ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

បរទេស៖ ចិន បានប្រកាសថា​ នឹងធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើកោះមួយនេះយល់ព្រមបង្រួបបង្រួមជាតិជាមួយនឹងខ្លួន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

Advertisement

កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងថា ការបង្រួបបង្រួមជាតិដោយសន្តិភាពនឹងនាំមកនូវការធានាសន្តិសុខថាមពល និងធនធានសម្រាប់កោះតៃវ៉ាន់។ ក្នុងន័យនេះ ចិន មានឆន្ទៈក្នុងការផ្តល់ឱ្យជនរួមជាតិតៃវ៉ាន់នូវថាមពល និងធនធានដែលមានស្ថិរភាព និងគួរឱ្យទុកចិត្ត ហើយពួកគេអាចមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ យ៉ាងណាមិញ រដ្ឋាភិបាលកោះតៃវ៉ាន់មិនមានការឆ្លើយតបភ្លាមៗចំពោះការអត្ថាធិប្បាយនេះទេ ដែលមានន័យថា ពួកគេបដិសេធចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។

សូមជម្រាបថា​ ជាច្រើនឆ្នាំមកហើយ ចិនតែងតែផ្តល់សិទ្ធិស្វ័យភាព (ប្រទេសមួយ ប្រព័ន្ធពីរ) ដល់កោះតៃវ៉ាន់ ដែលមានន័យ ប្រសិនបើកោះតៃវ៉ាន់យល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង និងទទួលស្គាល់ថាខ្លួនជាទឹកដីរបស់ចិនដីគោក ពួកគេមានសិទ្ធិរក្សាប្រព័ន្ធសេដ្ឋកិច្ច និងរដ្ឋបាលផ្ទាល់ខ្លួន ។ យ៉ាងណាក៏ដោយ ទោះបីជាកោះតៃវ៉ាន់ច្រាលចោលសំណើនេះជាច្រើនដងក្តី ប៉ុន្តែចិន​មិន​ដែល​បោះបង់​ការ​ប្រើ​កម្លាំង​ដើម្បី​អាចនាំ​កោះមួយនេះមកនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ឡើយ។ កាលពីខែតុលា ឆ្នាំ២០២៥​ ចិនបានដាក់សំណើបង្រួបបង្រួមជាតិដល់កោះតៃវ៉ាន់ ដោយសារធានាការគាំទ្រផ្នែកសេដ្ឋកិច្ច ប៉ុន្តែត្រូវបានតៃវ៉ាន់បដិសេដ។

ដោយឡែក រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលជុំវិញពិភពលោកកំពុងស្វែងរកការផ្គត់ផ្គង់ថាមពលជំនួសដោយសារសង្រ្គាមមជ្ឈិមបូព៌ា និងការបិទផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ កាលពីថ្ងៃពុធដដែល ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានថ្លែងក្នុងកិច្ចប្រជុំមួយនៅទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ទទួលបានការធានាពីការផ្គត់ផ្គង់ថាមពលទាំងសម្រាប់ខែនេះ និងខែក្រោយ ហើយឧស្ម័នពីអាម៉េរិកនឹងត្រូវបាននាំចូលកាន់តែច្រើនចាប់ពីខែមិថុនា។ លើសពីនេះ កោះតៃវ៉ាន់បានអនុម័តយុទ្ធសាស្រ្តសម្រាប់ការនាំចូលថាមពលដែលមានលក្ខណៈចម្រុះ និងពហុប្រភព។ ជាទូទៅ កោះតៃវ៉ាន់នាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីកាតា ១ ភាគ ៣ នៃចំនួនសរុបរបស់ខ្លួន ប៉ុន្តែឥឡូវនេះ ទទួលបានការធានាពីអាម៉េរិសម្រាប់ការផ្គត់ផ្គង់ជំនួសបានប៉ុន្មានខែខាងមុខទៀត និងមិនមានប្រភពនាំចូលពីចិននោះទេ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា