បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ភ្នំពេញ ៖ ក្នុងដំណើរ​បេសកកម្ម​របស់​មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នៅប្រទេស​ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក្នុងគោល​បំណង​គោះទ្វារ​អ្នកវិនិយោគ ឬទាក់ម៉ូយឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ជាលទ្ធផលបានកត់សម្គាល់ឃើញថា​ មានធុរជន ក៏ដូចជាក្រុមហ៊ុនធំៗ ជាពិសេសផ្នែកឧស្សាហកម្មកម្រិតធ្ងន់ និងបច្ចេកវិទ្យាចាប់អារម្មណ៍ចង់មកដាក់ទីតាំងរបស់ខ្លួននៅកម្ពុជា។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌មានជា​បន្តបន្ទាប់ពី​សកម្មភាព​របស់​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​បានជួបជាមួយ​សមាគម​ធុរកិច្ច​ និង​វិនិយោគិន​ជាច្រើននៅក្នុង​ប្រទេស​ជប៉ុន ដូចជា ​កិច្ចជំនួបជាមួយ​នាយក​ប្រតិបត្តិ​អង្គការ​ពាណិជ្ចកម្ម​ក្រៅប្រទេស​ជប៉ុន​ ហៅកាត់ថា JETRO ដោយក្នុងឱកាស​នោះ ឯកឧត្តម ស៊ុន ចាន់ថុល​ បានផ្សព្វផ្សាយ​ពី​សក្ដានុពល ​និង​ឱកាស​វិនិយោគនៅកម្ពុជាដល់​សហគ្រាស​ធុនតូច និងមធ្យម​របស់ជប៉ុន ដែលមានសមាជិកប្រមាណ ៣០ ០០០​ សហគ្រាស។ ក្រៅពីនេះ ឯកឧត្តមក៏បានឡើងថ្លែងបាឋកថា ក្នុងវេទិកា​ Nikkei Forum ដែលជា​ឱកាស​សម្រាប់​កម្ពុជាផ្សព្វ​ផ្សាយ​ពីសក្ដានុពលវិនិយោគយ៉ាងទូលាយផងដែរ។

ដោយឡែក​ នៅក្នុងប្រទេស​កូរ៉េ​ខាងត្បូង ​ក៏​មិនខុសពីនៅប្រទេសជប៉ុននោះដែរ ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានដឹកនាំមន្ត្រី និងវិនិយោគិន​កម្ពុជា​ ជួបពិភាក្សា ​ឈ្វេងយល់ពីគ្នា ដើម្បីបង្កើតឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលអនាគតរួមគ្នា ​​។​

នៅក្នុងឱកាស​នៃការបំពេញបេសកកម្ម​នេះដែរ គេសង្កេតឃើញថា មានទាំងក្រុមហ៊ុនរបស់ជប៉ុន ក៏ដូចជាក្រុមហ៊ុនកូរ៉េ​ខាង​ត្បូងជាច្រើន​បានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា​ ជាក់ស្ដែង​ លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ និងជាប្រធាន ព្រមទាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sumitomo Electric Industries, Ltd បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាង​ខ្លាំងលើភាព​រីកចម្រើន និងសក្ដានុពលសេដ្ឋកិច្ច​របស់កម្ពុជា​នាពេលបច្ចុប្បន្ន ។​

លោក​បណ្ឌិត​ អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​តែងតែស្វាគមន៍​វិនិយោគិន​ និងធុរជនជប៉ុន រាល់ពេលមានដំណើរទស្សនកិច្ចរបស់​ប្រតិភូជប៉ុនមកកម្ពុជា បានមានប្រសាសន៍លើកឡើង​ថា ជប៉ុន ​គឺជា​វិនិយោគិនដ៏ស្មោះត្រង់​ ។ សហគ្រិន​ក្នុងវិស័យ​ SME របស់ជប៉ុន​មានរហូតដល់ជាង​ ៣លាន​សហគ្រាស ដូច្នេះ បើសិនជា​កម្ពុជា​អាចទាក់ទាញសហគ្រិន​ជប៉ុន​បានតែ​១ភាគរយក៏ឃើញថា​​មានចំនួនរាប់​ម៉ឺន ដែលអាច​ឱ្យសេដ្ឋកិច្ច​កម្ពុជា​កាន់តែខ្លាំង​ឡើង តាមរយៈការ​នាំយក​បច្ចេកវិទ្យាថ្មីៗ​ ជួយ​បណ្ដុះបណ្ដាលធនធានមនុស្ស​នៅកម្ពុជា និង​ផ្ដល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង ជាពិសេស​អាច​រួមចំណែកដល់ការ​ផលិត ​និ​ងនាំចេញរបស់​កម្ពុជា ។

អ្នកឧកញ៉ា​បណ្ឌិត សំ សុខនឿន ធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា ជាក់ស្ដែង ដូច​ឃើញ​កន្លងមកស្រាប់ហើយ បន្ទាប់ពី​ថ្នាក់ដឹកនាំបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេស​ ជាពិសេស​ បេកកសកម្ម​ស្វែងរក​អ្នកវិនិយោគក៏ឃើញថា មាន​វិនិយោគិនថ្មីៗចូលមកវិនិយោគនៅកម្ពុជាទៅតាមវិស័យ ជាពិសេស ឧស្សាហកម្មបច្ចេកវិទ្យា ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា