ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា


បរទេស៖ យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវថាមពល Ember បានឱ្យដឹងថា ការនាំចេញរថយន្តអគ្គិសនី EV របស់ចិន បានឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។​ មិនត្រឹមតែប៉ុណ្ណោះ តួលេខនេះកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា ខណៈដែលសម្រាប់តែខែឧសភា ចិន បាននាំចេញរថយន្តអគ្គិសនីសម្រាប់អ្នដឹកដំណើរប្រមាណ ៤៤៨,០០០ គ្រឿង ក្នុងនោះរួមមានរថយន្តអគ្គិសនីដើរដោយអាគុយសុទ្ធ (BEVs) ប្រហែល ២៧៩,០០០ គ្រឿង និង រថយន្តកូនកាត់ចំនួន ១៦៩,០០០ គ្រឿង។

Advertisement

ការកើនឡើងនូវចំណែកទីផ្សារនេះ ភាគច្រើនត្រូវបានជំរុញដោយតម្រូវការពីតំបន់អាស៊ីអាគ្នេយ៍ដោយសារមនុស្សកាន់តែច្រើនកំពុងជំរុញការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនទៅជាប្រភេទយាយន្តអគ្គិសនី តាមរយៈការផ្តល់ការលើកទឹកចិត្ត កាត់បន្ថយពន្ធនាំចូល ការអភិវឌ្ឍស្ថានីយសាកភ្លើង រួមជាមួយនឹងបទប្បញ្ញត្តិថ្មីៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល។

នៅក្នុងខែឧសភាដដែល ការនាំចេញរថយន្តអគ្គិសនីរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍បានឈានដល់កំណត់ត្រា ១,២ ពាន់លានដុល្លារ ដោយក្នុងនោះ ថៃ និងហ្វីលីពីន មានតម្រូវការខ្ពស់ជាងគេ។ ថៃបាននាំចូលរថយន្តអគ្គិសនីពីចិនជាង ៣៦,០០០ គ្រឿង ដែលជាតួលេខប្រចាំខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលហ្វីលីពីននាំចូលលើសពី ៣៣,០០០ គ្រឿង។ ក្រៅពីប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងអាស៊ាន ឡាវ និងកម្ពុជា ក៏បានកត់ត្រានូវតួលេខនាំចូលរថយន្តអគ្គិសនីពីចិនខ្ពស់បំផុតក្នុងប្រចាំខែផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបណ្តាប្រទេសនៅទូទាំងតំបន់អាស៊ានបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី។ ជាក់ស្ដែង កាលពីចុងខែមីនាកន្លងទៅនេះ កម្ពុជា បានកាត់បន្ថយពន្ធគយលើរថយន្តអគ្គិសនីដើរដោយអាគុយសុទ្ធមកត្រឹម ០ ភាគរយ និងបញ្ចុះពន្ធលើរថយន្តកូនកាត់មកត្រឹម ៧ ភាគរយពីអត្រាពន្ធចាស់ ៣៥ ភាគរយ។ ដោយឡែក នៅខាងប្រទេសឡាវវិញ រដ្ឋាភិបាលបានកាត់បន្ថយថ្លៃចុះបញ្ជី និងថ្លៃសេវាផ្សេងៗសម្រាប់រថយន្តអគ្គិសនី ព្រមទាំងផ្អាកការនាំចូលរថយន្តដើរដោយសាំងជាបណ្តោះអាសន្នរហូតដល់ដាច់ឆ្នាំផងដែរ។ បន្ថែមពីនេះ ឡាវ បានណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូននានាឱ្យមានការធានាថា រថយន្តអគ្គិសនីត្រូវមានចំណែក ១០ ភាគរយនៃចំនួនរថយន្តសរុបរបស់ពួកគេត្រឹមចុងឆ្នាំ២០២៦ នេះ។

លោក Lam Pham អ្នកវិភាគថាមពលប្រចាំតំបន់អាស៊ីនៅ Ember បាននិយាយថា វិបត្តិថាមពលបច្ចុប្បន្នបានបង្ហាញកាន់តែច្បាស់ពីតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី ដែលជាផ្លូវឆ្ពោះទៅរកសន្តិសុខថាមពលកាន់តែប្រសើរ, កាត់បន្ថយការចំណាយលើការនាំចូលប្រេង, និងជួយសន្សំសំចៃថ្លៃដឹកជញ្ជូនក្នុងរយៈពេលវែង។

លោក Euan Graham អ្នកវិភាគទិន្នន័យផ្នែកអគ្គិសនីជាន់ខ្ពស់របស់ Ember បានលើកឡើងថា ការនាំចេញរថយន្តអគ្គិសនីរបស់ចិននៅតែបន្តសម្រេចបានកម្រិតខ្ពស់ ហើយតំបន់អាស៊ីអាគ្នេយ៍ក្លាយជាគោលដៅរីកចម្រើនលឿនបំផុតមួយសម្រាប់រថយន្តអគ្គិសនីចិន។ ជារួម ការនាំចេញរថយន្តអគ្គិសនីរបស់ចិនជាសកលកំពុងលូតលាស់យ៉ាងឆាប់រហ័ស ដោយកើនពីអត្រាតិចជាង ១ ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឡើងដល់ ៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦។ កត្តានេះធ្វើឱ្យរថយន្តអគ្គិសនីក្លាយជាមុខទំនិញដែលរីកចម្រើនលឿនបំផុតរបស់ចិន រួមជាមួយអាគុយលីចូម -អ៊ីយ៉ុងផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា