ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

បរទេស ៖ រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា ខណៈពេលដែលខ្លួនទើបតែបានបដិសេធមិនលក់កម្មវិធី Manus ឲ្យទៅក្រុមហ៊ុនអាម៉េរិក Meta កាលពីខែមុននេះ ។

Advertisement

វិធានការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីរបៀបដែលទីក្រុងប៉េកាំង បានចាត់ទុកអ្នកជំនាញទាំងនេះថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួនក្នុងឧស្សាហកម្មដ៏មានសក្តានុពល​ នេះបើយោងតាមការចេញផ្សាយដោយកាសែតរុស្ស៊ី RT នាពេលថ្មីៗនេះ។

បច្ចុប្បន្ន ស្ថាប័នរដ្ឋាភិបាលចិនបានតម្រូវឱ្យស្ថាបនិកក្រុមហ៊ុន អ្នកជំនាញ និងអ្នកស្រាវជ្រាវ AI ឈានមុខគេនៅក្នុងក្រុមហ៊ុនឯកជនធំៗ ដូចជា Alibaba និង DeepSeek ជាដើម ត្រូវតែសុំការអនុញ្ញាតជាផ្លូវការមុននឹងធ្វើដំណើរទៅក្រៅប្រទេស ឬត្រូវប្រគល់លិខិតឆ្លងដែនឱ្យរដ្ឋាភិបាលរក្សាទុក ដើម្បីការពារកុំឱ្យលេចធ្លាយការសម្ងាត់ពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាតិណាមួយ។ ចំណាត់កាលនេះត្រូវបានធ្វើឡើងត្រឹមតែ១ខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលចិនបានចេញមុខរារាំងមិនឲ្យក្រុមហ៊ុន Manus ដែលជាក្រុមហ៊ុនកើតថ្មីរបស់ចិន និងទើបតែបានផ្លាស់ប្តូរមូលដ្ឋានទៅកាន់ប្រទេសសិង្ហបុរីកាលពីឆ្នាំ២០២៥ ក្នុងការចរចាទិញលក់ទៅឲ្យក្រុមហ៊ុន Meta របស់អាមេរិកក្នុងតម្លៃប្រមាណជា២ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះប្រធានផ្នែកសំខាន់ៗចំនួន២រូប បច្ចុប្បន្នមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសចិននោះទេ។

ការរឹតបន្តឹងដ៏តឹងរ៉ឹងលើធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះ គឺស្របគ្នាទៅនឹងផែនការ៥ឆ្នាំរបស់ប្រទេសចិន ដែលបានកំណត់គោលដៅអភិវឌ្ឍន៍ជាតិរហូតដល់ឆ្នាំ២០៣០។ ផែនការនេះបានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការពិសេស (extraordinary measures) ដើម្បីកសាង និងពង្រឹងសមត្ថភាពពឹងផ្អែកលើខ្លួនឯងឱ្យបានទាំងស្រុងលើវិស័យយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ បន្ទះឈីប (Semiconductors), បញ្ញាសិប្បនិម្មិត (AI) និងការផលិតកម្រិតខ្ពស់ (Advanced manufacturing)។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគទីផ្សារបានព្រមានថា គោលនយោបាយបិទខ្ទប់ការធ្វើដំណើរនេះអាចក្លាយជាអាវុធមុខពីរសម្រាប់ប្រទេសចិនខ្លួនឯងទៅវិញ ខណៈពេលដែលវាអាចជួយចិនក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងទប់ស្កាត់ការហូរហៀរខួរក្បាលទៅកាន់ប្រទេសលោកខាងលិច ហើយវាក៏អាចធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនជួបផលលំបាកក្នុងការទាក់ទាញអ្នកជំនាញលំដាប់ពិភពលោក និងអាចរារាំងដល់ការច្នៃប្រឌិតថ្មីៗ ដែលធ្លាប់តែពឹងផ្អែកលើកិច្ចសហការអន្តរជាតិដោយសេរីផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា