គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

Advertisement

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នេះ។

ការចុះពិនិត្យមានការចូលពីរួមសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឈា ប៊ុនរិទ្ធ បានថ្លែងថា ៖

“គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី ២ មានប្រវែងសរុប ១៥១,៦ គីឡូម៉ែត្រ ដោយចាប់ផ្តើមតភ្ជាប់ពីព្រែកពោធិ៍ នៃទន្លេបាសាក់ រហូតដល់ឆ្នេរសមុទ្រនៃខេត្តកែប។”

ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែរណបថ្មីៗ។ ដោយឡែក ក្នុងវិស័យធនធានទឹក គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធធារាសាស្ត្រ បង្កើនផលិតកម្មកសិកម្ម រំដោះទឹកជំនន់ និងធានាបាននូវសន្តិសុខទឹកសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយព្រែក ប្រកបដោយចីរភាព។

ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្នុងកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់សារព័ត៌មាន Hello Guangxi កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថា រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ តែងបន្តយកចិត្តទុកដាក់អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយពុំមានពេលអាក់ខានម្តងណាឡើយ។

ឯកឧត្តម ក៏បានថ្លែងនូវសារដ៏សំខាន់ដែលបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមោះមុតបំផុតរបស់សម្តេចមហាបវរធិបតី ក្នុងការសម្រេចឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់ជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

គួររំលឹកថា គម្រោង«ព្រែកជីកហ្វូណនតេជោគ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។

ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា