ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

បរទេស ៖ គ្មានហេតុផលណាមួយដែលភាគីចិនត្រូវលើកយកមកបញ្ជាក់លម្អិត និងពន្យល់ទៅកាន់ភាគីសហភាពអឺរ៉ុបនោះឡើយបន្ទាប់ពីខ្លួនបានសម្រេចលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួនពីរលើកនៅទីក្រុងប៉េកាំងក្នុងខែមិថុនានេះ នេះបើយោងតាមសេចក្ដីរាយការណ៍ពី European Business Magazine។

Advertisement

នៅក្នុងខែមិថុនានេះ ចិនបានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន២លើកជាមួយសហភាពអឺរ៉ុប​ដោយក្នុងនោះរួមមាន ទី១ កិច្ច​ប្រជុំ​​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​លើ​បញ្ហា​ឌីជីថល និង ទី២​​គឺ​កិច្ចប្រជុំ​ជាមួយ​ លោក Olof Skoog អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយនៃសេវាសកម្មភាពខាងក្រៅរបស់សហភាពអឺរ៉ុប (EEAS)។

ចិន បាន​ជូន​ដំណឹង​រហ័សអំពីការលុបចោលកិច្ចប្រជុំទំាំង២ នេះ ប៉ុន្តែមិនមានការពន្យល់ហេតុផលនោះទេ។ យ៉ាងណាមិញ ការលុបចោលកិច្ចប្រជុំនេះកើតឡើងចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិនកំពុងរង្គោះរង្គើរ ដោយសារអតិរេកនៃការនាំចេញច្រើនជាងការនាំចូលរបស់ចិន ការរឹតបន្តឹងរ៉ែកម្រ ការស៊ើបអង្កេតពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងឱនភាពពាណិជ្ជកម្មប្រចាំត្រីមាសឈានដល់ ៩៨ ពាន់លានអឺរ៉ូក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ របស់អែរ៉ុប។

យ៉ាងណាក៏ដោយគេមើលឃើញថា​ ការលុបចោលកិច្ចប្រជុំនេះមិនមែនជារឿងចៃដន្យនោះឡើង ដោយនៅក្នុងន័យការទូត ការលុបចោលភ្លាមៗដោយគ្មានការពន្យល់ គឺជាការគំរាមបែបទន់ភ្លន់តែពោរពេញដោយអំណាច។ ចិនកំពុងបង្ហាញសញ្ញាថា ខ្លួនមិនពេញចិត្តនឹងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ប៉ុន្តែគេមិនចេញសេចក្ដីព្រមានជាផ្លូវការនោះទេ និងចង់ឲ្យសហភាពអឺរ៉ុបសម្រួលគោលនយោបាយរបស់ខ្លួនឡើងវិញ។ នេះគឺជាការដាក់សម្ពាធ​តាម​រយៈ​ការ​អវត្តមានជា​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា។ យុទ្ធសាស្ត្របែបនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ទាំងខាងចិន និងខាងលោកខាងលិចនៅក្នុងពិភពនយោបាយ ប៉ុន្តែពេលនេះមានភាពខុសប្លែក និងគួរឲ្យព្រួយបារម្ភជាងមុន ដោយសារស្ថានភាពកំពុងមានភាពតានតឹងខ្លាំង។

អ្នកវិភាគបានមើលឃើញពីមូលហេតុមួយចំនួនដែលទីក្រុងប៉េកាំងលុបចោលកិច្ចប្រជុំភ្លាមៗដោយគ្មានការបកស្រាយ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សហភាពអឺរ៉ុបបានបង្កើនសកម្មភាពការពារពាណិជ្ជកម្មជាច្រើនប្រឆាំងនឹងទំនិញរបស់ចិន ជាក់ស្ដែង​ ការដំឡើងពន្ធលើយានជំនិះអគ្គិសនីរបស់ចិនរហូតដល់ ៣៥ ភាគរយជាដើម។ លើសពីនេះ សហភាពអឺរ៉ុបបានដាក់ឈ្មោះក្រុមហ៊ុនចិនចំៗ ច្បាស់ៗ​​ នៅក្នុងទណ្ឌកម្មជុំទី ២១ ប្រឆាំងនឹងរុស្ស៊ី ដោយចោទប្រកាន់ថា ជាប្រទេសទី៣ ជួយរុស្ស៊ីគេចវេសពីទណ្ឌកម្ម។ ជាមួយគ្នានេះ ស្របពេលដែលចិនប្រឈមនឹងពន្ធអាម៉េរិកខ្ពស់ ទីក្រុងប៉េកាំង បានបង្វែរសមត្ថភាពនាំចេញយ៉ាងច្រើនទៅកាន់សហភាពអឺរ៉ុប ប៉ុន្តែត្រូវបានគេមើលឃើញថា វាប៉ះពាល់ដល់ឧស្សាហកម្មអឺរ៉ុប ដោយសារពួកគេពិបាកប្រកួតប្រជែងជាមួយនឹងទំនិញនាំចូលរបស់ចិនដែលមានតម្លៃថោកជាង។ ដូច្នោះហើយ​ សហភាពអឺរ៉ុប បានប្រើប្រាស់យុទ្ធសាស្រ្តការពារពាណិជ្ជកម្មដូចជា ការស៊ើបអង្កេត, ការដំឡើងពន្ធគយ​, និងការពង្រឹងយន្តការត្រួតពិនិត្យលើការនាំចូលពីចិន។ លើសពីនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រើពាក្យធ្ងន់ៗ ចំៗ ថា សកម្មភាពរបស់ចិន គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ច ដោយសារចិនកំពុងប្រើប្រាស់ឥទ្ធិពលផ្តាច់មុខលើទីផ្សាររ៉ែកម្រ តាមរយៈការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ និង ទាមទារអោយមានអាជ្ញាប័ណ្ណមុននឹងទិញ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា