ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

បរទេស៖ ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានស៊ីនហួរ។

Advertisement

សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងបន្តរំខានដល់ការដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារពិភពលោក ជាពិសេសតំបន់អឺរ៉ុប ដែលកាន់តែដាក់មសម្ពាធទៅលើសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ នៅពេលដែលវិបត្តិប្រេងកើតមាន ហើយតម្លៃកើនឡើងខ្ពស់ដូចពេលបច្ចុប្បន្ននេះ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញឲ្យមានតម្រូវការរថយន្តអគ្គិសនីរបស់ចិនក្នុងតំបន់កើនឡើងខ្ពស់ផងដែរ។

យោងតាមទិន្នន័យពីអាជ្ញាធរដឹកជញ្ជូនរបស់អាល្លឺម៉ង់ (KBA) បានឲ្យដឹងថា ការចុះបញ្ជីរថយន្តអគ្គិសនីឈានដល់ ៧០ ៧០០ គ្រឿងនៅក្នុងខែមីនា កើនឡើង ៦៦,២ ភាគរយ ខណៈដែលរថយន្តអគ្គិសនីប្រភេទកូនកាត់ ឬ Hybrid កើនឡើងត្រឹម ១៣ ភាគរយ ឬប្រមាន ២៩ ៩០០ គ្រឿងប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ ការចុះបញ្ជីរថយន្តអគ្គិសនីចិន ដូចជា BYD និង Leapmotor កើនឡើងប្រហែល ៣ ដងធៀបទៅនឹងឆ្នាំមុន ខណៈដែលរថយន្ត Xpeng មានកំណើនច្រើនជាងទ្វេដង ដែលបង្ហាញពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់កាន់តែច្រើន។

Andreas Heumann ជាអ្នករស់នៅទីក្រុងប៊ែកឡាំង កំពុងពិចារណាចង់ទិញរថយន្តកូនកាត់ ឬ Hybrid ដោយសារតែកាលពីមុនមានទម្លាប់ចំណាយត្រឹម ៩០ អឺរ៉ូ (១០៥ ដុល្លារ) ទៅលើការចាក់សាំងបំពេញរថយន្តម៉ាក Audi Q5 នោះ ពេលនេះបានបង្កើនខ្ទង់ចំណាយរហូតដល់ ១២៥ អឺរ៉ូ (១៤៥,៧ ដុល្លារ) ហើយប្រសិនបើតម្លៃសាំងនៅតែកើនឡើងខ្ពស់ ការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវផ្នែកសេដ្ឋកិច្ច។

លោក Zheng Yun មកពីនៅក្រុមហ៊ុនប្រឹក្សា Roland Berger ដែលមានមូលដ្ឋាននៅទីក្រុង Munich បានលើកឡើងថា រថយន្តអគ្គិសនីកំពុងក្លាយជាជម្រើសដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ដែលអាចគ្រប់គ្រងដល់ការចំណាយប្រចាំថ្ងៃ ជាពិសេស ក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដោយការចំណាយបានក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់រថយន្តប្រេងសាំង។​ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចេញវិធានការបណ្តោះអាសន្នមួយចំនួនសម្រាប់ទប់ទល់ពីផលប៉ះពាល់នៃវិបត្តិប្រេង។ ជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃទី ១ ខែមេសា រហូតមក នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈត្រូវបានកំណត់ការដំឡើងថ្លៃ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពលរបស់អាល្លឺម៉ង់ លោកស្រី Katherina Reiche បានស្នើសុំឱ្យកាត់បន្ថយពន្ធអគ្គិសនីសម្រាប់ពលរដ្ឋ។ ដូច្នេះ រថយន្តអគ្គិសនី គឺជាជម្រើសដ៏ល្អ ដែលមិនត្រឹមតែចូលរួមការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងអាចជួយដល់ស្ថិរភាពសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់ផងដែរ។

លោក Dmitrij Kolesnik អ្នកលក់រថយន្តនៅទីក្រុងប៊ែកឡាំង បានលើកឡើងថា រថយន្តអគ្គិសនីរបស់ចិន កំពុងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងច្រើន ដោយសារវាមានតម្លៃសមរម្យ គុណភាពល្អ ជាមួយនឹងបច្ចេកវិទ្យាទំនើប៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា