​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

​បរទេស​៖ ​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ​Business ​World​។

​យោង​តាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ប្រើប្រាស់​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ានីល ​ដើម្បី​ជំរុញ​ការ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា ​ឱ្យ​បាន​ជា​ស្ថាពរ ​ព្រមទាំង​ស្វែងរក​ការ​បញ្ចប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​កាណាដា​-​ហ្វីលីពីន​ផងដែរ​។

កាណាដារំពឹង​ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​នឹង​ជួយ​បង្កើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​) ​របស់​ខ្លួន​ចំនួន​ ​២​,​៥៥ ​ពាន់​លាន​ដុល្លារ​កាណាដា ​ឬ​ប្រមាណ ​១​,​៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​គាំទ្រ​ដល់​ការ​នាំចេញ​ទៅកាន់​តំបន់​នេះ​ឱ្យ​លើស​ពី​ ​៣​,​៥ ​ពាន់​លាន​ដុល្លារ​កាណាដា ​ឬ​ប្រមាណ​ ​២​,​៥​ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​រដ្ឋាភិបាល​កាណាដា ​និង​អាស៊ាន​បាន​ចាប់ផ្តើម​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២១​។ ​ចំណែក​ កាណាដា ​និង​ហ្វីលីពីន​បាន​ចាប់ផ្តើម​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​នៅ​ចុង​ឆ្នាំ​២០២៥ ​បន្ទាប់ពី​រដ្ឋាភិបាល​កាណាដា​ទទួល​បាន​សិទ្ធិ​អំណាច​ពី​សភា ​ដើម្បី​បន្ត​នីតិវិធី​ចរចា​។

កាល​ពី​ដើម​ឆ្នាំ​២០២៦ ​លោក​ ​Mark ​Carney ​និង​ប្រធានាធិបតី​ហ្វីលីពីន ​លោក​ ​Ferdinand ​R. ​Marcos​,​ Jr​. ​បាន​ប្តេជ្ញា​ថា​ ​នឹង​បញ្ចប់​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ឱ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០២៦​។

​សម្រាប់​កាណាដា​ ​ការ​ជំរុញ​ការ​ចរចា​នៅ​ទីក្រុង​ម៉ានីល ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​វត្ត​មាន​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ​ស្រប​ពេល​រដ្ឋាភិបាល​នានា​កំពុង​ស្វែងរក​ការ​ធ្វើ​ពិពិធកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ​និង​ការ​ចូល​ទៅកាន់​ទីផ្សារ​ថ្មី​ៗ​។ ​ចំណែក​ ហ្វីលីពីន ​និង​អាស៊ាន ​អាច​ទទួល​បាន​ឱកាស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កាណាដា ​ដែល​ជា​សមាជិក​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ​G7​។

​ទន្ទឹមនឹង​នេះ​ ​រដ្ឋាភិបាល​កាណាដា​កំពុង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​អន្តរជាតិ​ផ្សេងទៀត ​ដើម្បី​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​បើក​ទីផ្សារ​ថ្មី​ ​ទាក់ទាញ​ការ​វិនិយោគ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការទូត​របស់​កាណាដា​នៅ​តាម​តំបន់​នានា​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​ Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​អន្តរជាតិ​នៅ​ប្រទេស​ចំនួន​៤ រួម​មាន​ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ហ្វីលីពីន ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​នៅ​កម្ពុជា​ ​កិច្ច​ប្រជុំ​សហគមន៍​នយោបាយ​អឺរ៉ុប​នៅ​អៀរឡង់ ​និង​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​នៅ​ប្រទេស​ចិន​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា