បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី
នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook) ពាក់ព័ន្ធនឹងបញ្ហាប្រេងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់ ដោយពួកគេអះអាងថា បន្ទាប់ពីចាក់ប្រេងសាំងប្រភេទនេះរួច បណ្តាលឱ្យម៉ាស៊ីនយានយន្តមានបញ្ហា មិនដំណើរការ និងបង្កការរំខានដល់ការធ្វើដំណើរ ដែលទាមទារនូវការជួសជុល។

ជាក់ស្តែង អ្នកប្រើប្រាស់ម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ (ដោយប្រើឈ្មោះហៅក្រៅថា យុទ្ធ) បានបញ្ជាក់ប្រាប់ AMS ថា «ខ្ញុំបានជួបផ្ទាល់ ពេលខ្ញុំទៅស្ទោងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយខ្ញុំបានចូលចាក់សាំងនៅការ៉ាសសាំងមួយកន្លែង ម្ដុំព្រែកតាមាក់។ នៅពេលចាក់រួច ខ្ញុំមានអារម្មណ៍ថា ឡានរបស់ខ្ញុំស្ទក់ៗជាងមុន ដល់ល្ងាចក៏មកភ្នំពេញវិញនៅមិនទាន់អីនោះទេ។ លុះព្រឹកឡើង ខ្ញុំក៏យកទៅវាទៅលាងទឹក ក៏ស្រាប់តែលែងឆេះ ខ្ញុំគិតថាវាខូចអាគុយ រួចក៏ដូរអាគុយហើយក៏ឆេះវិញ»។​

លោក យុទ្ធ បានបញ្ជាក់ថា រំលងបានប៉ុន្មានថ្ងៃក្រោយមកទៀត លោកក៏បានចាក់សាំងបន្ថែម ៥០លីត្រនៅការ៉ាសសាំងម៉ាកល្បីមួយនៅម្ដុំចាក់អង្រែ ក្នុងការត្រៀមសម្រាប់ដើរលេងជុំគ្រួសារ ក៏ប៉ុន្តែដល់ថ្ងៃបន្ទាប់ ដែលត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា នៅពេលដែលលោកបើកបរចេញទៅដល់គីឡូលេខ២០ ផ្លូវជាតិលេខ៣ វារលត់តែម្ដង។ មកដល់ចំណុចនេះ ក្នុងនាមជាអ្នកប្រើប្រាស់សាំងក្រហមមួយរូប នៅពេលដែលទៅជួបជាងជួលជុលផ្ទាល់ ជាងក៏ប្រាប់លោកយុទ្ធវិញថា ឡាននេះមានបញ្ហាមកពីសាំង ហើយជាងក៏ដូរបូមសាំងចេញ។

ដោយឡែក នៅក្នុងមតិយោបល់ (Comment) នៃការបង្ហោះមួយ ក្រោមគណនីឈ្មោះ Vannk Nim គេសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាសាំងក្រហមនេះ ដោយអ្នកខ្លះបានលើកឡើងពីបទពិសោធន៍ស្រដៀងៗគ្នាទៅនឹងករណីរបស់លោក យុទ្ធ ផងដែរ។ មិនមែនមានតែការផុសមួយ ឬពីរ នោះទេ គឺមានការផុស និងចែកចាយជាច្រើនជុំវិញលើបញ្ហានេះ។

ដូចនេះ ជាការឆ្លើយតបទៅនឹងកង្វល់របស់អ្នកប្រើប្រាស់ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ​ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ច្បាស់ថា ​ក្រុមការងាររបស់លោកក៏បានទទួលនូវបញ្ហាបាតុភាពនេះ ហើយថែមទាំងបានចុះទៅដល់គោលដៅទីតាំងដែលបានរាយការណ៍ផ្ទាល់ផងដែរ។

លោកបានមានប្រសាសន៍ថា៖ «យើងបានទំនាក់ទំនងសួរនាំទៅថាតើគាត់មានបញ្ហានៅកន្លែងណាខ្លះ អ្នកប្រើប្រាស់ទាំងនោះ ក៏បានប្រាប់ឈ្មោះទីតាំងស្ថានីយដែលផ្គត់ផ្គង់ប្រេងពណ៌ក្រហមទាំងនោះដែរ។ ឥលូវនេះ ខ្ញុំមិនហ៊ានបញ្ចេញអត្តសញ្ញាណស្ថានីយនោះនៅឡើយទេ ខ្ញុំគ្រាន់តែអាចនិយាយបានថា យើងដឹងហើយប្រេងពណ៌ក្រហមមាននៅស្ថានីយណាខ្លះ អ្នកណាខ្លះអ្នកផ្គត់ផ្គង់។ ពួកយើងបានចុះទៅខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ប៉ុន្មានគោលដៅកន្លែងរួចហើយ»។

ក្រុមការងារ ក.ប.ប.បានយកគំរូមួយចំនួនដើម្បីបញ្ជូនទៅមន្ទីរពិសោធប្រេងឥន្ធនៈនៅអគ្គនាយកដ្ឋានវិភាគផងដែរ ប៉ុន្តែ ក.ប.ប. មិនទាន់រកឃើញបាតុភាពបង្ហាញថាសាំងក្រហមនៅតាមស្ថានីយធំៗទាំងនោះ មានលាយសារធាតុអ្វីផ្សេងដែលនាំឱ្យប៉ះពាល់ទៅដល់គ្រឿងម៉ាស៊ីនយានយន្តរបស់អ្នកប្រើប្រាស់នៅឡើយទេ។ នេះបើតាមបញ្ជាក់របស់លោក គឹម មាសសុខសីហា។

ក្នុងនាមជាអគ្គនាយកនៃ ក.ប.ប. រូបលោកផ្ទាល់ក៏មិនទាន់ហ៊ានសន្និដ្ឋានថាគ្មានបញ្ហាកើតឡើងទាំងស្រុងនោះទេ ដោយសារក្រុមការងារកំពុងសហការជាមួយអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ដើម្បីចុះត្រួតពិនិត្យបន្ត មុននឹងបូកសរុបលទ្ធផលជូនសាធារណជន។ ទោះយ៉ាងណា ការចុះពិនិត្យស្ថានីយគោលដៅមួយចំនួនកន្លងមក ពុំទាន់រកឃើញភាពមិនប្រក្រតីណាមួយឡើយ។

ជាមួយគ្នានេះដែរ ចំពោះការចុះមើលបរិមាណប្រេង អគ្គនាយកដ្ឋាន ក.ប.ប.មានឧបករណ៍រង្វាស់រង្វាល់ដែលបានផ្ទៀងផ្ទាត់ខ្នាតត្រឹមត្រូវដោយមជ្ឈមណ្ឌលមេត្រូសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកគឹម មាសសុខសីហា បានបន្តថា ក្រុមការងាររបស់លោក បានចុះផ្ទៀងផ្ទាត់ដោយចៃដន្យ​ (ចុះដោយមិនជូនដំណឹងមុន) នៅតាមស្ថានីយ តាមដេប៉ូកន្លងទៅ ហើយក៏ធ្លាប់បានអនុវត្ត និងរកឃើញករណីខ្លះ នៅតាមដេប៉ូ ដែលមិនមានការត្រួតពិនិត្យវាយតម្លៃភាពអនុលោមត្រឹមត្រូវនៃការផ្គត់ផ្គង់សាំង។ 

លោកថា ៖ «កន្លងទៅយើងបានពិន័យចំនួន ៧​ ដេប៉ូចែកចាយ ជាសាច់ប្រាក់ ហើយយើងក៏បានណែនាំដេប៉ូដែលមិនអនុលោមមួយចំនួនផងដែរ នៅពេលដែលយើងទទួលព័ត៌មានជាក់លាក់ថាកន្លែងណាដែលមានបាតុភាពធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ទាំងគុណភាព ទាំងបរិមាណនៃប្រេង យើងនឹងចាត់មន្ត្រីយើងចុះធ្វើការជាបន្ទាន់»។

លោកក៏បានសង្កត់ធ្ងន់ថា ក្រុមការងារជំនាញ បានចុះពិនិត្យសាំងក្រហម យកគំរូទៅពិសោធន៍ និងផ្ទៀងផ្ទាត់ឧបករណ៍វាស់វែងរួចហើយ ដោយបង្ហាញក្ដីបារម្ភច្រើនលើដេប៉ូចែកចាយបន្តជាងស្ថានីយ ព្រោះស្ថានីយប្រេងឥន្ធនៈមានការត្រួតពិនិត្យផ្ទៃក្នុងច្បាស់លាស់ ខណៈការងារនេះនឹងបន្តធ្វើរួមគ្នាជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ ចំពោះចេតនាបន្លំគុណភាព ឬបរិមាណផលិតផលប្រើប្រាស់ ដូចជា ប្រេងឥន្ធនៈ ក.ប.ប. អនុវត្តការពិន័យអន្តរការណ៍តាមមាត្រាទី ៤១ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

លោក​ គឹម មាសសុខសីហា បានបន្ថែមថា ការកំណត់ប្រាក់ពិន័យត្រូវពិនិត្យយ៉ាងល្អិតល្អន់ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធជាក្រុម ដោយផ្អែកលើទំហំអាជីវកម្ម ទំហំបទល្មើស និងស្ថានភាពជាក់ស្តែង ដើម្បីទប់ស្កាត់ការប្រព្រឹត្តម្តងទៀត។ កន្លងមក ស្ថានីយខ្លះត្រូវបានពិន័យដល់ ១០ លានរៀល និងដេប៉ូខ្លះពិន័យ ៤ លានរៀល។ ប្រសិនបើរកឃើញការល្មើសជាលើកទីពីរ វិធានការនឹងកាន់តែតឹងរ៉ឹង រហូតដល់ព្យួរអាជ្ញាប័ណ្ណ ឬដកលិខិតអនុញ្ញាតធ្វើអាជីវកម្មតែម្ដង៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា