ភ្នំពេញ៖ ទោះបីជាវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៦នេះ មិនទាន់មានសញ្ញាងើបឡើងវិញពេញលេញដូចកាលមុនវិបត្តិកូវីដ-១៩ ហើយការវិនិយោគលើគម្រោងធំៗមានការថមថយក៏ដោយ ក៏វិស័យនេះនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសការងារ និងបង្កើតប្រាក់ចំណូលជាប្រចាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់កម្មករ-និយោជិតកម្ពុជាមួយចំនួនដែរ។
លោក សារឿន សុខា ប្រធានសមាគមកម្មករសំណង់កម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា បើទោះបីជាការដ្ឋានសំណង់អគារខ្ពស់ៗ និងគម្រោងធំៗមានការថយចុះប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗក៏ដោយ ប៉ុន្តែសកម្មភាពសំណង់លក្ខណៈតូចតាចដូចជា ការសាងសង់ផ្ទះក្នុងបុរី និងផ្ទះឯកជននៅតែមានដំណើរការជាហូរហែ ហើយតាមរយៈសកម្មភាពទាំងនេះបានផ្ដល់ឱកាសការងារ និងប្រាក់ចំណូលជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ ដល់កម្មករដដែល ។

ប្រធានសមាគមរូបនេះបានបន្ថែមថា ប្រាក់កម្រៃ ឬប្រាក់ចំណូលក្នុងវិស័យសំណង់ គឺអាស្រ័យលើកម្រិតជំនាញ។ សម្រាប់កម្មករគ្មានបទពិសោធន៍ ឬមិនទាន់មានជំនាញអ្វីសោះ ក៏អាចរកចំណូលបានយ៉ាងតិច ១០ដុល្លារ ឬ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ពោលគឺអាចទទួលបានប្រាក់ខែជាមធ្យមយ៉ាងតិច ២៥០ដុល្លារអាម៉េរិក។ ដោយឡែក កម្មករដែលមានបទពិសោធន៍ ចំណេះ និងជំនាញច្បាស់លាស់ អាចទទួលបានប្រាក់កម្រៃខ្ពស់ជាងនេះ។
បន្ថែមពីលើសំណង់ឯកជន លោក សារឿន សុខា បានឱ្យដឹងទៀតថា គម្រោងសំណង់សាធារណៈរបស់រដ្ឋ ដូចជា ការដ្ឋានសាងសង់ផ្លូវ ស្ពាន និងអគាររដ្ឋផ្សេងៗ ក៏កំពុងបន្តស្រូបយកកម្លាំងពលកម្មយ៉ាងច្រើន និងផ្ដល់ប្រាក់ខែសមរម្យជូនកម្មករផងដែរ។
ស្របពេលជាមួយគ្នានេះ លោក សឿន សុជាតិ ប្រធានគ្រប់គ្រងក្រុមវិស្វករប្រចាំក្រុមហ៊ុនសំណង់មួយនៅរាជធានីភ្នំពេញ បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរលំហូរកម្លាំងពលកម្ម ដោយកម្មករសំណង់ភាគច្រើនបានផ្លាស់ប្តូរពីការដ្ឋានធំៗ ទៅធ្វើការនៅតាមការដ្ឋានលក្ខណៈឯកជនតូចៗ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
លោកបានបន្ថែមថា កម្មករដែលធ្វើការតាមការដ្ឋានតូចៗ ជួនកាលអាចរកចំណូលបានច្រើនជាងការដ្ឋានធំៗ ដោយសារការដ្ឋានមួយចំនួនអនុវត្តការងារតាមប្រព័ន្ធ «ម៉ៅការផ្ដាច់» (ធ្វើលឿន បើកប្រាក់លឿន) ដែលជំរុញឱ្យពួកគេខិតខំបញ្ចប់ការងារបានឆាប់រហ័ស ដើម្បីទទួលបានប្រាក់កម្រៃ និងផ្លាស់ទៅទទួលការដ្ឋានថ្មីៗបន្តទៀត។
ជាមួយគ្នានេះដែរ អ្នកជំនាញក្នុងវិស័យសំណង់ និងអចលនទ្រព្យបានទទួលស្គាល់ពីការថយចុះនៃគម្រោងសំណង់អគារខុនដូ ការិយាល័យ និងអគារពាណិជ្ជកម្មធំៗ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានលើកឡើងថា ដំណើរការនៃវិស័យសំណង់ទាំងមូលមិនបានគាំងស្ទះនោះឡើយ។
លោក ប៉ូ អ៊ាវគង់ បានពន្យល់ថា៖ ថ្វីត្បិតតែសំណង់អគារពាណិជ្ជកម្មធំៗមិនសូវមានសកម្មភាពខ្លាំងក្លា ប៉ុន្តែសំណង់ក្នុងវិស័យឧស្សាហកម្ម ដូចជាការសាងសង់រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញផ្សេងៗ នៅតែមានសកម្មភាពយ៉ាងរស់រវើក។
លោកបានបន្ថែមថា សកម្មភាពសាងសង់ក្នុងវិស័យឧស្សាហកម្មទាំងនេះ មិនត្រឹមតែបន្តបង្កើតឱកាសការងារដល់កម្មករសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ទល់ និងរក្សាសកម្មភាពទិញ-លក់អចលនទ្រព្យ ជាពិសេសដីធ្លីលក្ខណៈលំនៅដ្ឋាននៅកម្ពុជាឱ្យនៅតែមានចលនាជាបន្តបន្ទាប់ផងដែរ ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា វិស័យសំណង់កម្ពុជានាដើមឆ្នាំ២០២៦ គាំទ្រជាចម្បងដោយគម្រោងសំណង់ឧស្សាហកម្ម និងសំណង់សាធារណៈ ។ ការផលិតសម្ភារ និងបរិក្ខាសំណង់ ក្នុងស្រុកត្រូវបានប៉ាន់ស្មានថា កើនឡើងប្រមាណ ១២,៣ភាគរយ ខណៈការនាំចូលពីខាងក្រៅធ្លាក់ចុះ ០,១ភាគរយ ។
បើតាមរបាយការណ៍ដដែលបង្ហាញថា គម្រោងសំណង់ឯកជនដែលទទួលបានការអនុម័ត ដូចជា សំណង់លំនៅឋានសហកម្មសិទ្ធិ សំណង់អគារពាណិជ្ជកម្មមានការធ្លាក់ចុះជាងឆ្នាំមុន ប៉ុន្តែគម្រោងសំណង់សាធារណៈ និងគម្រោងសំណង់ឧស្សាហកម្មមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ៕























