ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ភ្នំពេញ៖ ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

Advertisement

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ AMS Economy នារសៀលថ្ងៃទី ១៩ ខែឧសភា ថា ការប្រើប្រាស់កាន់តែមានប្រសិទ្ធភាពនូវបណ្តាញភ្ជាប់ផ្លូវអាកាសដែលមានស្រាប់ សមត្ថភាពផ្នែកភស្តុភារកម្ម (Logistics) និងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់របស់កម្ពុជា គឺជាគន្លឹះដែលធ្វើឱ្យបរិមាណទំនិញតាមផ្លូវអាកាសរបស់កម្ពុជាបានកើនឡើងខ្ពស់។

ឯកឧត្តមបានមានប្រសាសន៍ថា ផ្អែកលើទិន្នន័យបច្ចុប្បន្ន និងការវិវត្តនៃទីផ្សារ កម្ពុជាបានគ្រប់គ្រង និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានប្រមាណ ៣០,៤៤៨ តោន ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីកំណើនយ៉ាងរឹងមាំប្រហែល ៣៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចលនាហោះហើរសរុបបានកើនឡើងត្រឹមតែប្រមាណ ២ ភាគរយ ប៉ុណ្ណោះ (ស្មើនឹង ២៣,២០៤ ជើងហោះហើរ)។

ឯកឧត្តមបានបញ្ជាក់ថា៖

“ទិន្នន័យនេះបង្ហាញថា តម្រូវការដឹកជញ្ជូនទំនិញមានការរីកចម្រើនលឿនជាងប្រតិបត្តិការហោះហើរសរុបយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីការប្រើប្រាស់កាន់តែមានប្រសិទ្ធភាពនូវបណ្តាញភ្ជាប់ផ្លូវអាកាស ដែលមានស្រាប់ សមត្ថភាពផ្នែកភស្តុភារកម្ម (Logistics) និងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់របស់កម្ពុជា។”

ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ កំពុងប្រតិបត្តិការហោះហើរចូល និងចេញពីកម្ពុជា (រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងក្រុមហ៊ុនអន្តរជាតិ ២៩) មិនមែនសុទ្ធតែជាក្រុមហ៊ុនដឹកជញ្ជូនទំនិញសរុប (Dedicated Cargo) នោះទេ។ ទំនិញមួយផ្នែកធំត្រូវបានដឹកជញ្ជូនតាមរយៈបាតក្រោមនៃយន្តហោះដឹកអ្នកដំណើរ (Belly-hold capacity) ខណៈដែលមានតែក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរយុទ្ធសាស្ត្រមួយចំនួនប៉ុណ្ណោះ ដែលគ្រប់គ្រងបរិមាណដឹកជញ្ជូនទំនិញធំៗ ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច ផលិតផលកសិកម្ម ការដឹកជញ្ជូនរហ័សទាន់ចិត្ត (Express freight) និងទំនិញដែលមានកំណត់ពេលវេលាច្បាស់លាស់។

ឯកឧត្តម បានគូសបញ្ជាក់ថា៖

“តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម និងភស្តុភារកម្ម ភាពរឹងមាំនៃបណ្តាញភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការកើនឡើងនូវទំនុកចិត្តលើវិស័យអាកាសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់កម្ពុជា។”

ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែជាប្រទេសដែលមានទំហំនាំចូលសុទ្ធ (Net Importer) បើគិតតាមតម្លៃពាណិជ្ជកម្មក្នុងស្រុក អំឡុងពេលបួនខែដំបូងនៃឆ្នាំ ២០២៦ នេះ ដោយសារការនាំចូលនៅតែបន្តមានទំហំធំជាងការនាំចេញ ដែលនេះបណ្តាលមកពីការពឹងផ្អែករបស់ប្រទេសលើការនាំចូលនូវធាតុចូលឧស្សាហកម្ម គ្រឿងចក្រ ប្រេងឥន្ធនៈ និងវត្ថុធាតុដើម ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសង្វាក់ផលិតកម្មសម្រាប់ការនាំចេញ។

សូមជម្រាបថា រយៈពេល ៤ ខែ ដើមឆ្នាំ ២០២៦ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ (តេជោ – សៀមរាបអង្គរ – ព្រះសីហនុ / KTI – SAI – KOS) មានចលនាជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២ ម៉ឺនជើង (២៣,២០៤ ជើង) មានការកើនឡើងប្រមាណ ២ ភាគរយ បើធៀបទៅនឹងរយៈពេល ៤ ខែដូចគ្នាឆ្នាំ ២០២៥ (ខែមករា-មេសា ឆ្នាំ២០២៦ ធៀបទៅនឹងខែមករា-មេសា ឆ្នាំ២០២៥)។ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២ លាននាក់ (២,៤២៨,០០៩ នាក់) មានការថយចុះប្រមាណ ៤ ភាគរយ បើធៀបទៅនឹងរយ:ពេល ៤ ខែដូចគ្នាឆ្នាំ ២០២៥ (ខែមករា-មេសា ឆ្នាំ ២០២៦ ធៀបទៅនឹងទៅនឹងខែមករា-មេសា ឆ្នាំ ២០២៥)។

បើគិតត្រឹមថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល មានចំនួន ៣៣ ក្រុមហ៊ុន (រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩) ដែលមានជើងហោះហើរ (ទ្វេទិស) ជាមធ្យមប្រចាំសប្តាហ៍អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៧០៨ ជើង/សប្តាហ៍ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ ជើង/សប្តាហ៍ (ទ្វេទិស)អាកាសយានដ្ឋានតារាសាគរ ចំនួន ៤ ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក រវាង KTI ⇄ DSY។

សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស)ជាមធ្យមប្រចាំសប្តាហ៍ តាមតាមកាលវិភាគ/ការប្រតិបត្តិការដែលបានកត់ត្រា ចន្លោះថ្ងៃទី ១–១៥ ខែឧសភា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានទាំងបួន (៤) មានចំនួន ៩៨៦ ជើង/សប្តាហ៍។ បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរមានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា