កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

​បរទេស​៖​ ​កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​The​ ​Guardian​។

Advertisement

​កាលពី​ថ្ងៃពុធ​កន្លងទៅ​នេះ​ ​ទិន្នន័យ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​ចិន ​គូសបញ្ជាក់​ថា​ ​បើ​ទោះបីជា​ការ​នាំចេញ​កើនឡើង​ក្នុង​ល្បឿន​លឿន​ខ្លាំង​ដល់​ទៅ​ ​២៧​ ​ភាគរយ​ក្តី​ ​ប៉ុន្តែ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ខ្សោយ​។​

​បច្ចុប្បន្ន​នេះ​ ​សេដ្ឋកិច្ច​ចិន​កំពុង​ពឹងផ្អែក​ខ្លាំង​លើ​ការ​លក់​ទំនិញ​ទៅ​ក្រៅ​ប្រទេស​ ​ខណៈ​ដែល​ព្យាយាម​បង្កើន​កិច្ចខិតខំប្រឹងប្រែង​នានា​ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ ​និង​ការ​វិនិយោគ​នៅក្នុង​ស្រុក​។​

​ជាក់ស្ដែង​ ការ​នាំចេញ​រថយន្ត​ប្រចាំ​ខែ​កើនឡើង​ជាង​ ​១​ ​លាន​គ្រឿង​ជា​លើក​ដំបូង​ក្នុង​ខែមិថុនា ​ប៉ុន្តែ​ការ​លក់​រថយន្ត​នៅក្នុង​ស្រុក​បែរជា​ធ្លាក់ចុះ​យ៉ាង​គំហុក​ជាង​ ​១៦​ ​ភាគរយ​ទៅ​វិញ​។​

​ក្រុម​អ្នកវិភាគ​កំពុង​តាមដាន​មើល​ថា​ ​តើ​បក្ស​កុម្មុយនីស្ដ​ចិន​នឹង​បង្ហាញ​សញ្ញាណ​ណាមួយ​នៃ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ថ្មី​ៗ​ ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​នៅ​ចុង​ខែ​នេះ​ដែរ​ឬ​ទេ​?​

​ចិន​ចាំបាច់​ត្រូវការ​វិធានការ​ទ្រង់ទ្រាយ​ធំ​ និង​ទូលំទូលាយ ​ដើម្បី​បង្កើន​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​ ​ប្រសិនបើ​ចង់ឱ្យ​សេដ្ឋកិច្ច​មាន​តុល្យភាព​ឡើងវិញ​ ​ដោយ​មិន​ពឹងផ្អែក​ខ្លាំង​តែ​លើ​ការ​នាំចេញ​។ ​ការ​នាំចេញ​មាន​ចំណែក​ប្រហែល​ ​២០​ ​ភាគរយ​នៃ​ ​GDP​។

​លោក​ ​Li​ ​Daokui​ ​សេដ្ឋវិទូ​ឈាន​មុខ​គេ​មួយ​របស់​ចិន​ ​និង​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រុង​ប៉េកាំង​ ​លើកឡើង​ថា​ ​រដ្ឋាភិបាល​ក្នុង​តំបន់​ប្រែប្រួល​ពី​ក្បាល​ម៉ាស៊ីន​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​ទៅជា​ឧបសគ្គ​រាំងស្ទះ​នៃ​កំណើន​ទៅ​វិញ​។ ​ការ​វិនិយោគ​លើ​ទ្រព្យ​សកម្ម​ថេរ​រួមមាន​ ​ការ​ចំណាយ​លើ​ស្ពាន​ ​ថ្នល់​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាទូទៅ​តែងតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត​ ​បាន​ធ្លាក់ចុះ​ជាង​ ​៤​ ​ភាគរយ​នៅ​ចន្លោះ​ខែ​មករា ​ដល់​ខែឧសភា​។​

​វិស័យ​អអចលន​ទ្រព្យ​ ​និង​សំណង់​ ធ្លាប់​ជា​កម្លាំង​ចលករ​ដ៏​ធំ​នៃ​សេដ្ឋកិច្ច​ចិន​ក៏​ធ្លាក់ចុះ​ដូចគ្នា​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ទំហំ​នៃ​ការ​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​។​

​បន្ថែម​ពី​នេះ​ ​អត្រា​អត់​ការងារ​ធ្វើ​ ​និង​ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​ត្រូវ​ទទួលបាន​ការ​យកចិត្តទុកដាក់​បំផុត​ ​ដោយសារ​ប្រសិនបើ​មិន​ត្រូវបាន​ដោះស្រាយ​ទេ ​នោះ​គោលដៅ​ ​និង​វិស័យ​សេដ្ឋកិច្ច​ទាំងអស់​របស់​ចិន​នឹង​ជួប​ការ​លំបាក​បន្ថែម​ទៀត​។

​ទោះបីជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ពិត​មែន​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​នៅតែ​ព្រួយបារម្ភ​ថា​ ​នៅពេល​កិច្ចព្រមព្រៀង​ផ្អាក​ការ​រឹតបន្តឹង​ពាណិជ្ជកម្ម​ផុត​កំណត់​ក្នុង​ខែវិច្ឆិកា​ ​នោះ​អាចនឹង​មាន​ការ​ដាក់​ពន្ធ​គយ​ឡើងវិញ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នកនាំចេញ​ ​និង​ក្រុមហ៊ុន​ផលិត​របស់​ចិន​។​

​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​សកល​ក៏​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ផងដែរ​នោះ​ ហានិភ័យ​នេះ​អាច​កាត់បន្ថយ​តម្រូវការ​សកល​លើ​ទំនិញ​របស់​ចិន​។​

​ចិន​អាច​ទប់ទល់​នឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជម្លោះ​នេះ​បាន​ល្អ​ជាង​ប្រទេស​ភាគ​ច្រើន​ ​ដោយសារ​ខ្លួន​មាន​ការ​ស្តុក​ទុក​ថាមពល​ដ៏​ច្រើន​ និង​មាន​ប្រភព​ថាមពល​ចម្រុះ​ ​ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​នឹង​បង្ក​ផលប៉ះពាល់​រយៈពេល​វែង​ដល់​សេដ្ឋកិច្ច​ចិន​ដែល​ពឹងផ្អែក​លើ​ការ​នាំចេញ​។​

​ប្រសិនបើ​សង្គ្រាម​អូសបន្លាយ​កាន់តែ​យូរ ​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ធ្លាក់ចុះខ្សោយ​ ​ដែល​ធ្វើឲ្យ​ពួកគេ​នឹង​កាត់បន្ថយ​ការ​ទិញ​ទំនិញ​ពី​ក្រៅ​ប្រទេស​ ​ហើយ​តម្រូវការ​ជា​សកល​លើ​ទំនិញ​របស់​ចិន​នឹង​មាន​ការ​ធ្លាក់ចុះ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា