ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ភ្នំពេញ ៖ នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើង។ ការសម្រុកទិញនេះបានធ្វើឡើងស្របពេលក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យអនុវត្តតម្លៃប្រេងឥន្ធនៈកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ដែលមានតម្លៃខ្ពស់ខ្លាំងជាងពេលមុន។

Advertisement

លោក ចាយ សុភាព ពលរដ្ឋរស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះថា នៅអំឡុងពេលចុងសប្តាហ៍មុន ពលរដ្ឋមួយចំនួនបានទិញប្រេងសាំងស្តុកទុកនៅផ្ទះ ហើយអ្នកខ្លះរក្សាទុកនៅតាមការដ្ឋាន ដោយបារម្ភអំពីតម្លៃប្រេងសាំងឡើងថ្លៃ។

លោកថ្លែងបន្ថែមដូច្នេះថា ៖

«ពួកគាត់នាំគ្នាទិញច្រើន រហូតស្ថានីយ៍មួយចំនួនអស់សាំងលក់ មានខ្លះបិទទ្វារ​ និងស្ថានីយ៍ខ្លះទៀតអត់មានសាំងធម្មតាលក់ ហើយលក់តែសាំងស៊ុបពែ»។

លោក ផាន់ ប៉ោទាង ម្ចាស់ស្ថានីយ៍ប្រេងសាំងមួយកន្លែងនៅស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងតាមទូរសព្ទថា កាលពីថ្ងៃសៅរ និងថ្ងៃអាទិត្យ កសិករមួយចំនួនៅស្រុកបាកាន នាំគ្នាទិញប្រេងសាំងស្តុកទុក ចន្លោះ ១០ ទៅ២០កាន ទុកប្រើប្រាស់លើតម្រូវការកសិកម្ម  

លោកថា ៖

«ពួកគាត់នាំគ្នាទិញទុកច្រើន ទុកប្រើប្រាស់លើការងារកសិកម្ម ហើយស្ថានីយ៍ប្រេងសាំងជាច្រើននៅទីរួមស្រុកបាណន់ បានបិទទ្វារ ដោយសារមិនមានសាំងលក់បន្ត ហើយស្តុកថ្មីក៍មិនទាន់មកដល់»។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានលើកឡើងថា តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់ខ្លាំងក្នុងរង្វង់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល ហើយមានសញ្ញាណមិនមានប្រេងសាំងផ្គត់ផ្គង់គ្រប់គ្រាន់ទៀតផង។

លោកបណ្ឌិត ជ័យ តិច បញ្ជាក់ថា ៖ 

  

«ករណីនេះខ្ញុំគាំទ្រពលរដ្ឋទិញសាំងស្តុកទុកសម្រាប់បម្រើវិស័យកសិកម្ម តែមិនគាំទ្រពលរដ្ឋឆ្លៀតឱកាសទិញទុកចំណេញ ព្រោះវាបង្កឱ្យមានហានិភ័យខ្ពស់ ខណៈអាកាសធាតុក្តៅខ្លាំង»។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាន៍ថា កម្ពុជានៅមិនទាន់ខ្វះប្រេងបម្រុងនៅឡើយ ខណៈសន្និធិបម្រុងអាចផ្គត់ផ្គង់បានរយៈពេល ២១ថ្ងៃ ចំណែកការនាំប្រេងចូលពីទីផ្សារអន្តរជាតិនៅតែបន្តសកម្មភាព។

គួរកត់សម្គាល់ថា ស្ថានីយ៍ចាក់ប្រេងមួយចំនួនបានបិទទ្វារ ឆ្លៀតឱកាសទុកលក់យកចំណេញពេលឡើងថ្លៃ ប៉ុន្តែស្ថានីយ៍ភាគច្រើននៅលក់ធម្មតា។ ករណីនេះឯកឧត្តមរដ្ឋមន្រ្តី អំពាវនាវពលរដ្ឋកុំឱ្យមានការជ្រួលច្របល់ទិញប្រេងទុក ព្រោះអាចមានហានិភ័យខ្ពស់ ចង់ចំណេញតិច តែខាតបង់ច្រើន ប្រសិនបើមានគ្រោះអគ្គីភ័យដោយសារការឆាបឆេះនៃប្រេងសាំង។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា ​តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ៍ អនុវត្តចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់ស្របតាមរូប​មន្តកំណត់​តម្លៃ ​ដែលបាន​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុនប្រេងឥន្ធនៈ ​និង​ផ្អែក​លើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។​

​តម្លៃប្រេងសាំងធម្មតា លក់រាយ ​៤៤០០ រៀល ក្នុងមួយលីត្រ ​ ប្រេងម៉ាស៊ូត ​៥១៥០ ​រៀល ​ក្នុង​មួយ​លីត្រ ​អនុវត្តចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ​ខែមីនា ឆ្នាំ២០២៦៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា