ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​

ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​

​បរទេស​៖​ ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ព្រមាន​ថា​ ​ប្រទេស​ចិន​នឹង​តប​តវិញ​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហ​ភាព​អឺរ៉ុប ​(​EU​)​ ​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម ​ឬ​ផលិតផល​របស់​ចិន​ ​ខណៈ​ជំនួប​ថ្នាក់​ខ្ពស់​រវាង​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយ​។​

​កាលពី​យប់​ថ្ងៃ​អង្គារ ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​ ​ប្រទេស​ចិន​នឹង​តប​តវិញ​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហ​ភាព​អឺរ៉ុប​ដាក់​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម ​ឬ​ផលិតផល​របស់​ចិន​។ ​ចិន​បាន​បញ្ជាក់​ថា​ ​សកម្មភាព​បែប​នេះ​នឹង​បំផ្លាញ​ទំនុកចិត្ត​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ​និង​បង្ក​ការ​រំខាន​ដល់​កិច្ច​ចរចា​ពាណិជ្ជកម្ម​។​

​ក្នុង​អំឡុង​ខែ​មិថុនា ​ដល់​ខែ​កញ្ញា​ ​ចិន ​និង​សហ​ភាព​អឺរ៉ុប​បាន​ចូលរួម​ក្នុង​ការ​បើក​កិច្ច​ចរចា​ពាណិជ្ជកម្ម​ ​ខណៈ​អឺរ៉ុប​ចង់​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ឱ្យ​បាន​ត្រឹម​ខែ​តុលា​។

​ការ​ព្រមាន​របស់​ចិន​ធ្វើឡើង​បន្ទាប់ពី​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប ​លោក​ ​Maroš Š​efčovič ​បាន​ព្រមាន​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ ​Euronews ​ថា​ ​ទីក្រុង​ប៉េកាំង​ត្រូវតែ​បង្ហាញ​លទ្ធផល​ជាក់ស្តែង​ឱ្យ​ត្រឹម​ខែ​តុលា ​បើ​ពុំ​នោះ​ទេ​ ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​តឹងរ៉ឹង​ជាង​មុន​។ ​លោក​ Š​efčovič ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​ក្រោយ​។

​កាលពី​ដើម​សប្តាហ៍​នេះ​ ​លោក​ ​Noah ​Barkin ​មក​ពី​ស្ថាប័ន​ Rhodium ​Group ​បាន​លើកឡើង​ថា​ ​អឺរ៉ុប​កំពុង​ពិចារណា​លើ​វិធានការ​នានា ​ដើម្បី​បិទ​ផ្លូវ​មិន​ឱ្យ​ចិន​ចូលរួម​ក្នុង​ប្លុក​របស់​ខ្លួន​។​

​តាមរយៈ​ការ​ដក​ស្រង់​សម្តី​ពី​មន្ត្រី​អឺរ៉ុប ​លោក​ ​Barkin អះអាង​ថា​ ​អាល្លឺម៉ង់ ​និង​បារាំង​កំពុង​បញ្ចប់​សេចក្តី​ព្រាង​រួមមួយ ​ដែល​អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ពន្លឿន​ការ​បង្កើត​យុទ្ធសាស្ត្រ​មួយ ​ដែល​អនុញ្ញាតឱ្យ​ទីក្រុង​ប្រ៊ុច​សែល​កាត់ផ្តាច់​ចិន​ចេញ​ពី​ទីផ្សារ​អឺរ៉ុប​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​។ ​វិធានការ​ទាំងនោះ​អាច​នឹង​ធ្វើ​ត្រាប់​តាម​វិធីសាស្ត្រ​ពន្ធ​គយ​មាត្រា​ ​៣០​១ ​របស់​អាម៉េរិក​។​

ឱន​ភាព​ពាណិជ្ជកម្ម ​គឺជា​ស្ថានភាព​ដែល​ទឹក​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​ពី​បរទេស​មាន​តម្លៃ​ច្រើន​ជាង​ទឹក​ប្រាក់​នៃ​ការ​នាំចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស​ ​ឬ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល​ដែល​ទទួល​បាន​។

​ទោះបី​ជា​អាស៊ាន​បាន​វ៉ា​ដាច់​សហ​ភាព​អឺរ៉ុប​កាលពី​ឆ្នាំ​២០២០ ​ដើម្បី​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​ដ៏​ធំ​បំផុត​របស់​ចិន​ក៏​ដោយ​ ​ក៏​ឱន​ភាព​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​ជាមួយ​ចិន​នៅតែ​ជា​តួលេខ​ធំ​បំផុត​នៅលើ​ពិភពលោក​។

លោក​ស្រី​ ​Ursula von der ​Leyen ​ប្រធាន​គណៈកម្មការ​អឺរ៉ុប ​ធ្លាប់​លើកឡើង​នៅក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហ​ភាព​អឺរ៉ុប​ថា​ ឱនភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​អឺរ៉ុប​ជាមួយ​ចិន​បច្ចុប្បន្ន​មាន​ទំហំ​រហូតដល់​ ១ ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ថ្ងៃ​។

ក្នុង​ឆ្នាំ​២០២៤​ ឱនភាព​ពាណិជ្ជកម្ម​មាន​ចំនួន​ ៣០៦ ​ពាន់​លាន​អឺរ៉ូ ​ឬ​ប្រហែល ​៣៤៧ ​ពាន់​លាន​ដុល្លារ ​ហើយ​បាន​កើនឡើង​ដល់​ ៣៦០ ​ពាន់​លាន​អឺរ៉ូ ​ឬ​ប្រហែល​ ​៤០៨ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​២០២៥​។ ឱនភាព​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​អាច​កើនឡើង​រហូតដល់​ ៤០០ ​ពាន់​លាន​អឺរ៉ូ ​ឬ​ប្រហែល ​៤៥៣ ពាន់​លាន​ដុល្លារ​ ​នៅក្នុង​ឆ្នាំ​នេះ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា