ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រីកវិសាលភាពកីឡាប្រណាំងសេះនៅកម្ពុជា តាមរយៈការឧបត្ថម្ភនៅក្នុងកម្មវិធីប្រកួត ស្ថាបត្យកម្មនៃទីលានជិះសេះខ្នាតអន្តរជាតិលើកដំបូងនៅកម្ពុជា ដែលមានទំហំផ្ទៃដីជិត ៩ហិកតា ជាមួយសមាសភាពបេក្ខជនដាក់ពាក្យប្រជែងស្នាដៃរហូតដល់ជាង ៦០០នាក់ ដើម្បីរំលេចរូបរាងមជ្ឈមណ្ឌលជិះសេះបែបទំនើប និងបង្ហាញពីអត្តសញ្ញាណខ្មែរមិនធ្លាប់មាន។

ក្រោមមហិច្ឆិតាបង្កើតមជ្ឈមណ្ឌលទីលានជិះសេះលំដាប់អន្តរជាតិនៅកម្ពុជាលើកដំបូង ជាមួយការទម្លាក់ទុនអភិវឌ្ឍន៍រាប់សិបលានដុល្លារពីសំណាក់កូនខ្មែរ នៅលើផ្ទៃដីសរុប ៨.៩ហិកតា ស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ តេជោ និងមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រនៅភាគខាងត្បូងរាជធានីភ្នំពេញ នឹងលេចចេញជារូបរាងយ៉ាងអស្ចារ្យ ក្រោមការរចនាតាមស្ថាបត្យកម្មខ្មែរបែបទំនើប ដែលជាស្នាដៃរបស់បេក្ខជនចុងក្រោយ ទទួលបានជ័យលាភីពីការប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ។

លោកស្រី ស៊ុន សីមូនី ជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃ Cambodian Equestrian & Country Club ឬហៅកាត់ថា CECC ជាទីលានជិះសេះថ្មី និងលើកដំបូងនៅកម្ពុជាបានលើកឡើងថា ការជិះសេះ ឬប្រណាំងសេះ ភាគច្រើនជាកីឡាបរទេសនិយម ជាពិសេសនៅប៉ែកអឺរ៉ុប។ ដោយឡែក ពេលនេះ ដោយសារតែមានទឹកចិត្តស្រលាញ់ និងចង់ឱ្យកូនខ្មែរអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិស័យមួយនេះនៅលើឆាកអន្តរជាតិ បានសម្រេចបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍជាទីលានជិះសេះលំដាប់អន្តរជាតិនៅកម្ពុជា ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះ គឺហេដ្ឋារចនាសម្ព័ន្ធនៃទីលាន ត្រូវបានធ្វើឡើងតាមស្ថាបត្យកម្មខ្មែរ ក្រោមស្នាដៃចេញប្លង់មេដោយកូនខ្មែរពិតៗ។

លោកស្រី ស៊ុន សីមូនី ដែលបច្ចុប្បន្នមានតួនាទីជាអគ្គលេខធិការរងនៃសហព័ន្ធកីឡាជិះសេះកម្ពុជា និងជាកីឡាការិនីជម្រើសជាតិកម្ពុជាផងដែរនោះ បានបញ្ជាក់ថា ៖

«កាលពីកុមារភាព ខ្ញុំចូលចិត្តជិះសេះណាស់ ប៉ុន្តែក្រោយមក ខ្ញុំក៏អាក់ខានជិះសេះអស់រយៈពេលជិត ១៥ ឆ្នាំ។ ក្រោយមក នៅពេលខ្ញុំត្រឡប់ទៅ NEW YORK វិញ ខ្ញុំរកបានកន្លែងមួយសម្រាប់ហ្វឹកហាត់ និងចាប់ផ្តើមជិះសេះសាជាថ្មី ហើយមិនយូរប៉ុន្មាន កីឡានេះបានក្លាយជាផ្នែកសំខាន់មួយនៅក្នុងជីវិតខ្ញុំ»។

គោលបំណងចម្បងមួយទៀតពាក់ព័ន្ធទៅនឹងចំណូលចិត្តលើកីឡាជិះសេះ ជាពិសេស ក្រោយពេលក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា និងជាអគ្គលេខធិការរងនៃសហព័ន្ធកីឡាជិះសេះកម្ពុជាផងដែរនោះ អ្នកជំនាញវ័យក្មេងរូបនេះបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងបង្កើតឱ្យមានទីលានជិះសេះខ្នាតអន្តរជាតិមួយនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាអាចបង្កើនសមត្ថភាពកូនខ្មែរផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍កីឡាជិះសេះកម្រិតអន្តរជាតិឱ្យខាងតែបាន។

លោក អ៊ឹង វិរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាដៃគូយ៉ាងសំខាន់នៅក្នុងដំណើរការកម្មវិធីប្រកួតស្ថាបត្យកម្មនៃទីលានជិះសេះខ្នាតអន្តរជាតិលើកដំបូងនៅកម្ពុជា បានលើកឡើងថា ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង នៅក្នុងវិស័យកីឡាជិះសេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺ ជីប ម៉ុង មានឆន្ទៈនៅក្នុងការចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កូនខ្មែរ ជាពិសេស សិស្ស-និស្សិត ដែលត្រៀមបញ្ចប់ និងបានបញ្ចប់ ជំនាញផ្នែកស្ថាបត្យកម្ម មានឱកាសបង្ហាញពីទេពកោសល្យ និងភាពប៉ិនប្រសប់ក្នុងការរចនាប្លង់ដែលជាស្ថាបត្យកម្មខ្មែរ បែបទំនើប និងមានបង្ហាញពីអត្តសញ្ញាណខ្មែរទៅកាន់ឆាកអន្តរជាតិ។

លោកអគ្គនាយកបន្តវេនវ័យក្មេងរូបនេះបានសង្កត់ធ្ងន់ថា ៖

«មិនមែនត្រឹមតែពេលនេះ ឬពេលណានោះទេ ខ្ញុំនឹងបន្តចូលរួមគាំទ្រនៅក្នុងវិស័យផ្សេងទៀត ជាពិសេសពាក់ព័ន្ធទៅនឹងការបង្ហាញពីសមត្ថភាពកូនខ្មែរ សមិទ្ធផលបង្កើតឡើងដោយកូនខ្មែរ ដែលបញ្ជាក់ពីអត្តសញ្ញាណ និងវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ យើងត្រូវចូលរួមទាំងអស់គ្នា ហើយមើលវិស័យឱ្យវែងឆ្ងាយ។ ខ្ញុំចង់ឃើញនៅថ្ងៃខាងមុខនេះ រាល់សមិទ្ធផលនៃសំណង់អគារនានាប្រមាណ ៩០ភាគរយ គឺជាស្នាដៃរបស់កូនខ្មែរ»។

ដោយឡែក លោក អ៊ុក សេងហាប់ ប្រធានក្រុមហ៊ុន Lay Green ដែលជាសមាភាពចូលរួមគាំទ្រកម្មវិធីប្រកួតស្ថាបត្យកម្មនៃទីលានជិះសេះខ្នាតអន្តរជាតិមួយនេះផងដែរនោះ បានបង្ហាញពីទស្សនទានទៅកាន់បេក្ខភាពទាំង៦០០នាក់ដែលបានដាក់ពាក្យចូលប្រកួតថា ស្ថាបត្យកម្មគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីយុគសម័យមួយទៅសម័យមួយ មិនថា សម័យអង្គរ សម័យសង្គមរាស្ត្រនិយម សម័យសម្ដេចតេជោ ឬក្នុងយុគសម័យថ្មីនេះនោះទេ។ ស្ថាបត្យកម្ម មិនបានបង្កើតឡើងដោយការចម្លងពីអតីតកាលនោះទេ ប៉ុន្តែវាធ្វើឱ្យយើងនឹកឃើញអតីតកាល ខណៈពេលដែលវាបង្ហាញផ្លូវទៅកាន់អនាគតថ្មី។

លោកបញ្ជាក់ថា ៖

«អត្តសញ្ញាណខ្មែរ មិនមែនជាអ្វីដែលយើងបន្ថែមលើអគារនោះទេ ប៉ុន្តែគឺជាអ្វីដែលធ្វើឱ្យអគារនោះក្លាយជាស្ថាបត្យកម្មខ្មែរ។ ស្ថាបត្យកម្ម មិនមែនជារឿងដែលបង្កើតបានតែក្នុងមួយជំនាន់នោះទេ។ មនុស្សមួយជំនាន់ចាប់ផ្តើម – ជំនាន់បន្ទាប់បន្ត – ហើយជំនាន់ក្រោយទៀត នឹងបន្តអភិវឌ្ឍ»។

សូមបញ្ជាក់ថា កម្មវិធីប្រកួតស្ថាបត្យកម្មនៃទីលានជិះសេះខ្នាតអន្តរជាតិលើកដំបូងនៅកម្ពុជាបានប្រកាសបើកដំណើរការនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ Auditorium ក្រុមហ៊ុន ជីប ម៉ុង ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍ ក្រុមហ៊ុនឧបត្ថម្ភគាំទ្រថវិកាសម្រាប់កម្មវិធីប្រកួត មន្ត្រីតំណាងអគ្គលេខាធិការដ្ឋាន គណៈស្ថាបត្យករកម្ពុជា ប្រធានសមាគមស្ថាបត្យករខ្មែរ ព្រមទាំងសិស្ស-និស្សិត ជំនាញផ្នែកស្ថាបត្យកម្មជាច្រើនរយនាក់។

សម្រាប់ការប្រកួត មានបេក្ខភាពចូលរួមប្រកួតជាង ៦០០នាក់ ស្មើនឹង ២០០ក្រុម ដោយវគ្គទី១ ជម្រុះយក ៣០ក្រុម, នៅវគ្គទី២ ជម្រុះយក ១០ក្រុម ហើយវគ្គទី៣ ផ្តាច់ព្រ័ត្រ ប្រកាសលទ្ធផល និងអ្នកទទួលបានជ័យលាភី នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦ ជាមួយរង្វាន់ទឹកប្រាក់ ៥០០០ដុល្លារអាម៉េរិក ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា