វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

​ក្នុង​បទបង្ហាញ​នៅ​វេទិកា​ ​និង​ពិព័រណ៍​កសិកម្ម​កម្ពុជា​ ​ឆ្នាំ​២០២៦ ​(​CAF​E 26​) ​លោក​ ​ឃុន កក្កដា​ ​អគ្គ​នាយក​រង​ទទួល​បន្ទុក​រួម​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​ជា​ប្រទេស​ផលិត​កៅស៊ូ​ធំ​ជាង​គេ​លំដាប់​ទី​៧ ​នៅលើ​ពិភពលោក​ ​ដោយ​មាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៥​។

​លោក​បាន​បញ្ជាក់​ថា​ ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​កៅស៊ូ​ខ្នាត​ធំ​ក្នុង​ទម្រង់​ឧស្សាហកម្ម​កសិកម្ម ​បាន​រួមចំណែក​ក្នុង​សមាមាត្រ​ប្រហាក់ប្រហែលគ្នា​ ​ដោយ​ចម្ការ​គ្រួសារ​រួមចំណែក​ប្រមាណ​ ៤៨​%​ ​និង​ចម្ការ​ខ្នាត​ធំ​ប្រមាណ​ ​៥២​%​។

​លោក​បាន​បន្ថែម​ថា​ ​ទិន្នផល​កៅស៊ូ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ ​ដោយសារ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​ប្រមាណ​ ​១០​ម៉ឺន​ហិកតា​ផ្សេងទៀត ​នឹង​ឈានដល់​អាយុ​ដែល​អាច​ចាប់ផ្ដើម​ចៀរ​ជ័រ​បាន​។

ការ​រីកចម្រើន​នៃ​វិស័យ​កៅស៊ូ​ក៏​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​កើនឡើង​នៃ​ការ​នាំចេញ ​និង​ការ​ពង្រីក​ឧស្សាហកម្ម​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា​។ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​រក​ចំណូល​បាន​ជាង​ ៨០០​លាន​ដុល្លារ​អាម៉េរិក​ពី​ការ​នាំចេញ​ជ័រ​កៅស៊ូ​ធម្មជាតិ​ ​ខណៈ​ការ​នាំចេញ​សំបក​កង់​រថយន្ត​មាន​តម្លៃ​ ១​,​៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​៧៧​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​។

បើ​តាម​លោក​ ​ឃុន​ កក្កដា​ ​បច្ចុប្បន្ន​កម្ពុជា​មាន​គម្រោង​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ចំនួន​ ៨ ​ដែល​កំពុង​ត្រៀម​ដំណើរការ​ ​ឬ​កំពុង​ផលិត ​និង​ផ្គត់ផ្គង់​ផលិតផល​ក្នុង​ស្រុក​ ​ព្រមទាំង​នាំចេញ​ទៅ​ទីផ្សារ​បរទេស​។

​លោក​បាន​រំលឹក​ថា​ ​កម្ពុជា​ធ្លាប់​មាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ​ ​«​អង្គរ​» ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨០ ​ដល់​ឆ្នាំ​១៩៨២ ​ប៉ុន្តែ​រោងចក្រ​នេះ​បាន​បាត់បង់​ដោយសារ​សង្គ្រាម​។ ​ចាប់​ពី​ឆ្នាំ​១៩៨០ ​រហូតដល់​ឆ្នាំ​២០២០ ​មាន​រយៈពេល​ ៤០​ឆ្នាំ​ ​ទើប​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​មាន​វត្តមាន​ជា​ថ្មី​នៅ​កម្ពុជា​។

​កាលពី​មុន​ កសិករ​កម្ពុជា​ភាគ​ច្រើន​ផលិត​ជ័រ​កៅស៊ូ​ជា​កៅស៊ូ​ដុំ​ ​ឬ​កៅស៊ូ​សន្លឹក​សម្រាប់​នាំចេញ ​ដោយសារ​កង្វះខាត​សមត្ថភាព​កែច្នៃ ​និង​ផលិត​ក្នុង​ស្រុក​។ ​ប៉ុន្តែ​បច្ចុប្បន្ន​ វិស័យ​នេះ​កំពុង​មាន​ការ​ផ្លាស់ប្ដូរ​ ​ដោយ​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ទីផ្សារ​ក្នុង​ស្រុក​ ​ដើម្បី​បម្រើ​ការ​ផលិត ​និង​ផ្គត់ផ្គង់​ទីផ្សារ​។

​លោក​ គឹន ​ឧត្តម​មុនី​ស៊ីណាត​ ​អគ្គ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sailun Tire ​Cambodia ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​រយៈពេល​ ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ទិញ​សំបក​កង់​រថយន្ត​ពី​ក្រុមហ៊ុន​ចំនួន​ ៤០​ម៉ឺន​គ្រាប់​ ស្មើ​នឹង​ ​៤០​%​ ​ទៅ​ ​៥០​%​ ​នៃ​ផលិតកម្ម​សរុប​របស់​ក្រុមហ៊ុន​។

​លោក​បាន​ព្យាករ​ថា ​នៅ​ចុង​ឆ្នាំ​២០២៦ ​សំបក​កង់​រថយន្ត​របស់​ក្រុមហ៊ុន​យ៉ាងហោចណាស់​ ៧០​%​ ​នឹង​ទទួល​បាន​ការ​គាំទ្រ​ ​និង​ប្រើប្រាស់​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​។

​លោក​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​កំពុង​ទិញ​កៅស៊ូ​ពី​ទីផ្សារ​ក្នុង​ស្រុក​ក្នុង​បរិមាណ​ច្រើន​ ​ហើយ​គ្រោង​ប្រើប្រាស់​កៅស៊ូ​ពី​ប្រជា​កសិករ​កម្ពុជា​រហូតដល់​ ១៩​ម៉ឺន​តោន​នៅ​ឆ្នាំ​២០២៧​។

ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​កៅស៊ូ​ក្នុង​ស្រុក​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​វិស័យ​កសិកម្ម ​និង​ឧស្សាហកម្ម​កែច្នៃ ​ដោយ​កៅស៊ូ​ដែល​ផលិត​ដោយ​កសិករ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ផលិតផល​សម្រេច​ក្នុង​ស្រុក​ ​មុន​នឹង​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ក្រៅ​ប្រទេស​។

​លោក​ ឃុន​ កក្កដា ​បាន​គូសបញ្ជាក់​ថា​ វិស័យ​កៅស៊ូ​កម្ពុជា​បាន​បោះជំហាន​ចេញ​ពី​ការ​ផលិត​ ​និង​នាំចេញ​វត្ថុធាតុដើម​សុទ្ធសាធ ​ឆ្ពោះទៅ​រក​ការ​កែច្នៃ ​និង​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​ដែល​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​នៃ​វិស័យ​នេះ​។

​ដោយឡែក​ ​ក្នុង​ឆ្នាំ​២០២៥​ ​ក្រុមហ៊ុន​ Sailun Tire ​Cambodia ​បាន​ចែកចាយ​សំបក​កង់​រថយន្ត​នៅលើ​ទីផ្សារ​ក្នុង​ស្រុក​សរុប​ជាង​ ២០​ម៉ឺន​គ្រាប់​។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា