ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។

ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។

សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន និងទ្វារប្រអប់បំពាក់អាវុធនៃយន្តហោះ F-35 ដែលជាយន្តហោះប្រតិបត្តិការឲ្យទ័ពអាកាសរបស់អូស្ត្រាលី។ បំណែកទាំងនេះគឺត្រូវបញ្ជូនត្រឡប់ទៅកាន់រោងចក្រ Lockheed Martin នៅក្នុងសហរដ្ឋអាមេរិក ដើម្បីពិនិត្យ ថែទាំ ឬបំណែកខ្លះត្រូវបោះបង់ចោល។

កំណត់ត្រានៃការដឹកជញ្ជូនបង្ហាញថា យន្តហោះដឹកជញ្ជូនបានឈប់ចតនៅប្រទេសកូរ៉េខាងត្បូង មុនពេលត្រូវបានបង្វែរទិសដៅទៅកាន់ហុងកុងក្រោមការសម្រេចចិត្តដែលមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់នៅឡើយ។ អ្នកស៊ើបអង្កេតមិនទាន់បានកំណត់នោះទេថា តើការផ្លាស់ប្តូរផ្លូវនេះជារឿងចេតនា ឬជាកំហុសផ្នែករដ្ឋបាលនោះទេ។

នៅពេលទៅដល់ហុងកុង មន្ត្រីចិនបានរឹបអូសទំនិញយោធានេះ ហើយគ្រឿងបន្លាស់ទាំងនោះមិនទាន់ត្រូវបានប្រគល់មកវិញនោះដែរ។ ការបាត់បង់នេះបានបង្កឱ្យមានក្តីបារម្ភផ្នែកសន្តិសុខយ៉ាងខ្លាំង ដែលនាំឱ្យគណៈកម្មាធិការសភាអាមេរិកចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការ។

ដោយឡែក បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានបញ្ជាក់ថា ទីក្រុងកង់បេរ៉ា កំពុងសហការជាមួយទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនផលិតអាវុធការពារជាតិ Lockheed Martin ដើម្បីស៊ើបអង្កេតលើការបរាជ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយនេះ។

យ៉ាងណាក្តី ជាការឆ្លើយតបលើបញ្ហានេះ ក្រសួងការបរទេសចិនបានថ្លែងថា ខ្លួនមិនបានដឹងអំពីហេតុការណ៍នេះទេ ខណៈដែលអាជ្ញាធររដ្ឋាភិបាលនៅហុងកុងបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាក់លាក់ណាមួយលើការរឹបអូសទំនិញនេះនៅឡើយ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា