របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ភ្នំពេញ​៖​ ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង។ ​នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល ​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDRI​)​ ​នៅ​ថ្ងៃ​ទី​២៤​ ​ខែ​សីហា ​ឆ្នាំ​២០២៦​។​

របាយការណ៍​ស្តីពី​ ​«​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយ​ការ​រំខាន​នៃ​ទីផ្សារ​ថាមពល​អន្តរជាតិ​មក​លើ​ប្រទេស​កម្ពុជា​» ​ត្រូវ​បាន​ចងក្រង​ដោយ​លោក​ ​James ​Giesecke ​និង​លោក​ Robert ​Waschik ​មក​ពី​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​នៅ​សាកលវិទ្យាល័យ​ Victoria ​លោក​ ​Milan ​Thomas ​មកពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​)​ ​និង​លោក​ ឆន ឌីណា ​មក​ពី​ ​CDRI​។​

​ការ​សិក្សា​នេះ​ពិនិត្យ​លើ​ផលប៉ះពាល់​ពី​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​សកល ​និង​ការ​ផ្គត់ផ្គង់​ជី​មាន​កម្រិត​ ​ដែល​បណ្តាល​មកពី​ការ​រំខាន​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​។ របាយការណ៍​បាន​ប្រើ​គំរូ​សិក្សា​វិបត្តិ​សកល ​ដោយ​ផ្អែក​លើ​ទិន្នន័យ​សេដ្ឋកិច្ច​កម្ពុជា ​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ជាតិ​។

​លោក​ស្រី​ ​Yasmin Siddiqi ​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ ADB ​បាន​មានប្រសាសន៍​ថា​៖​ ​«​របាយការណ៍​នេះ​ផ្តល់​ការ​វិភាគ​ទាន់​ពេលវេលា ​ដើម្បី​គាំទ្រ​ដល់​ការ​ឆ្លើយតប​ជា​បន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​ទៅ​នឹង​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល ​និង​ជំនួយ​តាមរយៈ​អន្តរាគមន៍​រហ័ស​របស់​ ADB នា​ពេល​ថ្មី​ៗ ​ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​ឆ្លើយតប​នេះ​ ​ដើម្បី​ស្ថិរ​ភាព​សេដ្ឋកិច្ច​របស់​ប្រទេស​»​។

​លោក​ស្រី​បន្ត​ថា​ ការ​រង​ផលប៉ះពាល់​របស់​កម្ពុជា​ពី​ការ​រំខាន​ទីផ្សារ​ថាមពល​ ​មិន​ត្រឹមតែ​ជា​ការ​គំរាមកំហែង​រយៈពេល​ខ្លី​ដល់​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​បញ្ហា​ប្រឈម​ជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​ផងដែរ​។

​លោក​ស្រី​ ​Yasmin ​បាន​បន្ថែម​ថា​ ​ការ​រកឃើញ​ក្នុង​របាយការណ៍​ផ្តល់​នូវ​ជម្រើស​គោលនយោបាយ​ជាក់ស្តែង​ ​ផ្អែក​លើ​ភស្តុតាង​ ​ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល ធានា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ​និង​ជីជា​គន្លឹះ ​ព្រមទាំង​បង្វែរ​ស្ថានភាព​សេដ្ឋកិច្ច​ទៅ​ជា​ឱកាស​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព​។

​លោក​ស្រី​បណ្ឌិត​ ​អេង​ ​នេត្រា​ ​នាយិកា​ប្រតិបត្តិ​នៃ​ ​CDR​I ​បាន​មានប្រសាសន៍​ថា​ ​របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​បេសកកម្ម​ស្នូល​របស់​ ​CDRI ​ក្នុង​ការ​ប្រើប្រាស់​វិធីសាស្ត្រ​សហការ ​ដើម្បី​ចង​ក្រង​ភស្តុតាង​ឯករាជ្យ​យ៉ាង​ម៉ត់ចត់ ជួយ​អ្នក​បង្កើត​គោលនយោបាយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​វិបត្តិ​ពី​ខាង​ក្រៅ​។

​លោក​ស្រី​បណ្ឌិត​ ​អេង​ ​នេត្រា​ ​បាន​ថ្លែង​ថា​៖​ «​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​នូវ​ជំនាញ​ក្នុង​ស្រុក​ជាមួយនឹង​គំរូ​ស្រាវជ្រាវ​អន្តរជាតិ​ល្អ​ៗ​ ​យើង​សង្ឃឹម​ថា​ ​វា​នឹង​ជួយ​ដល់​អ្នក​ដឹកនាំ​ក្នុង​រាជ​រដ្ឋាភិបាល​ ​វិស័យ​ឯកជន ​ក៏ដូចជា​វិស័យ​អភិវឌ្ឍន៍ ​នូវ​មូលដ្ឋាន​ច្បាស់លាស់ ផ្អែក​លើ​ភស្តុតាង​ ​ដើម្បី​ដាក់​ចេញ​នូវ​សកម្មភាព​»​។

​តាម​របាយការណ៍​ ​អនុសាសន៍​គោល​នយោបាយ​រួម​មាន​ ការ​ពន្លឿន​ការ​ធ្វើ​ពិពិធកម្ម​ថាមពល​ ការ​កសាង​ជំនាញ​បៃតង ​និង​ការ​រក្សា​ប្រេងឥន្ធនៈ​ ​និង​ជី​បម្រុង​ជា​យុទ្ធសាស្ត្រ ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​ខាង​ក្រៅ​។ របាយការណ៍​ក៏​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​ចំ​គោលដៅ ​និង​ទាន់​ពេលវេលា​ដល់​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​រក្សា​លំហសារពើ​ពន្ធ​សម្រាប់​ការ​ចំណាយ​សាធារណៈ​ដែល​មាន​អាទិភាព​។

​លោក​ Milan Thomas ​សេដ្ឋវិទូ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ ADB ​បាន​មានប្រសាសន៍​ថា​៖​ ​«​គំរូ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ ​ប្រសិនបើ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​បន្ថែម​ទៀត​ដល់​ ៥០​%​ ​ខ្ពស់​ជាង​មុនពេល​មាន​វិបត្តិ​ ​សកម្មភាព​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​ ១​%​»​។

​លោក​បាន​បញ្ជាក់​ថា​ ​ផលប៉ះពាល់​អាច​មាន​កាន់តែ​ច្រើន​លើ​គ្រួសារ​នៅ​តាម​ជនបទ ​ដោយ​សារ​ផលិតកម្ម​វិស័យ​កសិកម្ម​របស់​ពួក​គេ​រង​ផលប៉ះពាល់​ពី​តម្លៃ​ធាតុ​ចូល​ខ្ពស់​ជាង​មុន​។

​លោក​ Milan T​homas ​បាន​បន្ថែម​ថា​ ​អនុសាសន៍​មួយចំនួន​ក្នុង​របាយការណ៍​មាន​នៅក្នុង​កម្មវិធី​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ​ ​(​Comprehensive ​Intervention Program​)​ ​របស់​រាជ​រដ្ឋាភិបាល​ ​ដែល​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​កម្មវិធី​អន្តរាគមន៍​រហ័ស​សម្រាប់​ស្ថិរ​ភាព​សេដ្ឋកិច្ច​ ​(​RISE​) ​របស់​ ADB ​ចាប់​ពី​ខែ​ក្រោយ​។​

​កម្មវិធី​ ​RISE ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា ​នឹង​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០ លាន​ដុល្លារ ​ដើម្បី​គាំទ្រ​កម្មវិធី​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ ​ហិរញ្ញប្បទាន​នេះ​នឹង​គាំទ្រ​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ក្រីក្រ ការ​គាំទ្រ​អន្តរាគមន៍​ថាមពល​សម្រាប់​អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី ព្រមទាំង​ការ​បណ្តុះបណ្តាល ​និង​បរិក្ខារ​កសិកម្ម​សម្រាប់​គ្រួសារ​នៅ​តាម​ជនបទ​។​

​កម្មវិធី​នេះ​ក៏​នឹង​បន្ត​ការ​បន្ធូរបន្ថយ​ពន្ធ​បណ្តោះអាសន្ន ​និង​ផ្តល់​ជា​ជំនួយ​ជាក់លាក់​ដោយ​ប្រើ​ប្រព័ន្ធ​ ​IDPoor​។

​ជាមួយគ្នា​នេះ​ ​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​មេសា ​ឆ្នាំ​២០២៦​ ADB ​បាន​ព្យាករ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ ៤​,​៥​%​ ​ក្នុង​ឆ្នាំ​២០២៦ ​ប្រសិនបើ​ការ​រំខាន​ទី​ផ្សារ​ទំនិញ​សកល​ដែល​បង្កឡើង​ដោយ​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា ​មិន​ត្រូវ​បាន​អូសបន្លាយ​យូរ​។

​តាម​សេណារីយ៉ូ​របស់​ ADB ​ប្រសិនបើ​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​ធូរ​ស្រាល​ឆាប់រហ័ស ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ភាព​ធន់​នៃ​វិស័យ​កម្មន្ត​សាល ​ហើយ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់​ ៥​,​០​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយសារ​ស្ថានភាព​នៅ​ក្រៅ​ប្រទេស​មាន​ភាព​ប្រសើរឡើង ​និង​កំណែទម្រង់​ក្នុង​ស្រុក​បន្ត​លើក​កម្ពស់​ផលិតភាព​សេដ្ឋកិច្ច​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា