ទៅកាន់​សហ​ភាព​អឺរ៉ុប ​និង​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត​។

​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​សហការ​រៀបចំឡើង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​អាល្លឺម៉ង់ ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ផលិត ​អ្នក​កែច្នៃ​ ​អ្នក​នាំចេញ​ ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ វិនិយោគិន ​និង​អ្នក​ផ្តល់​សេវាកម្ម​បច្ចេកទេស​។

​លោក​ជំទាវ ច​ម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​បាន​លើកឡើង​ថា​ ​វេទិកា​ដែល​រៀបចំឡើង​ជា​លើក​ទី​២​នេះ​ ​គឺជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​អ្នក​ផលិត​ ​អ្នក​កែច្នៃ​ ​អ្នក​នាំចេញ ​និង​វិនិយោគិន ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ ​ជំរុញ​ការ​វិនិយោគ​លើ​ការ​កែច្នៃ​ដើម្បី​បង្កើត​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​សម្រាប់​ស្វាយចន្ទី ​និង​ម្រេច​កម្ពុជា​ ​ជា​ពិសេស​ទីផ្សារ​សហ​ភាព​អឺរ៉ុប​។

​លោក​ជំទាវ​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​នៃ​ផលិតផល​កម្ពុជា​ថា​ ​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​មាន​ទំហំ​ធំ ​និង​រសជាតិ​ខ្ទិះ​ឆ្ងាញ់​ជាប់​មាត់​ ​ខណៈ​ម្រេច​កំពត​ត្រូវ​បាន​ចុង​ភៅ​លំដាប់​កំពូល​ៗ​ជ្រើសរើស​ប្រើប្រាស់​ជា​គ្រឿងទេស​សម្រាប់​ចម្អិន​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន​ប្រណីត​ៗ​ជុំវិញ​ពិភពលោក​។

​ការ​ដាក់​លក់​ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​នៅ​តាម​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង ​រួម​មាន​បណ្តាញ​ផ្សារ​ធំ​ៗ​ដូចជា​ ​Costco​,​ ​E.​Leclerc​,​ ​Carrefour ​និង​ Tesco ​បាន​ឆ្លុះបញ្ចាំង​ពី​ឱកាស​ពង្រីក​ទីផ្សារ​របស់​ផលិតផល​ក្នុង​ស្រុក​។ ទន្ទឹមនឹង​នេះ​ ការ​ពង្រឹង​គុណភាព​ ​បង្កើន​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​បង្កើត​តម្លៃ​បន្ថែម​ ​គឺ​ជា​កត្តា​សំខាន់​សម្រាប់​បន្ត​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កសិផល​កម្ពុជា​។

​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​វេទិកា​នេះ​ ​សកម្មភាព​ជា​ច្រើន​ត្រូវ​បាន​រៀបចំឡើង​ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ​ជាមួយនឹង​ពិធី​បើក​ជា​ផ្លូវការ​ ​កិច្ច​ពិភាក្សា​គោលនយោបាយ​ ​និង​ហិរញ្ញប្បទាន ​ព្រមទាំង​សុន្ទរកថា​ស្វាគមន៍​ពី​លោក​ជំទាវ ចម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ឯកឧត្តម​ ឌិត ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ​ឯកឧត្តម​ ​ហែម វណ្ណ​ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍ ​លោក​ស្រី​ Silke Röfer ​ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ​និង​លោក​ ​Bryan Fornari ​ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

​ក្នុង​ថ្ងៃ​ដំបូង​នេះ​ ​ក៏​មាន​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​រវាង​សហព័ន្ធម្រេច ​និង​គ្រឿងទេស​កម្ពុជា​ ​(​CPSF​) ​និង​សហគមន៍​ម្រេច​អន្តរជាតិ​ ​(​IPC​)​។​ ​កិច្ច​ពិភាក្សា​ផ្សេង​ៗ​ទៀត​បាន​ផ្តោត​លើ​សក្តានុពល​នៃ​គ្រាប់​ស្វាយចន្ទី​ពូជ​ ​M23 ​របស់​កម្ពុជា​ ​និន្នាការ​ទីផ្សារ​សកល ​និង​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញប្បទាន​ក្នុង​វិស័យ​កសិ-​ពាណិជ្ជកម្ម​។

ដោយឡែក​ ​នៅ​ថ្ងៃ​ទី​២ ​កម្មវិធី​បាន​ផ្តោត​លើ​ការ​ពង្រឹង​គុណភាព​ក្រោយពេល​ប្រមូល​ផល ​និង​សិក្ខាសាលា​បច្ចេកទេស ​ដោយ​យក​បទពិសោធន៍​នៃ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​មក​ធ្វើជា​មេរៀន​សម្រាប់​ការ​អភិវឌ្ឍ​ការ​នាំចេញ​ស្វាយចន្ទី ​និង​ម្រេច​។ ​ប្រធានបទ​សំខាន់​ៗ​រួម​មាន​ ​ការ​គ្រប់គ្រង​ក្រោយពេល​ប្រមូល​ផល ​និង​ការ​ធានា​គុណភាព​សម្រាប់​អាជីវកម្ម​។

​ក្នុង​ឱកាស​នោះ​ ​សហព័ន្ធ​ស្វាយ​ចន្ទី​កម្ពុជា​ ​(​CCF​) ​និង​ក្រុមហ៊ុន​ S​GS ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ MOU ​ព្រមទាំង​មាន​ការ​ប្រគល់​មគ្គុទ្ទេសក៍​សម្រាប់​អ្នក​បញ្ជាទិញ​ស្វាយ​ចន្ទី​ផងដែរ​។ ​នៅពេល​រសៀល​ ​អ្នក​ចូលរួម​បាន​ទទួល​ការ​បណ្តុះបណ្តាល​ស៊ី​ជម្រៅ​ស្តីពី​យុទ្ធសាស្ត្រ​លក់​ ការ​ស្វែងរក​ឱកាស​នៅក្នុង​ទីផ្សារ​ស្វាយចន្ទី​អឺរ៉ុប ​និង​បច្ចេកទេស​កែច្នៃ​ស្វាយចន្ទី​ដើម្បី​បង្កើន​ប្រាក់​ចំណេញ ​និង​ប្រសិទ្ធភាព​ផលិតកម្ម​។

​សម្រាប់​ថ្ងៃ​ទី​៣ ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​ ​អ្នក​បញ្ជាទិញ​ ​និង​វិនិយោគិន​អន្តរជាតិ​បាន​ចុះ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​នៅ​តាម​ចម្ការ​ ​និង​រោងចក្រ​កែច្នៃ ​ដោយ​បែងចែក​ជា​ពីរ​ក្រុម​ទៅកាន់​ខេត្ត​កំពង់ធំ​ ​និង​ខេត្ត​ត្បូងឃ្មុំ​។

​ក្រុម​ទស្សនកិច្ច​ដែល​ផ្តោត​លើ​ផលិតផល​ស្វាយចន្ទី​បាន​ចុះ​ពិនិត្យ​ចម្ការ​ស្វាយចន្ទី ​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​កសិកម្ម ​និង​ទស្សនា​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​ ​Pinex ​Agro ​នៅ​ខេត្ត​កំពង់ធំ​។​ ​ចំណែក​ក្រុម​ដែល​ផ្តោត​លើ​ផលិតផល​ម្រេច​បាន​ចុះ​ពិនិត្យ​ចម្ការ​ម្រេច​ ​ជួប​ជាមួយ​សហគមន៍​កសិកម្ម ​និង​ទស្សនា​រោងចក្រ​កែច្នៃ​ម្រេច​ Sela Pepper ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

វេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី​ ​និង​ម្រេច​ឆ្នាំ​២០២៦ ​មិន​ត្រឹមតែ​ជា​វេទិកា​ពិភាក្សា​គោលនយោបាយ​ ​និង​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ជា​យន្ត​ការ​ផ្គូផ្គង​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​រវាង​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា​ ​ជាមួយ​អ្នក​បញ្ជាទិញ​ ​និង​អ្នក​ផ្តល់​បច្ចេកវិទ្យា​ពី​អឺរ៉ុប ​ដើម្បី​ជំរុញ​ការ​កែច្នៃ​ក្នុង​ស្រុក​ ​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រឹង​ជំហរ​កម្ពុជា​ជា​ប្រទេស​ផ្គត់ផ្គង់​កសិផល​មាន​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​ពិភពលោក​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា