Canadia Impact Fund វិនិយោគលើ DOCONCHAIN ​​ដើម្បីគាំទ្រដល់ប្រតិបត្តិការឌីជីថលដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Canadia Impact Fund វិនិយោគលើ DOCONCHAIN ​​ដើម្បីគាំទ្រដល់ប្រតិបត្តិការឌីជីថលដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

Canadia Impact Fund វិនិយោគលើ DOCONCHAIN ​​ដើម្បីគាំទ្រដល់ប្រតិបត្តិការឌីជីថលដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចថ្មីសកម្មច្រើនជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយ DOCONCHAIN។ DOCONCHAIN ​​គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន ដោយផ្តល់សេវាកម្មជួយដល់ធុរកិច្ច និងស្ថាប័នសាធារណៈ ក្នុងការចុះហត្ថលេខា ធ្វើសាក្សីបញ្ជាក់ឯកសារ (notarization) ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងបញ្ជាក់សុពលភាពនៃឯកសារឌីជីថល។ ការវិនិយោគនេះនឹងជួយគាំទ្រដល់ការពង្រីកខ្លួនរបស់ DOCONCHAIN ​​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបើកឱកាសឱ្យក្រុមហ៊ុននេះស្វែងរកលទ្ធភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) ដែលរៀបចំឡើងនៅកោះពេជ្រ អមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី ២០។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ Canadia Impact Fund និងលោក Olivier Bariou នាយកប្រតិបត្តិនៃ DOCONCHAIN ​​ព្រមទាំងមានវត្តមានរបស់លោកស្រី Julie Huguet នាយិកានៃ Mission French Tech ផងដែរ។

ការធ្វើឱ្យឯកសារឌីជីថលកាន់តែងាយស្រួលផ្ទៀងផ្ទាត់

DOCONCHAIN ​​អនុញ្ញាតឱ្យស្ថាប័ននានាធ្វើការចុះហត្ថលេខាលើឯកសារឌីជីថល ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារទាំងនោះ និងរកឃើញរាល់ការកែប្រែផ្សេងៗ។ បច្ចេកវិទ្យារបស់ខ្លួនកត់ត្រារាល់សកម្មភាពទាំងអស់នៅលើបណ្តាញប្លុកឆេនឯកជន (private blockchain) ហើយអាចប្រើប្រាស់បានតាមរយៈវេទិកាផ្ទាល់របស់ DOCONCHAIN ​​ឬអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធអាជីវកម្ម និងប្រព័ន្ធរដ្ឋាភិបាលដែលមានស្រាប់។ នៅក្នុងប្រទេសហ្វីលីពីន ប្រព័ន្ធនេះគាំទ្រដល់ប្រព័ន្ធផ្តល់លិខិតអនុញ្ញាតអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ទីក្រុង San Juan ដែលបានដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ ២០២៦។ លើសពីនេះ DOCONCHAIN ​​បានសហការជាមួយក្រុមហ៊ុន Sprout Solutions ដែលជាអ្នកផ្តល់បច្ចេកវិទ្យាផ្នែកធនធានមនុស្ស (HR) ដើម្បីដាក់បញ្ចូលមុខងារចុះហត្ថលេខាឌីជីថល និងការផ្ទៀងផ្ទាត់ឯកសារទៅក្នុងប្រព័ន្ធរបស់ Sprout។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមហ៊ុន Sprout បានរាយការណ៍ថាខ្លួនកំពុងផ្តល់សេវាកម្មដល់អតិថិជនជាក្រុមហ៊ុនជាង ២០០០ និងអ្នកប្រើប្រាស់សកម្មចំនួន ១៨០០០០ នាក់។

លោក Olivier Bariou ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ DOCONCHAIN ​​បានមានប្រសាសន៍ថា៖ «យើងបានឃើញថា អាជីវកម្ម និងស្ថាប័នសាធារណៈនានាត្រូវចំណាយពេលវេលាច្រើនប៉ុណ្ណាទៅលើការគ្រប់គ្រងឯកសារ។ យើងចង់ស្វែងយល់ថាតើបច្ចេកវិទ្យារបស់យើងអាចផ្តល់ប្រយោជន៍អ្វីខ្លះនៅក្នុងប្រទេសកម្ពុជា និងមើលថាតើយើងអាចបង្កើតអ្វីខ្លះរួមគ្នាជាមួយដៃគូក្នុងស្រុក»។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាល Canadia Impact Fund បានមានប្រសាសន៍ថា៖ «អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍លើ DOCONCHAIN ​​នោះគឺបច្ចេកវិទ្យារបស់ខ្លួនត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង។ យើងជឿជាក់ថា ដំណោះស្រាយប្រភេទនេះមានលទ្ធភាពសម្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលដែលអាជីវកម្ម និងសេវាសាធារណៈកាន់តែច្រើនកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល»។​​

តាមរយៈការវិនិយោគលើ DOCONCHAIN ​​ក្រុមហ៊ុន CIFC មានគោលបំណងគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារឌីជីថលដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដោយជួយឱ្យអាជីវកម្ម និងស្ថាប័នសាធារណៈអាចបង្កើនប្រសិទ្ធភាព កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងពង្រឹងទំនុកចិត្តលើប្រតិបត្តិការឌីជីថល។ ការវិនិយោគនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីការបន្តគាំទ្ររបស់ CIFC ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យអាជីវកម្ម។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា