ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

Advertisement

នៅក្នុងឱកាសស្វែងយល់ពីសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌរបស់កម្ពុជា លោក Zhou Chaoyong បានបង្ហាញនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកបានចាត់ទុកថា កម្ពុជាមិនត្រឹមតែជាដែនដីនៃប្រាសាទបុរាណដ៏អស្ចារ្យ ដូចជា អង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឃ្លាំងផ្ទុកនូវតម្លៃសិល្បៈ វប្បធម៌ និងស្នាមញញឹមដ៏កក់ក្តៅរបស់ប្រជាជន ដែលជាទាក់ទាញដ៏មានឥទ្ធិពលបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសប្រជាជនចិន។

ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង លោក ចូវ ឆាវយ៉ុង បានប្តេជ្ញានឹងប្រើប្រាស់ពេលវេលារបស់លោក ដើម្បីចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ រួមជាមួយការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដោយដើរតាមលំនាំជាកវីនិពន្ធ ជីវ តាខ្វាន់ ជំនាន់ក្រោយ ដែលជាការរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានពាក់ព័ន្ធនឹងបញ្ហា Online Scam នៅកម្ពុជា តាមរយៈការបង្ហាញពីភាពវិសេសវិសាលនៃវប្បធម៌ និងទេសចរណ៍កម្ពុជា។

លោក ចូវ បានលើកឡើងថា៖

«ប្រវត្តិសាស្ត្រកម្ពុជាមានភាពអស្ចារ្យ និងមានភាពរស់រវើកខ្លាំងណាស់។ វាជាការបំផុសគំនិតដ៏ធំធេងសម្រាប់រូបខ្ញុំក្នុងនាមជាអ្នកដឹកនាំរឿងម្នាក់ ដើម្បីនាំយកនូវទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងនេះទៅចែករំលែកដល់ពិភពលោក»។

តាមរយៈឥទ្ធិពល និងជំនាញវិជ្ជាជីវៈកម្រិតខ្ពស់របស់លោក Zhou Chaoyong ព្រមទាំងកិច្ចសហការជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយយក្សចិន (CMG) ការផ្សព្វផ្សាយនេះត្រូវបានរំពឹងថានឹងបង្កើតជា «កាតាលីករ» ដ៏សំខាន់ក្នុងការជំរុញលំហូរទេសចរចិនមកទស្សនាកម្ពុជាឡើងវិញយ៉ាងគំហុក។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រៅពីជួបពិភាក្សាការងារជាមួយលោក Zhou Chaoyong ក៏បានជួបពិភាក្សាការងារជាមួយលោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន និងលោក ស៊ឺ ហឺឈុន (Shi Hequn) នាយកប្រតិបត្តិនៃក្រុមហ៊ុន Ping An Property and Casualty Insurance Company of China, Ltd.។

ក្នុងជំនួបជាមួយ លោក Zhou Chaoyong ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG)ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយក្រសួងទេស​ចរណ៍កម្ពុជា ក្នុងការផ្តល់ព័ត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ពិសេសគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនជាដើម។ តាមរយៈការប្តេជ្ញាចិត្តដ៏មោះមុតនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងស្វាគមន៍ជាអនេកចំពោះគំនិតផ្តួចផ្តើម និងគម្រោងនានាខាងលើ ហើយក្រសួងទេសចរណ៍ បានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការពេញលេញជាមួយលោក ក៏ដូចជាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)។

ឯកឧត្តមបានបញ្ជាក់ថា៖

«ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ តាមរយៈការរៀបចំផែនការវិនិយោគលើប្រព័ន្ធសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសតាមរយៈគម្រោងធានារ៉ាប់រងទេសចរណ៍រួមកម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិ។ កម្ពុជាត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ជាមួយប្រទេសចិនបន្ទាប់ពីស្ថាប័នចិនធំៗចំនួនពីរ បានប្តេជ្ញាពង្រីកភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើន ពង្រឹងសុវត្ថិភាពទេសចរណ៍ និងជំរុញការវិនិយោគក្នុងវិស័យនេះ»។

រីឯក្នុងជំនួបជាមួយលោក លោក Yang Xiaoyang  ភាគីទាំងសងខាង បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក កិច្ចសហការក្នុងការការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវប្បធម៌ និងទេសចរណ៍។ ទន្ទឹមនឹងនេះ សមាគមនឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍ និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងពិភាក្សាបន្ថែមលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា វឌ្ឍនភាពថ្មីៗរបស់វិស័យនេះ និងគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា សម្រាប់ពលរដ្ឋចិន។បានមានប្រសាសន៍ថា៖ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ តាមរយៈការរៀបចំផែនការវិនិយោគលើប្រព័ន្ធសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសតាមរយៈគម្រោងធានារ៉ាប់រងទេសចរណ៍រួមកម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា។

លោក Shi Hequn បានឱ្យដឹងថា ក្រុមហ៊ុន Ping An នឹងសិក្សាពីលទ្ធភាពវិនិយោគលើកញ្ចប់ទេសចរណ៍ប្រណីតផ្តាច់មុខ ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិនលំដាប់ខ្ពស់ និងវិនិយោគិនដែលមានចំណាប់អារម្មណ៍មកទស្សនាកម្ពុជា និងស្វែងរកឱកាសវិនិយោគ។

គួរជម្រាបថា៖ដើម្បីធានាការអនុវត្តផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពតែងតាំងមន្ត្រីទំនាក់ទំនង (Focal Points) ដើម្បីសម្របសម្រួលរៀបចំការងារលម្អិត និងធ្វើការសិក្សាលទ្ធភាពនៅកម្ពុជា។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្តាញសារព័ត៌មានAMS នាថ្ងៃទី១៧ កក្កដាថា ៖ចំពោះដំណើរអមសម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិនរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺជាដំណើរបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ និងផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ហើយដែលក្នុងនោះសម្រាប់វិស័យទេសចរណ៍ផ្ទាល់ ក្រសួងទេសចរណ៍ ជាពិសេសក្រោមការខិតខំប្រឹងប្រែងរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺរំពឹងថា នឹងទាក់ទាញបាននូវកំណើនភ្ញៀវទេសចរចិន មកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងអំឡុងពេល Green Season នេះ ក៏ដូចជានៅក្នុងរយៈពេលនៃការអនុវត្តសាកល្បងនូវគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន។

លោកជំទាវបានជម្រាបជូនថា ៖

«នៅក្នុងដំណើរអមសម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននេះដែរ ឯកឧត្តម ហួត ហាក់ ក៏មានជំនួបដោយឡែកជាមួយគ្នានឹងវិនិយោគិនចិន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ចិន នៅក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ ហើយជាពិសេសការជម្រាបជូនអំពីកត្តាសុខសុវត្ថិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ភ្ញៀវទេសចរចិន ប្រតិបត្តិករទេសចរចិន ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្ដៅនៅក្នុងការអញ្ជើញមកទស្សនានៅប្រទេសកម្ពុជាយើងផងដែរ»។

លោកជំទាវបានបញ្ជាក់ថា៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ទាំងកត្តាសុខសុវត្ថិភាព ទាំងបដិសណ្ឋារកិច្ច ក៏ដូចជាសម្បទាទេសចរណ៍ផ្សេងៗ ដែលគាំទ្រក៏ដូចជាតម្រូវជាមួយនឹងទីផ្សារទេសចរចិនផងដែរ៕


លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា