អតិរេកពាណិជ្ជកម្មរបស់ចិនបានបន្តកើនឡើងដល់ជាង ១ ទ្រីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតិរេកពាណិជ្ជកម្មរបស់ចិនបានបន្តកើនឡើងដល់ជាង ១ ទ្រីលានដុល្លារ

អតិរេកពាណិជ្ជកម្មរបស់ចិនបានបន្តកើនឡើងដល់ជាង ១ ទ្រីលានដុល្លារ

បរទេស៖ អតិរេកពាណិជ្ជកម្មរបស់ចិនបានកើនឡើងលើស ១ ទ្រីលានដុល្លារត្រឹមរយៈពេល ១០ ខែ ក្នុងឆ្នាំនេះ ខណៈដែលបណ្តាប្រទេសជាដៃគូមានក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញការនាំចេញរបស់ទីក្រុងប៉េកាំង ដែលកំពុងវាយលុកដល់ឧស្សាហកម្មក្នុងស្រុករបស់ពួកគេ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ទិន្នន័យពីគយចិនបានបង្ហាញថា ក្នុងរយៈពេល ១០ ខែ គិតត្រឹមខែតុលា អតិរេកពាណិជ្ជកម្មចិនបានកើនដល់ ១,០៤ ទ្រីលានដុល្លារ ខណៈកំណត់ត្រាពេញមួយឆ្នាំ២០២៥ មានប្រមាណ ១,២ ទ្រីលានដុល្លារ ដែលសរបញ្ជាក់ឱ្យឃើញថា អតិរេកពាណិជ្ជកម្មរបស់ចិនបន្តកើនឡើងលើស ១ ទ្រីលានដុល្លារក្នុងរយៈពេល២ឆ្នាំជាប់គ្នា។ ក្នុងរូបភាពនេះ បណ្តាដៃគូពាណិជ្ជកម្មជារឿយៗតែងតែអំពាវនាវឱ្យទីក្រុងប៉េកាំងឱ្យពង្រឹងតម្រូវការក្នុងស្រុក និងរៀបចំសេដ្ឋកិច្ចឱ្យមានសមតុល្យឡើងវិញ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានជំរុញឱ្យចិនពន្លឿនការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចចេញពីការពឹងផ្អែកខ្លាំងលើការនាំចេញ និងងាកទៅរកគំរូដែលជំរុញការប្រើប្រាស់ក្នុងស្រុកវិញ។

អតិរេកដ៏ច្រើនសន្ធឹកសន្ធាប់នេះបានឆ្លុះបញ្ចាំងពីតម្រូវការសកលចំពោះឧបករណ៍នៃគ្រឿងបន្លាស់ផ្នែកបញ្ញាសិប្បនិម្មិត (AI) ដែលផលិតដោយចិន។ កត្តានេះបានធ្វើឱ្យតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុកបន្តចុះខ្សោយ ខណៈការនាំចេញក្នុងអំឡុងខែតុលា បានកើនឡើង ៣៥,២ ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននៃការនាំចេញច្រើនបែបនេះអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយបន្តពឹងផ្អែកលើវិធានការគាំទ្រកម្រិតមធ្យម ដើម្បីសម្រេចបានគោលដៅកំណើនប្រចាំឆ្នាំ ៤,៥ ភាគរយទៅ ៥ ភាគរយ បើទោះបីជាការប្រើប្រាស់ក្នុងស្រុកកំពុងចុះខ្សោយក៏ដោយ។ ជាមួយគ្នានេះដែរ ការនាំចូលបានបន្តស្ទុះកើនឡើងរហូតដល់ ៤១,៦ ភាគរយក្នុងខែតុលា ដែលជាកំណើនខ្លាំងបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងណាក្តី អ្នកវិភាគបានព្រមានថា សន្ទុះនៃការនាំចេញរបស់ចិនអាចនឹងថយចុះមកត្រឹម ៨ ភាគរយក្នុងឆ្នាំ២០២៧ ប្រសិនបើការវិនិយោគលើ AI សកលមានភាពស្ងប់ស្ងាត់ រួមផ្សំជាមួយនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងភាពមិនប្រាកដប្រជានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក។ នៅក្នុងខែតុលានេះ ការនាំចេញរបស់ចិនទៅកាន់អាម៉េរិកបានកើនឡើង ៣២,៩ ភាគរយ ហើយការនាំចូលបានកើនជិត ៣៥ ភាគរយ។ អតិរេកពាណិជ្ជកម្មចិនជាមួយនឹងអាម៉េរិកមានទំហំ ៣២,៧ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ការនាំចេញរបស់ចិនទៅកាន់អឺរ៉ុបកើនឡើង ២៤,៤ ភាគរយ ប៉ុន្តែការនាំចូលធ្លាក់ចុះជាង ៤ ភាគរយ ដែលបង្កើតបានអតិរេកពាណិជ្ជកម្ម ៣៣,៤ ពាន់លានដុល្លារ បើទោះបីជាអឺរ៉ុបកំណត់ការនាំចូលរថយន្តកូនកាត់ពីចិនត្រឹម ៣៥០ ០០០ គ្រឿងក្នុងមួយឆ្នាំក៏ដោយ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា