សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ហ្វូ​ចូវ​៖​ ​ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា​។​

​ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ទាំង​ ​៣ ​ស្ថិត​ក្នុង​ចំណោម​អង្គភាព​ព័ត៌មាន​ជាង​ ​១៧០ ​មកពី​ប្រទេស​ជាង​ ​១០០ ​ជុំវិញ​ពិភពលោក​ ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក្រោម​ការ​រៀបចំ​របស់​សារព័ត៌មាន​ចិន People’s ​Daily​។

​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​ វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​បាន​ក្លាយជា​ជំនួប​ដ៏​សំខាន់​សម្រាប់​វិស័យ​សារព័ត៌មាន​អន្តរជាតិ​ ​ដោយ​ផ្តល់​ឱកាស​ដល់​អ្នក​រៀបចំ​គោលនយោបាយ​ ​អ្នក​សារព័ត៌មាន​ វិនិយោគិន ​និង​អ្នក​បញ្ញវន្ត ​ជួប​ជុំ ​ផ្លាស់ប្តូរ​ទស្សនៈ​ ​និង​ពង្រឹង​ទំនាក់ទំនង​សហ​ប្រតិបត្តិការ​រវាង​គ្នា​។

​សម្រាប់​ឆ្នាំ​នេះ​ វេទិកា​ត្រូវ​បាន​រៀបចំ​ក្រោម​ប្រធានបទ ​«​ការ​ស្វែងយល់​រួម ​និង​បំណង​ប្រាថ្នា​រួម​៖​ មួយ​ទសវត្សរ៍​នៃ​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ​»​។ ​កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បរិបទ​អន្តរជាតិ​ដែល​កំពុង​ផ្លាស់ប្តូរ​ ​ឱកាស​ ​និង​បញ្ហា​ប្រឈម​ពី​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ​និង​ការ​ប្រាស្រ័យទាក់ទង​ជា​សកល​។

​វេទិកា​នេះ​ក៏​នឹង​ផ្តល់​សេវា​បកប្រែ​ផ្ទាល់​មាត់​ជា​ ៨ ​ភាសា ​រួម​មាន​ ​ចិន​ អារ៉ាប់ អង់គ្លេស​ បារាំង​ ​កូរ៉េ ព័រ​ទុយហ្គាល់ ​រុស្ស៊ី ​និង​អេស្ប៉ាញ​។​

​ដោយឡែក​ វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី​លើក​ទី​១២​ ​នឹង​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​ធំ​ៗ​ អ្នក​បញ្ញវន្ត ​អ្នក​ជំនាញ ​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​មកពី​បណ្តា​ប្រទេស​អាស៊ាន​បូក​បី ​ដើម្បី​ពិភាក្សា​ពី​សក្តានុពល​នៃ​យន្តការ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​ព្រមទាំង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​ផ្លាស់ប្តូរ​ចំណេះដឹង​ផ្នែក​អរិយធម៌​រវាង​ប្រទេស​សមាជិក​។

វេទិកា​អាស៊ាន​បូក​បី​នេះ​នឹង​មាន​សេវា​បក​ប្រែ​ជា​ ​១០ ​ភាសា ​រួម​មាន​ ​ចិន​ អង់គ្លេស​ ​ជប៉ុន ​ខ្មែរ​ កូរ៉េ ឡាវ ​ភូមា ​ព័រទុយ​ហ្កាល់ ​ថៃ​ ​និង​វៀតណាម​។​

​សម្រាប់​កម្ពុជា​ ការ​ចូលរួម​របស់​ស្ថាប័ន​សារព័ត៌មាន​ទាំង ​៣ ​ផ្តល់​ឱកាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​ដៃគូ​អន្តរជាតិ​ ​និង​ចូលរួម​ក្នុង​ការ​ផ្លាស់ប្តូរ​ទស្សនៈ​លើ​កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ ​និង​ពិភពលោក​។

​យោង​តាម​អ្នក​រៀបចំ​កម្មវិធី​ ​ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​រៀបចំ​សិក្ខាសាលា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រយៈពេល​មួយ​សប្តាហ៍​នៅក្នុង​ប្រទេស​ចិន​ផងដែរ​៕

រូបភាព៖ ថ្មីៗ

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា