បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

បរទេស៖ ចិន បានប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញនូវអត្រាពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ការលើកយកបញ្ហាផលិតលើសតម្រូវការមកធ្វើជាមូលហេតុក្នុងការដំឡើងពន្ធគយ គឺជាលេសនៃគោលនយោបាយគាំពារនិយម។ ទង្វើបែបនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាអតុល្យភាពរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការរំខានដល់សន្តិសុខ និងស្ថិរភាពនៃខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល រារាំងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ជំរុញឱ្យអតិផរណាសកលកើនឡើង ប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់របស់ធុរកិច្ច និងអ្នកប្រើប្រាស់ ព្រមទាំងបង្កជាហានិភ័យជាប្រព័ន្ធរយៈពេលវែងដល់កំណើនសេដ្ឋកិច្ចពិភពលោកទៀតផង។ ចិនសូមជំរុញឱ្យអាម៉េរិកកែតម្រូវនូវទង្វើដ៏ខុសឆ្គងរបស់ខ្លួន ហើយវិលត្រឡប់មករកការអនុវត្តត្រឹមត្រូវវិញ តាមរយៈការដោះស្រាយបញ្ហាដោយការសន្ទនា និងការពិគ្រោះយោបល់។ ចិននឹងតាមដានការវិវត្តន៍យ៉ាងដិតដល់ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់។

សូមរំលឹកថា​ ថ្មីៗនេះ អាម៉េរិកបានស្នើដំឡើងពន្ធគយថ្មីលើដៃគូពាណិជ្ជកម្ម ១៤ ប្រទេស ដោយក្នុងនោះមានចិន សហភាពអឺរ៉ុប និងជប៉ុន ត្រូវបានដំឡើងក្នុងអត្រារហូតដល់ ២០ ភាគរយ។ ចិនស្ថិតក្នុងចំណោមប្រទេសដែលប្រឈមនឹងអត្រាពន្ធខ្ពស់បំផុត ២០ ភាគរយ ប៉ុន្តែតំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer បានលើកឡើងថា ការដំឡើងពន្ធថ្មីនេះគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចចរចាពាណិជ្ជកម្មដែលមានស្រាប់ជាមួយទីក្រុងប៉េកាំង។

លោកថា​ ៖ «ចិនយល់ច្បាស់ថា យើងនឹងមានការកំណត់កម្រិតពន្ធគយមួយចំនួន ហើយចំណាត់ការនេះគឺស្ថិតនៅក្នុងការយោគយល់គ្នា។ អាម៉េរិកក៏កំពុងផ្តល់ការលើកលែងពន្ធលើមុខទំនិញចិនដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារផងដែរ»។

គួរបញ្ជាក់ដែរថា ជារឿយៗ លោក Donald Trump តែងរិះគន់ចំពោះអតិរេកពាណិជ្ជកម្មដ៏ធំសម្បើមរបស់ចិនជាមួយអាម៉េរិក ហើយលោកបានបន្ទោសថា វាគឺជាមូលហេតុដែលធ្វើឱ្យវិស័យផលិតកម្ម និងការងារក្នុងស្រុករបស់អាម៉េរិកធ្លាក់ចុះ។ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទីពីរកាលពីឆ្នាំមុន លោក Trump បានដាក់ពន្ធគយថ្មីលើទំនិញចិន ដែលធ្វើឱ្យមានការសងសឹកដាក់ពន្ធគយទៅវិញទៅមក រហូតដល់កម្រិត ១៤៥ ភាគរយក្នុងគ្រាមួយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដែលសម្រេចបានដោយលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងផុតកំណត់នៅខែមករា ឆ្នាំ២០២៧ ខាងមុខនេះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា