ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ភ្នំពេញ ៖ នៅទីបំផុត​ផ្លូវជាតិ​លេខ​១០ ដែលតភ្ជាប់ពីខេត្ត​បាត់ដំបង ដល់​ខេត្តកោះកុង​ ត្រូវបាន​ដាក់សម្ពោធឱ្យដំណើរ​ការ​ជាផ្លូវការ​នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៦​នេះ ក្រោមអធិបតីភាពសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវ​ជាតិមួយខ្សែនេះ ត្រូវ​បានសាងសង់​ឡើង​ដើម្បីតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ និង​ភាគនិរតីនៃប្រទេស​កម្ពុជា ។

ផ្លូវជាតិលេខ​១០ ត្រូវ​បាន​បើកការដ្ឋានសាងសង់​នៅឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។​ ផ្លូវជាតិលេខ​១០ មានប្រវែង​សរុប​១៩៨​គីឡូម៉ែត្រ​កាត់តាម ៣ខេត្ត ចាប់ពី​ស្រុកសំឡូត​ខេត្តបាត់ដំបង​ កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្ជាប់ទៅផ្លូវជាតិលេខ​៤៨ ក្នុង​ខេត្តកោះកុង ដោយប្រើប្រាស់ថវិកាជាង​ ២៥២​លានដុល្លារអាម៉េរិក ដែលក្នុងនោះមានមួយផ្នែកធំបានមកពីឥណទាន​របស់​រដ្ឋាភិបាល​ចិន និងមួយផ្នែកទៀត​ជា​ថវិកា​របស់រដ្ឋាភិបាល​កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម​ឡើយ ខេត្តពោធិ៍សាត់​ គឺជា​តំបន់ដែលមានសង្គ្រាមស៊ីវិល ប៉ុន្តែក្រោមនយោ​បាយឈ្នះឈ្នះរបស់សម្ដេច​តេជោ ខេត្ត​នេះ​ក៏មានភាពរីកចម្រើន​ឆាប់រហ័ស​ ជាមួយនឹង​សក្ដានុពល​ខ្ពស់​សម្រាប់ទាក់ទាញការ​វិនិយោគនិងការអភិវឌ្ឍធម្មជាតិ ។​ ដោយឡែក ផ្លូវ៥៥ អតីត​ផ្លូវ​៥៦ ជា​តំបន់ដែលមានប្រវត្តិ​ប្រយុទ្ធគ្នា​ខ្លាំង​ចាប់ពីឆ្នាំ១៩៧៩ ដល់​ឆ្នាំ ១៩៩០ ហើយ​ក៏បាន​ប្រែក្លាយទៅជា​តំបន់ដែលមានការអភិវឌ្ឍ។​

សម្ដេច​ធិបតីបានបន្ថែមថា សម្រាប់ការ​សាងសង់​ផ្លូវជាតិលេខ​១០នេះ គឺជាការ​សម្រេច​ចិត្ត​ដ៏ត្រឹមត្រូវ​របស់សម្ដេចតេជោ ដែលជំរុញការតភ្ជាប់​តំបន់​ភាគពាយព្យ និងតំបន់​ឆ្នេរសមុទ្រ​​ភាគនិរតីនៃប្រទេសកម្ពុជា ។​

ផ្លូវជាតិលេខ​១០ ត្រូវបានសាងសង់​ជា​ប្រភេទផ្លូវ​ DBST High Way Grade 3 និងជាប្រភេទផ្លូវចាក់​បេតុង​ សរសៃដែក​ ដែលមានគន្លងធ្វើចរាចរណ៍ ២គន្លងទៅមក ។ ជាមួយនឹង​ការ​សាងសង់ផ្លូវជាតិលេខ​១០​នេះ ក៏មានរួមបញ្ចូល​ការ​សាងសង់​ស្ពានខ្ពស់ជាង​គេ​នៅកម្ពុជា ដែលមានកម្ពស់​៩០​ម៉ែត្រ​ដោយបានប្រើប្រាស់ថវិកាជាតិជាង​២៥លានដុល្លារអាម៉េរិក និ​ងត្រូវបានប្រសិទ្ធនាម​ថា​ ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ​ ដើម្បីគោរពដឹងគុណ​ដ៏ជ្រាលជ្រៅបំផុតដល់វិរភាពរបស់សម្ដេច​តេជោ អតីត​នាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការ​បង្រួបបង្រួម​ជាតិ និងការ​ដឹកនាំប្រទេសពីបាតដៃទទេ​រហូតដល់មានការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ និង​បន្តមានភាពរីកចម្រើនឥតឈប់ឈរ​ទោះ​ក្នុងកាលៈទេសៈលំបាកយ៉ាងណា​ក៏ដោយ ។

សម្ដេច​ធិបតីបានបញ្ជាក់​បន្ថែមថា គម្រោង​ផ្លូវជាតិលេខ​១០ នឹ​ងផ្ដល់​ផល​ចំណេញផ្នែក​សេដ្ឋកិច្ចខ្ពស់ តាមរយៈការ​កាត់បន្ថយ​ពេលវេលា​ ថ្លៃដឹកជញ្ជូន​តាមទិសពាយព្យ និង​បង្កើនទេសចរណ៍ ​និងកាលានុវត្តភាពផ្សេងទៀត​ ជាក់ស្ដែង​ គម្រោងផ្លូវជាតិលេខ​១០នេះ កាត់បន្ថយការដឹកជញ្ជូន​ប្រមាណ៣០៦គីឡូម៉ែត្រ​ បើសិនជាគិត​ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ​និងប្រមាណ ២៣០ គីឡូម៉ែត្រ​ បើសិនគិតពី​ខេត្តពោធិ៍សាត់ទៅខេត្តកោះកុង​ និងប្រមាណ​៣៧២គីឡូម៉ែត្រ​ គិតពីខេត្តប៉ៃលិន​ទៅខេត្តកោះកុង​ ។

លោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធាន​សមាគម​ភស្តុភារកម្មកម្ពុជាបានលើកឡើងថា រាល់ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា​បានជួយសម្រួលដល់ការ​ដឹកជញ្ជូន​ច្រើន ហើយបានកាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ដើម ។

លោក​ឧញ៉ា​បន្តថា នៅពេលណាដែល​ថ្លៃដើម​ក្នុងការដឹកជញ្ជូន​ចំណាយអស់តិច រាល់​ផលិតផល​ដាក់​លក់នៅលើទីផ្សារ​នឹងត្រូវធ្លាក់​ចុះថោកជាងមុន ដែលធ្វើឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បានផល​ចំណេញ ដោយសារតែចំណាយតិច​ជាងមុន ហើយអាចសន្សំសំថៃថវិកាបានមួយចំនួន។ ដូច្នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមិនថា​ផ្លូវ​ថ្នល់ ស្ពាន​ ឬគម្រោងផ្លូវទឹក នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​បានមួយចំណែកធំ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា