ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច

បរទេស ៖ ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ ទៅជាលុយរូបល(លុយរុស្ស៊ី) និងយ័ន(លុយចិន)។ ជាលទ្ធផលការប្តេជ្ញាចិត្តរវាងគ្នារហូតដល់ពេលបច្ចុប្បន្ននេះ បានជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំង២ ហក់ឡើងក្នុងទំហំលើស ២៤០ ពាន់លានដុល្លាររួចទៅហើយ។

Advertisement

នៅក្នុងអត្ថបទស្រាវជ្រាវមួយដោយកាសែត RT ដេលចេញផ្សាយកាលពីពេលថ្មីៗនេះក៏បានឱ្យដឹងផងដែរថា ៖ ស្របពេលដែលប្រធានាធិបតី រុស្ស៊ី Vladimir Putin ជួបពិភាក្សាជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំងនាពេលចុងក្រោយនេះ ប្រទេសទាំងពីរកំពុងបន្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចតាមរយៈគម្រោងវិនិយោគឆ្លងដែន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលទើបតភ្ជាប់ថ្មីៗតម្លៃរាប់សិបពាន់លានដុល្លារជាច្រើនទៀត។

ក្រៅតែពីធ្វើអន្តរកម្មនៃរូបិយវត្ថុរវាងគ្នាហើយនោះ ចិន និងរុស្ស៊ី ក៏បានចាប់យកវិស័យថាមពលធ្វើជាឆ្អឹងខ្នងដ៏សំខាន់បំផុតនៃទំនាក់ទំនងរវាងគ្នា។ ចិន មិនខ្វល់ពីទណ្ឌកម្ម និងក្លាយជាអតិថិជនទី១ ដេលទិញប្រេងពីរុស្ស៊ី បូករួមនឹងការធ្វើទំនើបកម្មប្រព័ន្ធបង្ហូរប្រេង និងហ្គាសដោយផ្ទាល់រវាងគ្នា។ បន្ថែមពីលើវិស័យថាមពល រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងកែប្រែទម្រង់ភស្តុភារកម្ម និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាយ៉ាងសកម្មជាមួយក្នា។ ស្ពាន ផ្លូវដែក និងផ្លូវថ្នល់ ដែលទើបនឹងបើកដំណើរការថ្មីៗ ឆ្លងកាត់ទន្លេ Amur បានជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ខណៈដែលគម្រោងឈានមុខគេ ដូចជា ច្រករបៀងដឹកជញ្ជូនអ៊ីដ្រូសែនឆ្លងកាត់ព្រំដែន និងប្រព័ន្ធកាប៊ីនខ្សែកាបអន្តរជាតិ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានរាយការណ៍ថា គម្រោងរួមគ្នាជាង ៩០ មានតម្លៃសរុបប្រមាណ ២៥៣ ពាន់លានដុល្លារ កំពុងត្រូវបានអនុវត្ត។ ជំរុញដោយភាពចាំបាច់ក្នុងការជៀសវាងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់បស្ចិមប្រទេស ទីក្រុងមូស្គូ និងប៉េកាំង កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍រួមគ្នាយ៉ាងលឿនក្នុងវិស័យអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ទូរគមនាគមន៍ ប្រព័ន្ធ 5G និងភស្តុភារកម្មឌីជីថល ដើម្បីធានាបាននូវអធិបតេយ្យភាពបច្ចេកវិទ្យាទាំងស្រុង។

ជាកិច្ចសហប្រតិបត្តិស្ទើរគ្រប់ជ្រុងជ្រោយ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជា វិស័យទេសចរណ៍ ការអប់រំ និងការអភិវឌ្ឍន៍ផងដែរ។ បន្ថែមដោយការរៀបចំលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងផ្លូវអាកាសថ្មី បានជំរុញទេសចរ និងការធ្វើដំណើរបែបអាជីវកម្ម ខណៈពេលដែលសាកលវិទ្យាល័យ និងអាជ្ញាធរក្នុងតំបន់បន្តធ្វើការរួមគ្នាឱ្យស៊ីជម្រៅលើការស្រាវជ្រាវ ការវិនិយោគ និងគំនិតផ្តួចផ្តើមអាជីវកម្មឆ្លងព្រំដែនជាច្រើនផ្សេងទៀត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា