ម្រេចដែល​កម្ពុជាផលិត​បានប្រមាណ​ ៩០ភាគរយ ​ត្រូវនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្រេចដែល​កម្ពុជាផលិត​បានប្រមាណ​ ៩០ភាគរយ ​ត្រូវនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ

ម្រេចដែល​កម្ពុជាផលិត​បានប្រមាណ​ ៩០ភាគរយ ​ត្រូវនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ

ភ្នំពេញ ៖ កម្ពុជា​ ជាប្រទេស​ដែលល្បី​ល្បាញមួយ​លើពិភពលោក​លើការ​ដាំដុះ​ដំណាំម្រេច​ដែលមានគុណភាពខ្ពស់​​ ប៉ុន្តែប្រជាជនកម្ពុជា​ភាគច្រើនមិននិយមទទួលទានម្រេច ដូច្នេះហើយ​ម្រេច​ដែល​កសិករ​កម្ពុជា​ផលិតបាន ប្រមាណ៩០ភាគរយ​ ត្រូវ​នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

យោងតាមលោកស្រី សួន ជុឡា នាយិកា​ប្រតិបត្តិ​សហព័ន្ធម្រេច និង​គ្រឿងទេសកម្ពុជាបានថ្លែងក្នុងកិច្ច​សម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា បច្ចុប្បន្ន​នេះ ម្រេច​ដែលកសិករ​កម្ពុជាបានដាំដុះ​ និងប្រមូល​ផលប្រមាណ៩០ភាគរយ​នៃទិន្នផល​ទាំង​អស់ ត្រូវបាននាំចេញទៅកាន់​ទីផ្សារ​អន្តរជាតិ ព្រោះ​ម្រេច​កម្ពុជា​ត្រូវបានទទួលស្គាល់ថាជាម្រេច​ដែលមានគុណភាពខ្ពស់ធៀបនឹង​បណ្ដាប្រទេស​ផលិតម្រេចផ្សេងៗទៀតនៅលើពិភពលោក ។​

លោកស្រីបន្តថា​ ដោយសារ​គុណភាពម្រេចរបស់​កម្ពុជា​ល្អជាងបណ្ដាប្រទេសផ្សេងទៀត ធ្វើឱ្យតម្រូវការ​ម្រេច​កម្ពុជា​នៅលើទីផ្សារ​អន្តរ​ជាតិ​កាន់តែកើនឡើង ហើយកសិករ​កម្ពុជា ​ក៏បានបង្កើនការ​ដាំដុះ​ម្រេច​ជា​បន្ត​បន្ទាប់​ដើម្បី​បំពេញតម្រូវ​ការទីផ្សារអន្តរជាតិ ។​ បន្ថែមពីនេះ កសិករ​កម្ពុជា​មួយចំនួនបានយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រ ​និងរបៀបដាំដុះថែទាំ ដើម្បី​បង្កើន​គុណភាពម្រេច ។ ប៉ុន្តែ​ក៏មានកសិករ​​​ថ្មីៗមួ​យ​ចំ​នួ​នទៀ​ត​ មិ​នទាន់យល់ច្បាស់ពីវិធីសាស្ត្រ​​ដាំ​ដុះ​ ​ថែទាំ​ម្រេច​បានល្អនៅឡើយ ។

លោកស្រីបន្តទៀតថា ដើម្បីឆ្លើយតប​នឹង​បញ្ហា​នេះ សហព័ន្ធម្រេច​ និងគ្រឿងទេសកម្ពុជា ក៏បានរៀបចំ​វគ្គ​ប​ណ្ដុះ​​​បណ្ដាល​ពីបច្ចេកទេស​ក្នុងការ​ដាំដុះ និងថែទាំ​ម្រេចឱ្យទទួល​បា​ន​ទិន្ន​ផល​ខ្ពស់ គុណភាពល្អ និងមានសុវត្ថិ​ភាព​ស​ម្រាប់​​​ផ​លិត​ និងនាំចេ​ញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

លោកស្រីបន្ថែមថា ក្នុងពេ​លដែលតម្រូវ​ការទីផ្សារ​ម្រេច​កម្ពុជា​លើឆាកអន្តរជាតិ​កាន់តែកើនឡើង​ខ្ពស់ សហ​ព័ន្ធម្រេច និ​ងគ្រឿងទេស​កម្ពុជា បាន​ជំរុ​ញ​ឱ្យសមាជិក​ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុង​វិស័យនេះកែច្នៃ ផលិតផល​ម្រេច​ទៅជាផលិតផលសម្រេច​ផ្សេងទៀតក្រៅពីការនាំចេញគ្រាប់​ម្រេចតែមួយមុខ ក្នុងនោះ មានដូចជា​ ការ៉េម​ម្រេច​ កាហ្វេរសជាតិម្រេច  និង​ផលិតផលផ្សេងៗមួយចំនួន​ទៀត ​។​

បើតាម​នាយិកាប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ ម្រេច​កម្ពុជា​បាននាំចេ​ញទៅកាន់​ទីផ្សារ​ជាច្រើន​ រួមមាន សហភាពអឺរ៉ុប ជប៉ុន កូរ៉េ ជាដើម ហើយ​តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល ​និងដៃគូពាក់ព័ន្ធរំពឹងថា ​ផលិតផល​ម្រេច​កម្ពុជា​នឹង​ពង្រីកទីផ្សារ​បានកាន់តែច្រើនថែមទៀត ។​

បើតាមលោក​កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ម្រេចកំពត (KPPA) ​បានថ្លែងថា ម្រេច​កំពត​ត្រូវបាន​ទទួលស្គាល់ជាម្រេច​មានគុណភាពជាង​គេ​របស់កម្ពុជា ព្រមទាំង​បានចុះបញ្ជីជា​ផលិតផល​សម្គាល់ភូមិ​សាស្ត្រ​ ធ្វើឱ្យផលិតផលមួយនេះមានភាពល្បីល្បាញលើ​ឆាកអន្តរជាតិ ។​ ដោយសារតែផលិតផល​ម្រេចកំពតមានភាពល្បីល្បាញ មានបណ្ដាប្រទេសជាច្រើន​នៅលើពិភពលោក​ ក្នុងនោះមានដូចជា អឺរ៉ុប និងអាស៊ី បាន​បញ្ជាទិញម្រេចកំពត​កាន់តែច្រើន ធ្វើឱ្យកសិករ​ដាំដុះម្រេច​កំពត​ពង្រីកផ្ទៃដីដាំដុះ​ជា​បន្ត​បន្ទាប់ ។​

លោកបន្តថា​ ដោយសារតែម្រេច​កំពត​មានទីផ្សារ​នៅលើ​ឆាកអន្តរជាតិ និងមានតម្លៃខ្ពស់ផងនោះ ធ្វើឱ្យកសិករ​​នៅក្នុងខេត្តកំពត​និងកែប ទាំងអ្នកចាស់​ និងអ្នកថ្មី បានពង្រីកការ​ដាំដុះជាបន្តបន្ទាប់​ ដោយគិត​ត្រឹម​ឆ្នាំ២០២៦​នេះ ផ្ទៃដីដាំដុះ​ម្រេច​ដែលបានចុះបញ្ជីក្នុងសមាគម​ មានចំនួន ​២០៤ហិកតា ឬស្មើនឹង​ ៥១០ ៥១៥ ជន្លង់ ក្នុងនោះ​ម្រេច​ដែលអាចប្រមូល​ផល​បានចំនួន ៣៥៨ ៦៧៩​ ជន្លង់ ដោយរំពឹងថា​នឹងទទួលបានទិន្នផលប្រមាណ ​១២០​តោនក្នុងឆ្នាំ២០២៦នេះ ។​

​បើតាមលោក ស៊ីណុច ក្នុងឆ្នាំ២០២៦នេះ តម្លៃម្រេច​កំពត​ដែលលក់ឱ្យទៅ​ក្រុមហ៊ុនប្រមូល​ទិញ គឺ​ម្រេច​ខ្មៅមានតម្លៃ ២០ដុល្លារ​ក្នុងមួយគីឡូក្រាម ម្រេច​ក្រហម ៣០ដុល្លារ​ក្នុងមួយគីឡូក្រាម និង​ម្រេច​ស មានតម្លៃ ៣២​ដុល្លារអាម៉េរិក​ក្នុងមួយគីឡូក្រាម​ ។​

នៅក្នុងឱកាស​អញ្ជើញជា​អធិបតីក្នុងពិធីបើក​វេទិកា​ពាណិជ្ជកម្ម​ស្វាយចន្ទី និងម្រេច​ កម្ពុជា​ឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះ លោកជំទាវ​ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានមានប្រសាសន៍ថា ម្រេចកំពតរបស់កម្ពុជា ត្រូវបានចុងភៅលំដាប់កំពូលៗលើពិភពលោកជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីត។ ជាមួយគ្នានេះ ដោយសារ​កិច្ចខិត​ខំប្រឹងប្រែង​របស់ក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ ផលិតផលកសិផល រួមទាំងម្រេច​របស់កម្ពុជាផងដែរ កំពុងបង្ហាញវត្ត​មាន​នៅលើទីផ្សារ​ជាច្រើនលើ​ឆាកអន្តរជាតិជាង ២៣ ០០០ទីតាំង ជាមួយនឹងការទទួលស្គាល់ពីគុណភាព និងរសជាតិផលិតផល​របស់កម្ពុជា​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា