ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

​ប្រទេស​ចិន​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ ៥ ​ឆ្នាំ​ ​ដោយ​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ​២០៣០ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាគុយ​ផ្ទុក​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ ​និង​មាន​និរន្តរភាព​។

យោង​តាម​កាសែត​ ​Novinata ​ដែល​បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ ​ផែនការ​នេះ​ផ្អែក​លើ​របាយការណ៍​រួម​របស់​ក្រសួង​ ​និង​ស្ថាប័ន​រដ្ឋាភិបាល​ចិន​ចំនួន​៧ ក្នុង​ក្របខណ្ឌ​ផែនការ​អភិវឌ្ឍន៍​ ៥​ ​ឆ្នាំ​លើក​ទី ​១៥ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​២០៣០​។

​ផែនការ​នេះ​ផ្តោត​លើ​ការ​បង្កើន​សមត្ថភាព​ច្នៃប្រឌិត​នៅ​គ្រប់​ដំណាក់កាល​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​អាគុយ ​ដោយ​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​សារធាតុ​អេឡិចត្រូត ​ទឹក​អាស៊ីត ​អេឡិចត្រូឡ៊ីត​ប្រភេទ​ថ្មី​ ​និង​ទម្រង់​អាគុយ​ជំនាន់​ក្រោយ​។

​ក្រោម​គោលការណ៍​ណែនាំ​នេះ​ ​ចិន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ផលិត ​និង​ប្រើប្រាស់​អាគុយ​ស្ងួត​ប្រភេទ​ Solid​-​state ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ត្រឹម​ឆ្នាំ​ ​២០៣០​។ ​ជាមួយគ្នា​នេះ​ ចិន​ក៏​គ្រោង​អភិវឌ្ឍ​អាគុយ ​Lithium ​ដែល​មាន​អាយុកាល​ប្រើប្រាស់​ខ្ពស់​ ​និង​អាច​សាក​បាន​រហូតដល់​ ១៥​,​០០០ ​លើក​។

​ផែនការ​នេះ​ក៏​មាន​គោលបំណង​ភ្ជាប់​បច្ចេកវិទ្យា​អាគុយ​ទំនើប​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បណ្តាញ​ថាមពល​ស្អាត ​និង​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​កំពុង​កើនឡើង​នៅ​ប្រទេស​ចិន​។

​អាជ្ញាធរ​ចិន​រំពឹង​ថា​ ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​អាគុយ​នឹង​ជួយ​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ឆ្លាតវៃ ​និង​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​យានយន្ត ​នា​វា​ ​យន្តហោះ​ ​និង​រ៉ូបូត ​ព្រមទាំង​គាំទ្រ​គោលដៅ​កាត់បន្ថយ​ការ​បំភាយ​កាបូន​នៅលើ​ពិភពលោក​។

​អាគុយ​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​ផែនការ​នេះ ​រួម​មាន​អាគុយ ​Lithium​-​ion​,​ Sodium​-​ion ​និង​ Flow ​batteries ​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​បច្ចេកទេស​ ការ​រចនា ​និង​វិធីសាស្ត្រ​ផលិត​ថ្មី​ៗ​។​

​ការ​ប្រកាស​ផែនការ​នេះ​ធ្វើឡើង​នៅពេល​ចិន​កំពុង​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ការ​ដឹកជញ្ជូន​ស្អាត​នៅលើ​ពិភពលោក​។​

​ប្រភព​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ​២០២៥ ​ចិន​ផលិត​រថយន្ត​អគ្គិសនី​បាន​ ១៦ លាន​គ្រឿង​ ស្មើនឹង​ ៧៥​ ​ភាគរយ​នៃ​ការ​ផលិត​រថយន្ត​អគ្គិសនី​សរុប​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​បាន​នាំចេញ​ច្រើន​ទៅកាន់​ទីផ្សារ​អឺរ៉ុប អាស៊ី​អាគ្នេយ៍​ ​និង​អាមេរិក​ឡាទីន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា