ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

បរទេស ៖ ​ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨ ឯណោះ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Global Times ។

Advertisement

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ គណៈកម្មការពន្ធគយចិនបានប្រកាសថា ចិននឹងពង្រីកការអនុគ្រោះ​ពន្ធ​ ០ ភាគរយសម្រាប់ទ្វីបអាហ្វ្រិកបន្ថែមថែម ២០ ប្រទេសទៀត ដែលត្រូវបានចាត់ទុកថា មិនមែនជាប្រទេសក្រីក្របំផុត (Non-LDCs) ដោយគិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨។ ដោយឡែក សម្រាប់ប្រទេសនៅទ្វីបអាហ្វិ្រកដែលក្រីក្របំផុតចំនួន ៣៣ ប្រទេស ឬ ចាត់ថ្នាក់ថាជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) ត្រូវបានអនុគ្រោះលើកលែងពន្ធមកត្រឹម ០ ភាគរយរួចមកហើយតាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤មកម៉្លេះ។ នេះមានន័យថា បណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្វ្រិកសរុបចំនួន ៥៣ ប្រទេស នឹងទទួលបានការអនុគ្រោះពន្ធ ០ ភាគរយ សម្រាប់ការនាំចេញទៅប្រទេសចិន។ យ៉ាងណាមិញ ការនាំចូលទំនិញត្រូវបានកំណត់ជាចំនួនកូតា ដែលការលើកលែងពន្ធ ០ ភាគរយនេះ នឹងអនុវត្តតែចំពោះបរិមាណទំនិញដែលស្ថិតក្នុងកូតាប៉ុណ្ណោះ។ មានន័យថា បើការនាំចូលទំនិញណាលើសពីកូតាដែលបានកំណត់ នោះនឹងមានការបង់ពន្ធធម្មតាដដែល។ ជាកត់សម្គាល់ ស្របពេលដែលវិធានការនៃការអនុគ្រោះពន្ធនឹងចូលជាធរមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ចិន នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដំបូងគេដែលផ្តល់ការលើកលែងពន្ធជាឯកតោភាគី និងគ្របដណ្តប់ពេញលេញដល់គ្រប់ប្រទេសទាំងអស់នៅអាហ្វ្រិក។

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា វិធានការនេះនឹងអនុវត្តផ្អែកលើគោលការណ៍ពិគ្រោះយោបល់ដោយស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ មិនត្រឹមតែប៉ុណ្ណោះ ចិនគ្រោងនឹងបន្តចរចាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចសម្រាប់កិច្ចអភិវឌ្ឍន៍រួមគ្នាជាមួយបណ្តាប្រទេសអាហ្វ្រិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងចែករំលែកឱកាសអភិវឌ្ឍន៍រួម។​

យោងតាមទិន្នន័យគយរបស់ចិនបានឲ្យដឹងថា ពាណិជ្ជកម្មរបស់ចិនជាមួយទ្វីបអាហ្រ្វិកមានការកើនឡើងពី ៨៧,៣៨ ពាន់លានយ័ន (១២,៧៨ ពាន់) លានដុល្លារក្នុងឆ្នាំ២០០០ ដល់ ២,៤៩ ទ្រីលានយ័ន (៣៦៥,៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥។ ដោយឡែក សម្រាប់ឆ្នាំ២០២៦នេះ គឺជាខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងមហាយក្រចិន ជាមួយទ្វីបអាហ្វ្រិក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា