ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

បរទេស៖ ចិន បានប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានស៊ីនហួរ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា វិធានការប្រឆាំងទៅនឹងការបង្ខូចតម្លៃនឹងត្រូវអនុវត្តលើសារធាតុឌីក្លរ៉ូស៊ីឡាន (Dichlorosilane – DCS) ដែលនាំចូលពីប្រទេសជប៉ុនជាបណ្តោះអាសន្នបន្ទាប់ពីមានការសម្រេចជាបឋមថា ផលិតផលនេះត្រូវបានគេលក់បង្ខូចតម្លៃនៅលើទីផ្សារចិន។ នៅក្នុងបទប្បញ្ញត្តិប្រឆាំងការបង្ខូចតម្លៃរបស់ចិនបានឲ្យដឹងថា ចាប់ពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ក្រុមហ៊ុននាំចូលទាំងអស់នឹងតម្រូវឱ្យតម្កល់ប្រាក់បង់ពន្ធជាសាច់ប្រាក់នៅគយចិនក្នុងអត្រាចាប់ពី ៨០,៨ ភាគរយ ដល់ ៩៩,២ ភាគរយ ដោយផ្អែកលើផលធៀបកម្រៃជើងសារដែលបានកំណត់សម្រាប់ក្រុមហ៊ុននីមួយៗ។

ការស៊ើបអង្កេតនេះត្រូវបានចាប់ផ្តើមឡើងកាលពីខែមករា ដើមឆ្នាំនេះ ជាឆ្លើយតបទៅនឹងការស្នើសុំពីវិស័យឧស្សាហកម្មក្នុងស្រុក។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ និងស្របតាមច្បាប់បទប្បញ្ញត្តិរបស់ចិន ព្រមទាំងវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ភ័ស្តុតាងបឋមបានបង្ហាញថា ផលិតផលនាំចូលពីជប៉ុនមានការបង្ខូចតម្លៃ ដែលបង្កឱ្យមានផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក។ ទន្ទឹមនឹងនេះ ចិនប្រើប្រាស់វិធានការកែតម្រូវពាណិជ្ជកម្មដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្ន ហើយនៅតែបន្តប្តេជ្ញាចិត្តចំពោះពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។ ក្រសួងនឹងបន្តការស៊ើបអង្កេតស្របតាមច្បាប់ ការពារសិទ្ធិរបស់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានពេញលេញ និងចេញសេចក្តីសម្រេចចុងក្រោយដោយយុត្តិធម៌ផ្អែកលើលទ្ធផលនៃការរកឃើញ។

គួរឲ្យបញ្ជាក់ដែរថា ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ មានជម្លោះការទូតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ទីក្រុងតូក្យូ អាចនឹងដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួន ប្រសិនបើចិនប៉ុនប៉ងដណ្តើមយកកោះតៃវ៉ាន់។​ ចាប់តាំងពីពេលនោះមក ចិនបានឆ្លើយតបតាមរយៈវិធានការរឹតបន្តឹងទៅលើពាណិជ្ជកម្មមួយចំនួន ដូចជា ការព្រមានពលរដ្ឋខ្លួនជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងការរឹតបន្តឹងលើការនាំចេញទំនិញមួយចំនួន ជាពិសេស រ៉ែកម្រ ទៅកាន់ប្រទេសជប៉ុន។ ដោយឡែក វិធានការចុងក្រោយរបស់ចិន គឺកើតឡើងមុនពេលដែលលោកស្រី Takaichi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអាម៉េរិកក្នុងខែកញ្ញានេះ ខណៈដែលមេដឹកនាំចិន លោក Xi Jinping ក៏មានគម្រោងជួបជាមួយប្រធានាធិបតីអាម៉េរិក លោក Donald Trump នៅថ្ងៃទី ២៤ ខែកញ្ញាខាងមុខនេះដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា